Connect with us

ព័ត៌មានជាតិ

សង្ក្រាន្តសៀមរាប ត្រៀមរៀបចំ នៅ ២ កន្លែង អមដោយកម្មវិធីប្លែកៗមួយចំនួន

បានផុស

នៅ

រដ្ឋបាលខេត្ត​សៀមរាប​សហការ​ជាមួយ​សហភាព​សហព័ន្ធ​កម្ពុជា​ខេត្ត​នឹង​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ឆ្នាំ​ ២០២២ នៅ ២ ទីតាំង អមដោយកម្មវិធីប្លែងពីឆ្នាំមុនៗ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំខាលនេះ និង​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍ និង​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ឱ្យមាន​សកម្មភាព​ឡើងវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចំណាន នាយករដ្ឋបាល​ខេត្តសៀមរាប​ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ​នៅរសៀល​ថ្ងៃទី​៣០ ខែមីនានេះ​ថា មិនមានព្រឹត្តិការណ៍ថ្នាក់ជាតិ ឬ អង្គរសង្ក្រាន្តទេ ប៉ុន្តែចូលឆ្នាំខ្មែរខាងមុខនេះ ខេត្តសៀមរាបនឹងរៀបចំពិធីសង្ក្រាន្តសៀមរាប នៅ ពីរទីតាំង។

លោក ស៊ុន ចំណាន មានប្រសាសន៍ថា៖ “ទី១ នៅក្នុងក្រុងសៀមរាប ទី២ នៅប្រាសាទចៅសាយចៅទេវតា ដែលមានកម្មវិធីកម្សាន្ត និងប្លែកៗជាច្រើនដូចជា កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធី ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈ នៅលើផែទឹក និងការប្រគុំតន្រ្តីខ្នាតយក្សពីរកន្លែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២-១៦ ខែមេសា”។

នាយករដ្ឋបាល​ខេត្តសៀមរាបរូបនេះ បានលើកឡើងថា រដ្ឋបាលខេត្តផ្សព្វផ្សាយឱ្យមហាជនអនុវត្ត ៣កុំ ៣ការពារ ដើម្បីបង្ការជំងឺកូវីដ-១៩ បើទោះបីប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងពេញលេញ និងកាលបុណ្យឆ្លងឆ្នាំសាសកកន្លងទៅមិនមានបញ្ហាអ្វីកើតឡើងក៏ដោយ។ ចំពោះ​​អាហារហូបចុក ប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន អាចផ្គត់ផ្គង់បាន ចំណែកបញ្ហាឡើងថ្លៃខ្លាំងនោះ មិនធ្លាប់កើតមាននៅខេត្តសៀមរាប។ ​

លោក ស៊ុន ចំណាន រំពឹងថា៖ “ក្នុងឱកាសពិធីបុណ្យចូលឆ្នាំនេះ ខេត្តសៀមរាប នឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត ខណៈកាលបុណ្យឆ្លងឆ្នាំសាកល មានភ្ញៀវជាង ២០ ម៉ឺននាក់ ស្របពេល​ខេត្ត​ក៏បាន​រៀបចំ​ផ្លូវ​ទាំង ៣៨​ ខ្សែ​រួចរាល់​ហើយ ដោយ​នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៤ ខែមេសា ខាងមុខ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន​”។

គួរបញ្ជាក់ថា បន្ទាប់ពីក្រុមការងារបច្ចេកទេសបានសាងសង់ផ្លូវទាំង ៣៨ ខ្សែ និងរៀបចំប្រព័ន្ធលូបំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍រួចរាល់ ១០០% ហើយ ក្រុមការងារបានសម្អាតបរិស្ថាន រៀបចំតុបតែង កែលម្អបន្ថែមទៀតដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម