ព័ត៌មានជាតិ
អ្នកវិភាគ ៖ ការឃោសនា «ប្រជាភិថុត» អាចជះឥទ្ធិពលតិចតួចប៉ុណ្ណោះ ក្នុងការសម្រេចចិត្តរបស់ពលរដ្ឋ
អ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា បានលើកឡើងថា ការឃោសនាបែប «ប្រជាភិថុត» របស់អ្នកនយោបាយ នៅក្នុងដំណើរការបោះឆ្នោត អាចជះឥទ្ធិពលតិចតួចប៉ុណ្ណោះ ក្នុងការម្រេចចិត្តរបស់ប្រជាពលរដ្ឋ។ ការលើកឡើងនេះ ខណៈគេកត់សម្គាល់ឃើញថា នៅពេលមានការបោះឆ្នោតម្ដងៗ គឺអ្នកនយោបាយមួយចំនួន បានប្រើប្រាស់សារឃោសនាបោកប្រាស់ ឬបែបប្រជាភិថុត ពាក់ព័ន្ធនឹងបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាទឹកដី និងព្រំដែនជាដើម។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ បានលើកឡើងថា រដូវកាលឃោសនាទាមទារកម្ពុជាក្រោម និងការដេញថ្លៃសាំង ជិតចូលមកដល់ទៀតហើយ ខណៈដែលការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៩ ខែមីនានេះថា នៅក្នុងសង្គមនយោបាយ និងចិត្តសាស្រ្ដនយោបាយរបស់កម្ពុជា គឺប្រជាពលរដ្ឋខ្មែរឆាប់ទទួលអារម្មណ៍រំភើប ជាមួយនឹងពាក្យឃោសនាប្រជាភិថុត បែបជាតិនិយមពាក់ព័ន្ធបញ្ហាទឹកដី និងព្រំដែន ជាពិសេសអ្វីដែលប៉ះពាល់ផ្ទាល់ទៅលើជីវភាពរបស់ពួកគាត់ តែម្ដង។
លោកបណ្ឌិត គិន ភា មានប្រសាសន៍បន្តថា ពាក់ព័ន្ធបញ្ហាតម្លៃសាំងឡើងថ្លៃ ជាករណីមួយដែលមានការប៉ះពាល់ផ្ទាល់ ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយ អ្នកនយោបាយមួយចំនួន នឹងប្រើប្រាស់វាជាឧបករណ៍ ជាមធ្យោបាយដើម្បីទាញការគាំទ្រ ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ដែលនេះជារបៀប ដែលអ្នកនយោបាយប្រជាភិថុត តែងតែធ្វើ។
លោកបន្ថែមថា «ក៏ប៉ុន្តែគេអត់ដែលបានគិតអំពីឬសគល់ ដែលនាំឲ្យមានការឡើងថ្លៃសាំង មូលហេតុសំខាន់ៗ នៅពីក្រោយនៃការឡើងថ្លៃសាំង ដែលមានលក្ខណៈជាសកលនោះទេ ហើយម្យ៉ាងវិញទៀត គេក៏ដឹងដែរថា ប្រទេសកម្ពុជា មិនមែនជាប្រទេសផលិតសាំងនោះទេ អញ្ចឹងនៅពេលដែលចរន្តទីផ្សារប្រេងឥន្ធនៈពិភពលោកមានការកើនឡើង ថ្លៃវា កើនឡើង គឺចង់ឬមិនចង់ថ្លៃប្រេងឥន្ធនៈ ថ្លៃសាំង ថ្លៃហ្គាស នៅស្រុកខ្មែរហ្នឹង វាមានការកើនឡើងទៅតាមហ្នឹងហើយ ក៏ប៉ុន្តែពួកអ្នកដែលមាននិន្នាការប្រឆាំងហ្នឹង គាត់ប្រើអាហ្នឹងជាឧបករណ៍ ដើម្បីទាញការចាប់អារម្មណ៍»។
អ្នកវិភាគរូបនេះ បានបន្ថែមទៀតថា នៅក្នុងសង្គមនយោបាយ ឬចិត្តសាស្រ្ដនយោបាយនៅស្រុកខ្មែរ គឺមានជំងឺប្រវត្តិសាស្រ្ដមួយ ពាក់ព័ន្ធនឹងបញ្ហាទឹកដី និងព្រំដែន ដែលអ្នកនយោបាយមួយចំនួន ដឹងអំពីចំណុចខ្សោយរបស់ប្រជាពលរដ្ឋខ្មែរ។
ត្រង់ចំណុចលោកបណ្ឌិត គិន ភា បានលើកឡើងថា «គេដឹងចំណុចខ្សោយទាំងអស់ហ្នឹង របស់ប្រជាពលរដ្ឋរបស់យើង ដឹងអារម្មណ៍មនោសញ្ចេតនាជាតិនិយម របស់ប្រជាពលរដ្ឋយើង ដែលងាយស្រួលក្នុងការដុតបញ្ឆេះ ក៏ប៉ុន្តែគេអត់បានព្យាយាមជួយប្រជាពលរដ្ឋ ឲ្យមានឧត្ដមគតិក្នុងការខិតខំប្រឹងប្រែងក្លាយជាពលរដ្ឋល្អ គេប្រើនយោបាយប្រជាភិថុត ញុះញង់ ទោះជាដឹងថា អារបស់ហ្នឹង ទឹកដីហ្នឹង កោះហ្នឹង មិនអាចយកត្រឡប់បានមកវិញ ក៏ដោយ ក៏ប៉ុន្តែគេបំផុសនូវគំនិតជាតិនិយម អាចថាជាតិនិយមជ្រុលក្នុងទិដ្ឋភាពខ្លះណា៎ ដើម្បីទាញបានូវការចាប់អារម្មណ៍ ដើម្បីឲ្យប្រជាពលរដ្ឋយល់ថា ខ្លួនជាអ្នកស្នេហាជាតិ ជាអ្នកស្រលាញ់ទឹកដី ជាអ្នកដែលមានឆន្ទះ មនសិកា ចង់បានត្រឡប់មកវិញនូវទឹកដី ដែលបានបាត់បង់ទៅអតីតកាល»។
បើតាមលោកបណ្ឌិត គិន ភា ចំពោះការឃោសនាបែបប្រជាភិថុត របស់អ្នកយោបាយមួយចំនួន គឺអាចជះឥទ្ធិពលតិច តួចប៉ុណ្ណោះ ក្នុងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ នៅពេលបោះឆ្នោតម្ដងៗ។ លោកកត់សម្គាល់ថា «បើសិនជាគាត់ ប្រើអាហ្នឹងជោគជ័យ គាត់ជោគជ័យយូរហើយ គាត់ប្រើតាំងពីឆ្នាំ ៩៣ (១៩៩៣) មកម្លេះ នៅពេលដែលកម្ពុជា រៀបចំការបោះឆ្នោតដំបូងដោយអ៊ុនតាក់ ហើយក្រោយមកទៀត យើងរៀបចំការបោះឆ្នោតដោយខ្លួនឯងហ្នឹង មេសូត្រសម្រាប់ឃោសនានយោបាយរបស់គណបក្ស និយាយរួមទៅ គឺថាគណបក្សដែលមាននិន្នាការ ប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា គឺប្រើតែរូបមន្តហ្នឹងជាប់រហូតមកហ្នឹង ហើយបើជោគជ័យនោះ គួរតែបានកាន់អំណាចមួយអាណត្តិកន្លងមកហើយ វាមិនជោគជ័យអីជាដុំគំភួនទេ»។
យ៉ាងណាក៏ដោយ ការឃោសនាបែបប្រជាភិថុតនេះ វានឹងបង្កើតឲ្យមានសតិអារម្មណ៍ក្នុងសង្គម ដែលនឹងធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួន មិនសូវមានគំនិតសុទិដ្ឋិនិយម ជាមួយនឹងប្រទេសជាតិរបស់ខ្លួនឯង៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?