Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាស្វាគមន៍​ចំពោះការ​ចូលរួម​ឧបត្ថម្ភ​ការងារ​បោស​សម្អាតមីន

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ​ អនុប្រធានទី១​ អាជ្ញាធរមីន បានលើកឡើងថា​ កម្ពុជាស្វាគមន៍​ចំពោះ​ការ​ចូលរួមពីគ្រប់ភាគី​ និងគ្រប់ផ្នែកទាំងអស់​ ក្នុងការឧបត្ថម្ភគាំទ្រ​ដល់ការងារបោស​សម្អាតមីន​មនុស្ស​ធម៌នៅកម្ពុជា ឆ្ពោះទៅរកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី កាលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់​អាជ្ញាធរ​មីន ក្នុងឱកាសអញ្ជើញជាអធិបតី​ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា​រវាងអាជ្ញាធរ​មីន និងក្រុមហ៊ុន VIRTUS MEDIA PTE LTD (សារព័ត៌មាន Khmer Times) លើភាពជាដៃគូ និងកិច្ច​សហប្រតិបត្តិការចូលរួមសកម្មភាពមីននៅកម្ពុជា ក្នុងនោះក៏មានការ​ចូលរួមផងដែរ​ដល់ការ​លើក​កម្ពស់ និងបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាទាំងក្នុង និងក្រៅប្រទេស និងការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ក្រោមការងារសម្របសម្រួលរបស់អាជ្ញាធរមីន។

ពិធីចុះហត្ថលេខានេះ មានការអញ្ចើញចូលរួមពីលោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជ​កម្ម​និងធុរកិច្ចម៉ាឡេស៊ីប្រចាំនៅកម្ពុជា (MBCC) និងបុគ្គលិក Khmer Times។

លោក Mohan Bandam ប្រធានសារព័ត៌មាន Khmer Times និងជាអនុប្រធាន MBCC ដែលជា​អ្នក​ចុះ​ហត្ថលេខានាថ្ងៃនេះ បានគូសបញ្ជាក់ថា “យើងមិនត្រូវគិតថា យើងមកពីណាទេ ប៉ុន្តែអ្វីដែលសំខាន់ យើងត្រូវគិតថា តើយើងអាចធ្វើអ្វីបានខ្លះក្នុង​ការចូលរួមឲ្យ​កម្ពុជាសម្រេចបាន​នូវគោលដៅគ្មាន​មីនឆ្នាំ២០២៥”។

លោកបន្តទៀតថា លោកបានមករស់នៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣ និងបាន​ឃើញយ៉ាងច្បាស់អំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាលដល់​ការងារបោស​សម្អាត​មីននៅកម្ពុជា ព្រមទាំងមានការចូលរួមគាំទ្រយ៉ាងច្រើនពីដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយ ជាពិសេសថ្មីៗនេះ មានការចូលរួមពីវិស័យឯកជន និងសប្បុរសជនទៀតផង។ Khmer Times និងMBCC នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដល់ការងារមនុស្សធម៌នេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា “កម្ពុជាសូមស្វាគមន៍ចំ​ពោះការ​ចូលរួមពីគ្រប់ភាគី និងគ្រប់ផ្នែកទាំងអស់ ក្នុងការឧបត្ថម្ភគាំទ្រដល់​ការងារបោសសម្អាត​មីន​មនុស្ស​ធម៌​នៅកម្ពុជា ឆ្ពោះទៅរកម្ពុជាមួយគ្មាន​មីនឆ្នាំ២០២៥ ពីព្រោះការងារបោសសម្អាតមីន គឺជាបេសក​កម្មរួម​របស់យើងទាំងអស់គ្នា ហើយនៅពេលបេសកកម្មរបស់យើងបានបញ្ចប់ជាមួយគ្នា ថ្ងៃថ្មីនឹង​មកដល់ វានឹងក្លាយជាថ្ងៃមួយផ្តល់សុខសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដោយសារមីន/គ្រាប់ ជាពិ​សេស​ការរកស៊ី និងការវិនិយោគនានារបស់វិស័យឯកជននឹងទទួលបានសុវត្ថិភាពខ្ពស់។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ Khmer Times និង MBCC ដឹកនាំដោយលោក លោក Mohan Bandam ដែលបានបង្ហាញគោលបំណង ទឹកចិត្តសប្បុរស និងការ​តាំងចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន គាំទ្រដល់ការងារ​បោសសម្អាត​មីន​មនុស្សធម៌នៅកម្ពុជា និងបានធ្វើឱ្យកាន់តែមានសុវត្ថិភាព​បន្ថែមទៀតដល់ការរស់នៅ​របស់ប្រជា​ពលរដ្ឋ ដែលកំពុងត្រូវបានគំរាមកំហែងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម