ព័ត៌មានជាតិ
ប្រេសិតពិសេសប្រធានអាស៊ាន និងប្រេសិតអគ្គលេខាធិការ UN ឯកភាពធ្វើការរួមគ្នា ដើម្បីជួយមីយ៉ាន់ម៉ាឱ្យរួចផុតពីវិបត្តិ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងលោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សា អំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អង្គការសហប្រជាជាតិ ក៏ដូចជារវាងប្រេសិតពិសេសទាំងពីរ ដែលជំនួបពិភាក្សាការងារនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេស នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនដៃគូសន្ទនាអំពីសកម្មភាព ការប្រឈមនានា និងលទ្ធផលនៃជំនួបរបស់លោកជាមួយភាគីពាក់ព័ន្ធជាច្រើនក្នុងអំឡុងពេលទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដោយផ្តោតជាសំខាន់ទៅលើអាទិភាពបន្ទាន់ចំនួន៣រួមមាន៖ ដំណើរឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា សម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ និងការកសាង ជំនឿទុកចិត្ត និងបង្កើតបរិយាកាសដើម្បីចាប់ផ្តើមកិច្ចសន្ទនាមួយប្រកបដោយបរិយាប័ន្ន និងស្ថាបនា ក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកត្រូវបានទទួលស្វាគមន៍ជាទូទៅ និងត្រូវបានចាត់ទុកថា ជាដំណើរឆ្ពោះទៅមុខដ៏សំខាន់នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុចរបស់អាស៊ាន។ លោកថា នៅក្នុងអំឡុងពេលពីរថ្ងៃ នៃដំណើរទស្សនកិច្ច លោកទទួលបានការយល់ដឹងពាក់ព័ន្ធជាច្រើន សម្រាប់ដំណើរឆ្ពោះទៅមុខក្នុងការបញ្ចប់អំពើហិង្សា ក្នុងការយល់ដឹងបន្ថែមទៀត អំពីហេតុផលនៅពីក្រោយភាពមិនដូចគ្នានៃទស្សនៈ និងជំហរ ក្នុងចំណោមភាគីពាក់ព័ន្ធ ក៏ដូចជា តម្រូវការ ដើម្បីដោះស្រាយឧបសគ្គនានា ក្នុងការចែកចាយជំនួយមនុស្សធម៌។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តួអង្គនយោបាយខុសៗគ្នា នៃប្រទេសមីយ៉ាន់ម៉ា នៅមិនទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចពិភាក្សានោះទេ និងនៅតែមានការតាំងចិត្តយ៉ាងមុតមាំក្នុងការបន្តការតស៊ូរបស់ពួកគេនៅគ្រប់ទម្រង់ ជាពិសេសតាមរយៈការតស៊ូប្រដាប់អាវុធ។ លោកបន្តទៀតថា វាច្បាស់ណាស់ថា គ្មានដំណោះស្រាយភ្លាមៗចំពោះបញ្ហាដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេស សង្គម និងនៅក្នុងសតិអារម្មណ៍របស់ប្រជាជនមីយ៉ាន់ម៉ានោះទេ។
ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោកស្រីបណ្ឌិត Heyzer អំពីជំហានចំនួន៣ នៃការងារនាពេលបន្ទាប់របស់លោកក្នុងនាមជាប្រេសិតពិសេស៖ ទីមួយ, ការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីជំនួយមនុស្សធម៌ ដែលគ្រោងនឹងរៀបចំនៅដើមខែឧសភា ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ ជាមួយភាគីផ្សេងៗលើរបៀបក្នុងការចែកចាយជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពឱ្យទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុតដោយគ្មានការរើសអើង។ ទីពីរ, អំពីគម្រោងរៀបចំជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង និងទីបី, អំពីដំណើរទស្សនកិច្ចជាលើកទី២របស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រីបណ្ឌិត Heyzer បានពិភាក្សាគ្នាយ៉ាងវែងអំពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ អំពីជំនួយមនុស្សធម៌ និងការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីធានាដំណើរការផ្តល់ជំនួយដោយរលូន និងសុវត្ថិភាព។ ក្នុងន័យនេះ លោកស្រីបណ្ឌិតប្រេសិតពិសេសអង្គការសហប្រជាជាតិ បានធានាចំពោះលោកឧបនាយករដ្ឋមន្ត្រី អំពីការគាំទ្រ និងការចូលរួមយ៉ាងពេញលេញរបស់អង្គការសហប្រជាជាតិ។ ប្រេសិតពិសេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីតួនាទីរបស់ប្រទេសមួយចំនួនក្នុងតំបន់ និងសហគមន៍អន្តរជាតិទាំងមូល ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។

ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ប្រេសិតទាំងពីរបានឯកភាពធ្វើការរួមគ្នាក្នុងការជួយប្រទេសមីយ៉ាន់ម៉ាឱ្យរួចផុតពីវិបត្តិនេះ តាមរយៈកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុចរបស់អាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី និងប្រេសិតអង្គការសហប្រជាជាតិ ក៏បានពិភាក្សាគ្នាផងដែរ អំពីទម្រង់សហប្រតិបត្តិការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដែលត្រូវអនុវត្តដោយអាស៊ាន និងអង្គការសហប្រជាជាតិ និងដោយប្រេសិតពិសេសទាំងពីរ ក្នុងដំណើរការជាជំហានៗ ដោយចាប់ផ្តើមពីការចែកចាយជំនួយមនុស្សធម៌ទៅ។

នៅក្នុងជំនួបនោះដែរ លោកស្រីបណ្ឌិត Heyzer បានទទួលស្គាល់នូវការលំបាកនានា ដែលកម្ពុជាកំពុងប្រឈមក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការបើកផ្លូវសម្រាប់ដំណើរការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ