ព័ត៌មានជាតិ
កម្ពុជាត្រូវការឈាម លើសតម្រូវការ ប្រមាណជិត ២០ ភាគរយ
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ កម្ពុជាមានតម្រូវការឈាមលើសប្រមាណជិត ២០ ភាគរយសម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។

ថ្លែងក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាមថ្ងៃនេះ ដើម្បីសង្គ្រោះជីវិតមាតា” នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងឆ្នាំ២០២១ កន្លងទៅ កម្ពុជាត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺរៀងរាល់ ៦ នាទីម្តង ដោយតម្រូវការឈាមប្រចាំថ្ងៃប្រមាណ ២០០ ប្លោកនៅរាជធានីភ្នំពេញ និងតម្រូវការទូទាំងប្រទេសប្រមាណ ១០ ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនជិត ២០ ភាគរយហើយមជ្ឈមណ្ឌលផ្តល់ឈាមបានគ្របដណ្តប់ជាង ៧០ ភាគរយនៃការផ្គត់ផ្គង់ទូទាំងប្រទេស។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ចំណែកការទទួលឈាមតាមរយៈសប្បុសជនដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្តឆ្លើយតបបានប្រហែល ១០ ភាគរយនៃតម្រូវការក្នុងប្រទេសប៉ុណ្ណោះ ខណៈប្រទេសជិតខាងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់ដល់លើស ៩០ ភាគរយនៃតម្រូវការ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ដូចនេះការចូលរួមបរិច្ចាគឈមពីសប្បុរសជន និងអង្គភាពស្ថាប័នពាក់ព័ន្ធនានាដូចជាមន្ទីរពេទ្យកាល់ម៉ែតនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់មិនត្រឹមតែចូលរួមបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាមប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកបំពេញតម្រូវស្តុកឈាម ដល់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានាផងដែរ។
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា នៅឆ្នាំ២០២២នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវការឈាមប្រមាណ ១ សែន ១ ម៉ឺនប្លោក សម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាមចាំបាច់ដូចជា អ្នកជំងឺទាក់ទិននឹងការហូរឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុន និងក្រោយពេលសម្រាលកូន ជំងឺខ្សោយតំរង់នោម ការព្យាបាលថែទាំជំងឺមហារីក ពិសេសការដូរក្រលៀន ដែលជាសេវាកម្មថ្មីមួយដែលត្រូវការឈាមច្រើន។

លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា ដោយស្ថានភាព នៃសង្គមមានសភាពវិលត្រលប់មកកាន់ប្រក្រតីភាពថ្មីវិញ គួបផ្សំជាមួយយុទ្ធសាស្រ្តចាក់វ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាល មន្ទីរពេទ្យ បានសម្រេចចិត្តរៀបចំការបរិច្ចាគឈាមឡើងវិញតាមគន្លងប្រក្រតីភាពថ្មី ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់ក្នុងក្របខណ្ឌទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ