ព័ត៌មានជាតិ
កម្ពុជាកំពុងប្រឈមនឹងការបាត់បង់ធនធានសត្វព្រៃ ដោយសារការបរបាញ់ និងការដាក់អន្ទាក់
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា កម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ នូវការបាត់បង់ធនធានសត្វព្រៃរបស់ខ្លួន ដែលមានតម្លៃមិនអាចកាត់ថ្លៃបានជាសកល ក្នុងពេលអនាគតខាងមុខដោយសារការបរបាញ់ និងការដាក់អន្ទាក់។
ថ្លែងក្នុងសន្និសិទសារព័ត៌មាន ស្តីពី ការបើកយុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៦ ខែមេសា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ការបរបាញ់ និងការដាក់អន្ទាក់ ដែលធ្វើឲ្យមានការបាត់បង់ធនធានសត្វព្រៃនៅកម្ពុជានេះ គឺបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។លោកបានបន្តថា «ប្រសិនបើគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមនឹងការបាត់បង់ធនធានសត្វព្រៃរបស់ខ្លួន ដែលមានតម្លៃមិនអាចកាត់ថ្លៃបានជាសកល ក្នុងពេលអនាគតខាងមុខ»។
លោកថា ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថាន បានមករួមគ្នាលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទ ក្នុងតំបន់ការពារធម្មជាតិ របស់កម្ពុជា។ លោក នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបញ្ឈប់ការទទួលទានសាច់សត្វព្រៃ និងទិញផលិតផលពីសត្វព្រៃដទៃទៀត សំដៅចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់កម្ពុជា ឲ្យនៅស្ថិតស្ថេរគង់វង្ស។
ចំណែកលោក សេង ទៀក ប្រធានអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF បាន មានប្រសាសន៍ថា បច្ចុប្បន្នអន្ទាក់ដែលត្រូវបានគេដោះ នៅតាមតំបន់ការពារធម្មជាតិ បានត្រឹមតែ២០ភាគរយប៉ុណ្ណោះ ហើយចំនួន ៨០ ភាគរយទៀត ដែលជនល្មើសបានដាក់នៅតាមតំបន់ធនធានធម្មជាតិនានា នៅមិនទាន់បានដោះនៅឡើយទេ។
ក្នុងឆ្នាំ ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូ បានដកអន្ទាក់សរុបជាង ៦ម៉ឺនអន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់ប្រមាណជាង ៤ម៉ឺន ត្រូវបានដកចេញពីតំបន់ ការពារធម្មជាតិទាំងនេះ។
គួរបញ្ជាក់ថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងខេត្តស្ទឹងត្រែងនេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ខែ ក្នុងខេត្តចំនួន ៦ ភាគខាងកើតទន្លេមេគង្គរួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ សំដៅកែប្រែឥរិយាបថពលរដ្ឋមួយចំនួន ដែលនិយមហូបសាច់សត្វ និងចូលរួមរកដំណោះស្រាយបញ្ចប់វិបត្តិ អន្ទាក់ នៅក្នុងតំបន់ការពារ ធម្មជាតិកម្ពុជា៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ