ព័ត៌មានជាតិ
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២២។

ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” មានសារៈប្រយោជន៍ដូចជា នឹងផ្តល់៖
១) កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនិងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌល គិរី” នៅលើទីផ្សារជាតិ និងអន្តរជាតិ ។
២) អភិរក្សចំណេះដឹង-ចំណេះធ្វើ និងទេពកោសល្យតាមបែបប្រពៃណីរបស់ប្រជាកសិករ និងសហគមន៍ជនជាតិពូនង ក្នុងខេត្តមណ្ឌលគិរី តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ។
៣) ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ចូលរួមអភិរក្សតំបន់ព្រៃការពារ និងធនធានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរ
៤) លើកកម្ពស់គុណភាព និងស្តង់ដារអនាម័យនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ។
៥) បង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម នឹងបន្តគាំទ្រ និងស្វែងរកជំនួយតាមរយៈកិច្ចសហការពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)និងដៃគូអភិវឌ្ឍន៍នានាដើម្បីបន្តអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” តាមរយៈការបណ្តុះបណ្តាលសមាជិកសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី អំពីយុទ្ធសាស្រ្តទីផ្សារការគ្រប់គ្រង ការវេចខ្ចប់ និងការកសាងកេរ្តិ៍ឈ្មោះម៉ាក។
ក្រសួងពាណិជ្ជកម្មបន្តជំរុញរៀបចំការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ជាអន្តរជាតិ ក្រោមច្បាប់ស្តីពី ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន ស្តីពីប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅបណ្តាប្រទេសនានា ដើម្បីឱ្យទំនិញសម្គាល់ភូមិសាស្រ្ត “ទឹកឃ្មុំព្រៃមណ្ឌលគិរី” មានសក្តានុពលទាំងនៅលើទីផ្សារជាតិនិងអន្តរជាតិ។

ក្រសួងពាណិជ្ជកម្ម ក៏នឹងបន្តកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី”ឱ្យក្លាយជាគោលដៅទេសចរណ៍តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី មូលដ្ឋានផលិតកម្ម និងទីកន្លែងប្រមូលផលទឹកឃ្មុំ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ស្របតាមផែនការមេ ស្តីពី ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១ ដល់ឆ្នាំ ២០៣៥ របស់រាជរដ្ឋាភិបាល។
ទឹកឃ្មុំព្រៃមណ្ឌលគិរី មានតម្លៃប្រមាណ២០ដុល្លារទៅ៣០ដុល្លារក្នុងមួយលីត្រ។ ក្នុងឆ្នាំនេះការប្រមូលផលទឹកឃ្មុំព្រៃមណ្ឌលគិរី បានប្រមាណ១០០តោន។ ក្នុងមួយឆ្នាំការប្រមូលផលទឹកឃ្មុំ ដែលសុទ្ធល្អបាន១ម្តងប៉ុណ្ណោះ គឺចាប់ពីខែមីនា ដល់មិថុនា។ ដោយឡែកចាប់ពីខែ មិថុនាទៅ គឺជាប្រភេទទឹកឃ្មុំខែវស្សា ដែលមានជាតិទឹកច្រើន។ ការប្រមូលផល និងផលិត«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានធ្វើឡើងដោយសហគមន៍ចំនួន១១ ក្នុងខេត្តមណ្ឌលគិរី ដែលមានសមាជិកប្រមាណជាង២០០០ពាន់គ្រួសារ។
អត្ថបទ៖ ទួន សុផល



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?