ព័ត៌មានជាតិ
បញ្ជាក់មូលហេតុស្ពានអាកាសចោមចៅ មិនមានផ្លូវភ្ជាប់ពីផ្លូវជាតិលេខ ៣ មកផ្លូវជាតិលេខ ៤
ក្រោយផ្លូវអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅបានសាងសង់រួចជាស្ថាពរនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាជននិងអ្នកដំណើរបានលើកយកយកបញ្ហាបច្ចេកទេសដែលមិនមានភ្ជាប់ផ្លូវបត់ពីផ្លូវជាតិលេខ ៣ មកផ្លូវជាតិលេខ ៤ ខណៈការដ្ឋានស្ពានអាកាសនិងផ្លូវក្រោមដីបានបញ្ចប់និងដាក់ឲ្យប្រើប្រាស់ហើយនោះ។
ជុំវិញបញ្ហានេះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់មូលហេតុថា ដោយសារផ្លូវជាតិលេខ៣ប្រសព្វផ្លូវជាតិលេខ ៤ ត្រង់ទីតាំងស្ពានអាកាសចោមចៅមានរាងស្រួច ច្រមុះជ្រូក ហើយក្រុមសិក្សាបានរាប់ចំនួនចរាចរយានយន្តបត់ឆ្វេងពីផ្លូវជាតិលេខ ៣ ទៅផ្លូវជាតិលេខ៤ ឃើញមានចំនួនតិចតួចបំផុត។ ម្យ៉ាងទៀតហេតុផលដោយសារហេតុថាគម្រោងប្លង់ទិស ផ្លូវជាតិលេខ៣ បត់ចុះពីស្ពានមកផ្លូវជាតិលេខ៤ រងផលប៉ះពាល់ដល់កំពស់ផ្លូវឡើងចុះ នៃយន្តហោះរួមទាំងផលប៉ះពាល់ផ្ទះជាច្រើនជាប់ព្រលានយន្តហោះផងនោះ ទើបគម្រោងស្ពានអាកាសកោងនេះត្រូវផ្អាកបណ្តោះអាសន្ន។
បើតាមមន្ទីរសាធារណការបានបញ្ជាក់ទៀតថា តាមការជាក់ស្តែងពីមុនក៏ដូចបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនតែងតែធ្វើចរាចរពីផ្លូវជាតិលេខ៣ មកផ្លូវជាតិលេខ៤ តាមផ្លូវបត់ឆ្វេងត្រង់ស្ថានីយ៍ប្រេង TOTAL ភូមិក្រាំងដូនទៃ និងផ្លូវបត់ឆ្វេងភូមិព្រៃព្រីងខាងត្បូង ២ ឆ្ពោះមកចេញផ្លូវជាតិលេខ៤តាមផ្លូវបុរីមនោរម្យ ឬផ្លូវក្រវ៉ាត់ក្រុងទី៣ថ្មីដែលកំពុងសាងសង់ចេញមកប្រសព្វផ្លូវជាតិលេខ៤ត្រង់ មហាវិថី ឈ្នះឈ្នះ ភូមិជម្ពូវ័ន្ត។
ក្រៅពីផ្លូវកាត់ចំនួន ២ខ្សែខាងលើដែលប្រជាពលរដ្ឋបានកំពុងធ្វើចរាចរនោះ យានយន្តក៏អាចធ្វើដំណើរបត់ស្តាំតាមមហាវិថីចោមចៅ ត្រង់ទីតាំងអតីតបញ្ជរបង់ប្រាក់បត់ត្រឡប់ក្រោយមកផ្លូវជាតិលេខ ៤ ក៏បាន។
ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកនេះជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដែលចំណាយថវិកាសាងសង់ចំនួន ២២ លានដុល្លារអាម៉េរិក។
ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការសាងសង់នេះគឺត្រូវបានបែងចែកជា ៣ផ្នែកគឺ ស្ពានទី១-ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងពីរគន្លងមកជម្រាលស្ពាន ៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥,៥ម៉ែត្រ។
ស្ពានទី២-បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវ៉េងស្រេង សម្រាប់ចរាចរមួយទិសដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាសប្រវែង ៤០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥,២៥ម៉ែត្រ។
ស្ពានទី៣-ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវ៉េងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងសម្រាប់រថយន្ត និង មួយគន្លងសម្រាប់ទោចក្រយានយន្ត។ ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវ៉េងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដីប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រាប់ទោចក្រយានយន្ត។
ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវ៉េងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិសដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រាប់ទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រាប់ទោចក្រយានយន្ត។ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវឯកទិសមានទំហំទទឹង ៨,៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវឯកទិសមានទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ ៥,៥ម៉ែត្រ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ