ព័ត៌មានជាតិ
កំណើនភ្ញៀវទេសចរឥណ្ឌា នឹងហោះចូលត្រង់មកកម្ពុជាឆាប់ៗ តាមរយៈកិច្ចសហការរវាងប្រទេសទាំងពីរ
ក្រសួងទេសចរណ៍កម្ពុជា បានស្នើទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ ជួយជំរុញចរន្តភ្ញៀវទេសចរពីឥណ្ឌាមកកាន់កម្ពុជាបន្ថែមទៀត ព្រមទាំងស្នើពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការទាក់ទាញលំហូរភ្ញៀវទេសចរចូលមកកម្ពុជា។
ការស្នើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើតាមរយៈលោកស្រីឯកអគ្គរដ្ឋទូត ទេវ្យានី ទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា ដើម្បីជួយជំរុញបន្ថែមទៀតនូវចរន្តភ្ញៀវទេសចរពីប្រទេសឥណ្ឌាមកកាន់កម្ពុជា ពិសេសនៅសៀមរាប-អង្គរ ដែលមានសក្ដានុពលផ្នែកទេសចរណ៍សាសនា និងទេសចរណ៍អាពាហ៍ពិពាហ៍ (Honeymoon) ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកដំណើរការឡើងវិញការផ្តល់ទិដ្ឋការពេលមកដល់ (Visa on arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក រួមជាមួយការលុបចោលកាត្វកិច្ចនៃការធ្វើតេស្តរហ័ស (Rapid Test) និងការធ្វើតេស្ត PCR សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញ។
ទន្ទឹមនឹងនោះ លោក ថោង ខុន ក៏បានជំរុញឱ្យភាគីឥណ្ឌាជួយពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ទៅមកកម្ពុជា-ឥណ្ឌា ដើម្បីគាំទ្រដល់ការជំរុញលំហូរទេសចរពីគ្នាទៅវិញទៅមក ប៉ុន្តែនៅចំពោះមុខនេះគួរត្រូវចាប់ផ្តើមពីការរៀបចំមានហោះហើរមួយសប្តាហ៍ម្តងមកភ្នំពេញ ឬសៀមរាបជាមុនសិន។
លោករដ្ឋមន្ត្រី បានប្ដេជ្ញាថា ភាគីក្រសួងទេសចរណ៍កម្ពុជារីករាយក្នុងការផ្តល់កិច្ចសហការលើការងារនេះយ៉ាងពេញទំហឹង ទាំងកិច្ចសហប្រតិបត្តិការរៀបចំឱ្យមានការផ្លាស់ប្ដូរជើងហោះហើរ និងការតភ្ជាប់ជើងហោះហើរត្រង់។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត ទេវ្យានី ខូប្រាហ្កាដេ បានជម្រាបជូនថា លោកស្រីកំពុងខិតខំពិភាក្សា ក៏ដូចជាជំរុញឱ្យវិស័យឯកជនខាងភាគីឥណ្ឌារៀបចំឱ្យមាន Charter Flight ឬ Direct Flight ពីទីក្រុងណាមួយរបស់ឥណ្ឌាមកកាន់កម្ពុជា ដោយលោកស្រីបានលើកឡើងថា ពេលនេះជាពេលល្អបំផុតសម្រាប់ភ្ញៀវទេសចរឥណ្ឌាក្នុងការមកទស្សនាកម្ពុជា ខណៈកម្ពុជាមានការអភិវឌ្ឍច្រើន ម្យ៉ាងទៀតរាជរដ្ឋាភិបាលក៏បន្ធូរបន្ថយលក្ខខណ្ឌស្ទើរទាំងអស់ពាក់ព័ន្ធនឹងរបាំងនៃការធ្វើដំណើរ។
សូមជម្រាបថា ដោយសារបច្ចុប្បន្នមិនទាន់មានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដូច្នេះភ្ញៀវទេសចរនិងអ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសឥណ្ឌាមកកាន់កម្ពុជា គឺត្រូវផ្លាស់ប្ដូរជើងហោះហើរនៅប្រទេសថៃ ឬសិង្ហបុរី មុននឹងបន្តដំណើរមកដល់កម្ពុជា៕
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច