ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិដាក់ផែនការតាមប្រមាញ់ និងឆែកឆេរអ្នកប្រើប្រាស់អាវុធខុសច្បាប់នៅទូទាំងប្រទេស
អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ផែនការតាមប្រមាញ់ និងឆែកឆេរអ្នកប្រើប្រាស់អាវុធខុសច្បាប់នៅទូទាំងប្រទេស ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា។
ការដាក់ចេញវិធានការនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបទល្មើសមួយចំនួន ដែលជនល្មើសប្រើប្រាស់អាវុធ ភ្ជង់ ប្លន់ គំរាម សម្លាប់ និងប្រើប្រាស់អាវុធរត់ពន្ធគ្រឿងញៀនជាដើម ជាពិសេសករណីថ្មីៗនេះ ដែលជនជាតិចិនមួយក្រុម បានបាញ់ប្រហារគ្នាប្រមាណជាង ១០គ្រាប់ នៅកណ្ដាលទីក្រុងភ្នំពេញ ធ្វើឲ្យជនរងគ្រោះដែលជនជាតិចិនម្នាក់រងរបួសធ្ងន់ ខណ:ជនសង្ស័យបានឡើងជិះរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ។
ការដាក់ផែនការនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃប្រតិបត្តិការប្រចាំត្រីមាសទី ១ ឆ្នាំ ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២នេះ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការរដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា អគ្គស្នងការនគរបាលជាតិ នឹងប្រើប្រាស់កម្លាំងរដ្ឋបាល កម្លាំងជំនាញ កម្លាំងឈរជើង កម្លាំងល្បាត និងប្រើប្រាស់វិធីសាស្រ្តឆែកឆេរអាវុធជាតិផ្ទុះគ្រប់គោលដៅទាំងអស់ នៅតាមបណ្ដារាជធានីខេត្តទូទាំងប្រទេស ដើម្បីធានាការ ពារសន្តិសុខផ្ទៃក្នុង និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ឈានទៅកាត់បន្ថយបទល្មើសនានា នៅក្នុងប្រទេសកម្ពុជាឲ្យនៅកម្រិតទាបបំផុត។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថាពាក់ព័ន្ធទៅនឹងទិសដៅការងារឆ្នាំ ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិវិញ គឺផ្ដោតសំខាន់ទៅលើកិច្ចការងារមួយចំនួន ដូចជា៖ បន្តរក្សាបានស្ថិរភាពសន្តិសុខ ទប់ស្កាត់បាននូវបទឧក្រិដ្ឋឆ្លងដែន ពង្រឹងយ៉ាងរឹងមាំនូវសន្តិសុខផ្ទៃក្នុង ធានាប្រក្រតីភាព ជិវភាពសង្គម និងការពារប្រកបដោយសុវត្ថិភាពទាំងស្រុង នូវស្ថាប័នកំពូលៗ របស់ជាតិ គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ និងឥស្សរជនជាន់ខ្ពស់ ព្រឹត្តិការណ៍សំខាន់ៗជាតិ អន្តរជាតិ ប្រមាណជាង ៣ពាន់លើក ជាពិសេសការពារកិច្ចប្រជុំអាស៊ីអឺរ៉ុប និងការរៀបចំដោយជោគជ័យនូវសន្និសីទអាស៊ានណាប៉ូលលើកទី ៤០ ដែលកងកម្លាំងនគរបាលជាតិកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានដំណើរការទៅដោយរលូន និងទទួលបានជោគជ័យគួរជាទីមោទនៈ៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល