ព័ត៌មានជាតិ
ថវិកាប្រមាណជាង ១៤០លានដុល្លារ ត្រូវបានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាប ៣៨ ខ្សែ
*ថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងាររៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់
សៀមរាប ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ គណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ កាលពីថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ និងសម្ភារបរិក្ខារបច្ចេកទេសសម្រាប់ស្ថាបនាផ្លូវ ដែលអនុវត្តដោយអង្គភាពសាងសង់ទាំង ០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋានសាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ដើម្បីពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងការអនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល មានប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឱ្យបានទាន់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា គណៈកម្មការអន្តរក្រសួង បានបង្កើតក្រុមការងារបច្ចេកទេសចម្រុះ ដើម្បីចុះត្រួតពិនិត្យ តាមដានលើលក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនេះ និងវាយតម្លៃការងាររបស់អ្នកអនុវត្តការសាងសង់ ដោយចុះពិនិត្យផ្ទាល់ជាប្រចាំនៅតាមអង្គភាពអនុវត្តការសាងសង់នីមួយៗ ដើម្បីឲ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវ តាមគោលការណ៍ និងស្តង់ដារលក្ខណៈបច្ចេកទេស ដែលបានកំណត់ ដោយត្រូវធ្វើការរាយការណ៍ជាប្រចាំរៀងរាល់ ២សប្តាហ៍ម្តង ជូនក្រុមការងារត្រួតពិនិត្យនិងវាយតម្លៃ និងគណៈកម្មការអន្តរក្រសួងផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ឲ្យដឹងពីក្រុមការងារបច្ចេកទេសចម្រុះទទួលបន្ទុកការត្រួតពិនិត្យ ទាំងអស់មានចំនួន ៩ក្រុមផងដែរ រួមមាន ១) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន ១៣ខ្សែអនុវត្តដោយកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ ២)ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៨ខ្សែ អនុវត្តដោយកងវិស្វកម្មតេជោហ៊ុន សែន ខេត្តសៀមរាប ៣) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៦ខ្សែ អនុវត្តដោយកងវិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប ៤) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ ៥) ក្រុមការងារត្រួតពិនិត្យតាមដាន គម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ៦)ក្រុមការងារត្រួតពិនិត្យ តាមដានគម្រោងសាងសង់ផ្លូវចំនួន២ខ្សែ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ៧) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់មិនស្ថិតនៅក្រោមខ្សែផ្លូវទាំង៣៨ខ្សែ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៨)ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបំពាក់សម្ភារកាមេរ៉ាសុវត្ថិភាព អំពូលភ្លើងបំភ្លឺផ្លូវ បរិក្ខារភ្លើងសញ្ញាចរាចរណ៍ និងការដាំដើមឈើ អនុវត្តដោយអគ្គនាយកដ្ឋានសាធារណការ និង៩)ក្រុមការងារសិក្សានគរូបនីយកម្មផ្លូវ គូរប្លង់ ស្ថាបត្យកម្មផ្លូវ លម្ហសាធារណៈ និងរចនាកម្មវត្ថុស្ថាបត្យកម្មនានាដែលទាក់ទងនឹងគម្រោង។

នាឱកាសនោះផងដែរ លោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានណែនាំឲ្យក្រុមការងារស្ថាបនា សាងសង់ផ្លូវត្រូវដាក់ប៉ាណូបញ្ជាក់ពីម្ចាស់គម្រោង និងអ្នកសាងសង់តាមស្តង់ដារ ដើម្បីឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធបានដឹង និងត្រូវរក្សាសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយ បញ្ចៀសនិងសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ ពាក់ឯកសណ្ឋានឱ្យបានសមរម្យ និងប្រើប្រាស់សម្ភារបច្ចេកទេសសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនក្នុងពេលសាងសង់។

សូមជម្រាបជូនថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ចំនួន ៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារ អាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈ ពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។

រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖ ប្រភេទទី១ ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រឡើងវិញ ប្រភេទទី២ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រពីលើ ប្រភេទទី៣ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរ ធ្វើដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ប្រភេទទី៤ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២៥សង់ទីម៉ែត្រ៕
ដោយ ៖ រ៉ាវុទ្ធ













-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង