ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត៖ ការបើកសម្ពោធគ្រាន់តែជានិមិត្តរូប តែអ្វីដែលសំខាន់ គឺជាផលជាក់ស្តែងនៃការប្រើប្រាស់សមិទ្ធផល
លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ ខណៈលោកធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សា និងបណ្ណាល័យនៃគ្រឹះស្ថានសិក្សាចំនួន ៣ រួមមាន វិទ្យាល័យជា ស៊ីម ឈូកវ៉ា ខណ្ឌព្រែកព្នៅ វិទ្យាល័យជា ស៊ីមសាមគ្គី ខណ្ឌទួលគោក និងសាលាបឋមសិក្សាក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ការបើកសម្ពោធថ្ងៃនេះ គឺជានិមិត្តរូបនៃការអបអរសាទរ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺជាផលជាក់ស្តែងនៃការប្រើប្រាស់សមិទ្ធផលទាំងនេះ ដើម្បីបម្រើដល់វិស័យអប់រំដែលជាវិស័យអាទិភាពសំខាន់ រួមចំណែកក្នុងធានានិរន្តភាពនៃការអភិវឌ្ឍ និងឯករាជ្យម្ចាស់ការរបស់ប្រទេសដែលកំពុងបន្តវិវឌ្ឍរីកចម្រើនទៅមុខទាំងផ្នែកសង្គម-សេដ្ឋកិច្ច ជាពិសេសភាពជឿនលឿននៃបច្ចេកវិទ្យា។
លោកថា ឯករាជ្យម្ចាស់ការ សំដៅដល់សមត្ថភាពរបស់កូនខ្មែរក្នុងការដឹកនាំគ្រប់គ្រងលើគ្រប់វិស័យទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ព្រោះចំណេះវិជ្ជា ជាសិទ្ធិអំណាច ជាឥទ្ធិពល និងជាលទ្ធភាពនៃជម្រើសក្នុងការគ្រប់គ្រងដំណើរជីវិតរបស់យើង។ ទន្ទឹមគ្នានេះ ការទទួលបានឱកាសនៃការអប់រំស្មើគ្នាសម្រាប់បុរស-ស្ត្រី ក៏បាននាំមកនូវសង្គមមួយដែលមានសមភាព ការប្រកួតប្រជែង និងភាពច្នៃប្រឌិតខ្ពស់ ដែលជាចលករនៃការអភិវឌ្ឍរីកចម្រើនជឿនលឿន ដូចដែលកើតមានឡើងក្នុងពេលបច្ចុប្បន្ន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងទៀតថា ការអប់រំ គឺជាតម្រូវការជាមូលដ្ឋានចម្បងបំផុតរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ ដែលតែងទន្ទឹងចង់ឱ្យកូនៗបានទៅរៀនសូត្រនៅសាលា ហើយទោះបីជាមានកម្រិតជីវភាពបែបណា ក៏ត្រូវខិតខំតស៊ូដើម្បីឱកាសសិក្សារបស់កូនៗ។ រាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គ្រប់អាណត្តិកន្លងមក តែងបានផ្តល់សារៈសំខាន់ និងអាទិភាពលើវិស័យអប់រំ ដោយអនុវត្តសម្រេចបានសមិទ្ធផលជាច្រើន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនេះ គឺមិនមែនមានតែនៅក្នុងអត្ថបទគោលនយោបាយនោះទេ។ ពិតណាស់ ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹង គឺជាកិច្ចការសំខាន់មួយនៅក្នុងការងារកែទម្រង់វិស័យអប់រំ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ឱ្យដល់ក្មួយៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។

ជាទិសដៅទៅមុខ លោកបណ្ឌិត ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យអប់រំតាមគ្រប់លទ្ធភាព និងក៏បានបើកចំហរឱ្យមានការចូលរួមរបស់វិស័យឯកជនផងដែរ សំដៅបង្កើនការប្រកួតប្រជែងនៅក្នុងវិស័យនេះ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី មានចំណេះដឹង និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស៕
ដោយ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ