ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ កន្លែងកម្សាន្តបង្កើតថ្មីច្រើន កំណើនភ្ញៀវទេសចរនឹងកើនឡើងខ្ពស់ថ្ងៃចូលឆ្នាំ
អ្នកនាំពាក្យក្រសួងទេសចរណ៍ បានលើកឡើងថា ក្រោយស្ថានភាពជំងឺកូវីដ-១៩ កាន់តែមានភាពធូរស្រាលពីមួយថ្ងៃទៅមួយថ្ងៃ កំណើនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ កាន់តែកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃបុណ្យចូលឆ្នាំខាងមុខ នឹងមានពលរដ្ឋចេញដើរកម្សាន្តច្រើន នៅទូទាំងប្រទេស។

ការរំពឹងភ្ញៀវទេសចរចេញកម្សាន្តច្រើន នៅថ្ងៃបុណ្យចូលឆ្នាំខាងមុខ ដោយផ្អែកលើការអភិវឌ្ឍតំបន់គោលដៅទេសចរណ៍ថ្មីៗជាច្រើន និងការខកខានចេញកម្សាន្តរយៈពេលពីរឆ្នាំផងនោះ ពលរដ្ឋនឹងចាប់ផ្តើមចេញដើរកម្សាន្តឡើងវិញ បើទោះជាសាំងឡើងថ្លៃនាកាលៈទេសៈនេះក្តី។ នេះជាការបញ្ជាក់របស់លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍។
ថ្លែងប្រាប់កម្ពុជាថ្មី( Kampuchea Thmey Daily) ថ្ងៃទី ៣០ ខែ មីនា លោក តុប សុភ័ក បានឲ្យដឹងថា គិតចាប់ពីខែ មករា រហូតដល់ខែមីនា ក្នុងឆ្នាំ ២០២២នេះ ភ្ញៀវទេសចរណ៍ចេញកម្សាន្តនៅថ្ងៃចុងសប្តាហ៍ជាមធ្យមមានជាង ២០ម៉ឺននាក់ រៀងរាល់សប្តាហ៍។

ដោយឡែកភ្ញៀវទេសចរអន្តរជាតិ ក៏មានកើនឡើងជាមធ្យមក្នុងមួយថ្ងៃជាង ១ពាន់នាក់ ដោយក្នុងនោះ ជើងហោះហើរមានជាង ៩០ជើង ក្នុងមួយសប្តាហ៍។ អ្នកនាំពាក្យ បានគូសបញ្ជាក់ថា នេះសញ្ញាល្អប្រសើរនៃវិស័យទេសចរណ៍ ទោះជានៅមានបញ្ហាប្រឈមខ្លះៗក្តី។
លោក សុភ័ក បន្តថា «ជាចក្ខុវិស័យយើងមិនទាន់អាចស្តារវិស័យទេសចរណ៍ឲ្យវិលទៅរកប្រក្រតីភាពបានភ្លាមៗវិញទេ សម្រាប់ទេសចរក្នុងស្រុក អាចមានសន្ទុះលឿនជាងទេសចរអន្តរជាតិ ដែលយើងអាចនិយាយបានថា ទេសចរក្នុងស្រុកកើនឡើងជាទម្រង់អក្សរ V (ឡើងលឿនជាង) ឯទេសចរអន្តរជាតិទម្រង់អក្សរ U មានការកើនឡើងយឺត»។
តាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍ វិស័យនេះ អាចត្រឡប់ទៅរកដូចដើមវិញត្រូវប្រើពេលយ៉ាងហោចណាស់ដល់ឆ្នាំ ២០២៧ ទើបស្ថានភាពដូចមុនកូវីដឡើងវិញ។
បើតាមអ្នកនាំពាក្យ តំបន់ទេសចរណ៍សំខាន់ៗ ដែលអាចទាក់ទាញភ្ញៀវទេសចរច្រើន មានដូចជា តំបន់សមុទ្រ មាននៅខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ក្រៅពីនេះ មានតំបន់បេតិកភណ្ឌនៅខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ជាដើម។ លើពីនេះទៀត មាននៅតំបន់អេកូទេសចរណ៍ ខេត្តមណ្ឌលគិរីផងដែរ។
ជាយុទ្ធសាស្រ្តជំរុញវិស័យទេសចរណ៍ ឲ្យកើនឡើងឆាប់រហ័ស ក្រសួងបានបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញការតភ្ជាប់ជើងហោះហើរ រួមទាំងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធនានា តាមរយៈការផ្តល់សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពនៅតាមគោលដៅទេសចរ។
ដូចគ្នានេះដែរ លោក ហូរ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា មហាសង្រ្កាន្តឆ្នាំថ្មី ឆ្នាំនេះនឹងអធិកមានមនុស្សចេញកម្សាន្តច្រើន ដោយសារ ឆ្នាំ ២០២០-២០២១ មិនបានប្រារព្ធពិធីចូលឆ្នាំ។ លោកបន្តថា «ទោះបីជាតម្លៃប្រេងសាំងឡើងថ្លៃយ៉ាងណាក្តី មិនអាចបង្អាក់ដំណើរពលរដ្ឋ ឬភ្ញៀវទេសចរបានទេ ពីព្រោះ ពួកគាត់ខកខានដើរកម្សាន្ត និងជួបជុំគ្រួសារនៅថ្ងៃចូលឆ្នាំរយៈពេល២ឆ្នាំហើយ»៕
អទ្ថបទ៖ ទួន សុផល




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង