ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មចង់ប្រែ សហគមន៍កសិកម្ម ព្រៃឈើ និងនេសាទ ជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ
លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបំណងចង់ប្រែក្លាយសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍នេសាទទៅជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញទៅថ្ងៃអនាគត ដើម្បីលើកកម្ពស់សេដ្ឋកិច្ច កម្រិតជីវភាពរបស់ប្រជាសហគមន៍ឱ្យកាន់តែប្រសើរ។
នៅក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) នៅទីស្តី ការក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែមីនានេះ លោក វេង សាខុន ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) បានបង្ហាញអំពីការប្តេជ្ញាចិត្ត និងសុឆន្ទៈសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបន្តកិច្ចសហការ ជាមួយគ្រប់ដៃគូដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិអេកូទេសចរណ៍ និងផែនការសកម្មភាពសំខាន់ៗរបស់ គ.ជ.អ.អ ដោយបន្តជំរុញ គាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគវិស័យទេសចរណ៍ អេកូទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ ដោយមិនមើលរំលងគោលការណ៍ប្រឡងប្រណាំង “ទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” រួមទាំងវិស័យកសិកម្មមានដូចជា៖ សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច កម្រិតជីវភាពរបស់ប្រជាសហគមន៍ ដែលប្រកបមុខរបរកសិកម្មជាចម្បង ក្នុងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១- ២០២៣ តាមយុទ្ធសាស្រ្ត “អភិក្រមផ្ការីក” របស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីបានរំលេចអំពីសក្តានុពលនៃសហគមន៍នេសាទ សហគមន៍ព្រៃឈើ និងសហគមន៍កសិកម្ម ដែលអាចប្រែក្លាយទៅជាសហគមន៍អេកូទេសចរណ៍បាននាពេលអនាគត។ ជាក់ស្តែងបច្ចុប្បន្នមានសហគមន៍នេសាទចំនួន ១៣១ ក្នុងចំណោម ៥១៦ ដែលមានសក្តានុពលភាពប្រែក្លាយជាសហគមន៍ទេសចរណ៍ធម្មជាតិ។ ជាមួយគ្នានេះ បច្ចុប្បន្នមានសហគមន៍នេសាទចំនួន ២៧ បាន និងកំពុងដំណើរការទេសចរណ៍ធម្មជាតិនៅតំបន់មាត់ សមុទ្រ និងតំបន់បឹងទន្លេសាបនៅក្នុង ១២ ខេត្ត៖ ក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមាន ជ័យ កំពត ព្រះសីហនុ កែប និងខេត្តកោះកុង។
ចំណែកសហគមន៍ព្រៃឈើ យើងមានចំនួន ៦៤៣ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន ១០៣ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារ ព្រៃ-ឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវាថ្នាក់ជាតិ និងក្រោមជាតិ ដែលអាចអភិវឌ្ឍទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្ត។
រីឯសហគមន៍កសិកម្មចំនួន ១ ២១៧ ក្នុងនោះមានសហគមន៍ផលិតបន្លែចំនួន ២៥៩ និងសហភាពសហគមន៍កសិកម្មចំនួន ១១។ នាពេលអនាគត សហគមន៍កសិកម្មមួយចំនួនអាចនឹងបង្កើតមុខរបរថ្មីមួយដែលហៅថា “កសិ-ទេសចរណ៍” សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរណ៍ក្នុងស្រុក និងបរទេសបានទៅទស្សនាកសិដ្ឋាន។ កសិដ្ឋានដែលសហគមន៍កសកិកម្មអាចផ្តល់ជាកន្លែងឱ្យអ្នកទេសចរណ៍ទៅទស្សនានោះរួមមាន៖ ដំណាំស្រូវ ដំណាំម្រេច ដំណាំបន្លែ ស្វាយកែវរមៀត ស្វាយចន្ទី មៀនប៉ៃលិន និងកៅស៊ូ។ល។ ហេតុដូច្នេះ មានសហគមន៍កសិកម្មមួយចំនួន អាចក្លាយជាសហគមន៍កសិកម្ម កសិ-ទេសចរណ៍ នៅពេលអនាគត ប្រសិនបើសហគមន៍កសិកម្មចង់បង្កើតមុខរបរថ្មីស្តីពី កសិ-ទេសចរណ៍ នៅក្នុងសហគមន៍កសិកម្មរបស់ខ្លួនរួមទាំងសហគមន៍នេសាទ និងសហគមន៍ព្រៃឈើ។
ជាមួយបញ្ហាប្រឈមសំខាន់ៗទាក់ទងការបង្កើត ការអភិវឌ្ឍ ការដឹកនាំ គ្រប់គ្រងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ធ្វើយ៉ាងណាឱ្យសហគមន៍មានការអភិវឌ្ឍប្រកបដោយវិបុលភាព ចីរភាព និងនិរន្តរភាព លោករដ្ឋមន្ត្រីសង្ឃឹម ជឿជាក់ថា កិច្ចប្រជុំនាពេលនេះ មិនត្រឹមតែជួយលើកកម្ពស់ការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសពិភាក្សាផ្លាស់ប្តូរទស្សនៈដើម្បីស្វែងរកវិធីដោះស្រាយបញ្ហាប្រឈមនានាសំដៅឆ្ពោះទៅសម្រេចគោលដៅនៃការគ្រប់គ្រងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ប្រកបដោយចីរភាពតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ក្នុងស្មារតីម្ចាស់ការទទួលខុសត្រូវក្នុងបុព្វហេតុចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនល្បឿនកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍តំបន់ជនបទ ការបង្កើនសក្តានុពលទេសចរណ៍ធម្មជាតិ ឆ្លើយតបទៅនឹងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩-២០៣០៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់