Connect with us

ព័ត៌មានជាតិ

លោកនេត្រ ភក្ត្រា៖ ការបរិភោគសាច់សត្វព្រៃ​មិនធ្វើឱ្យសុខភាពល្អ ជីវិតអមតៈ នោះឡើយ

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថាការបរិភោគសាច់សត្វព្រៃវាមិនឆ្ងាញ់ដូចសត្វស្រុកទេ ហើយក៏មិនធ្វើឱ្យសុខភាពល្អជីវិតអមតៈដូចពាក្យចចាមអារាមនោះឡើយ។ ផ្ទុយទៅវិញការបរិភោគសត្វព្រៃអាចបង្កគ្រោះថ្នាក់ដល់សុខភាព អ្នកបរិភោគដោយសារសត្វព្រៃមានមេរោគជាច្រើន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងបែបនេះ ក្នុងពិធីបើក«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង»កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នៅខេត្តស្ទឹងត្រែង។

លោក នេត្រ ភក្រា បានបន្តថាជារៀងរាល់ថ្ងៃសត្វព្រៃដ៏មានតម្លៃត្រូវបានសម្លាប់ដោយសារតែព្រានព្រៃប្រើអន្ទាក់គ្រប់ប្រភេទ និងគ្រាប់កាំភ្លើងកែច្នៃសម្លាប់ ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារនិងសម្រាប់លក់នៅលើទីផ្សារដល់អ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ។

លោករដ្ឋលេខាធិការបានបន្តទៀតថា«សត្វព្រៃមួយក្បាលៗ ដែលត្រូវបានសម្លាប់ បើគិតជាសាច់មិនច្រើនគីឡូឡើយ ហើយបើគិតជាប្រាក់ដែលលក់បាន ក៏មិនច្រើនដែរ និងបើគិតពីរសជាតិ ក៏មិនឆ្ងាញ់ដូចសត្វស្រុកទេ ហើយក៏មិនមែនពិសាទៅធ្វើឱ្យយើងមានសុខភាពល្អ ជីវិតអមតៈ ដូចពាក្យចចាមអារាមនោះឡើយ ប៉ុន្តែបើយើងគិតពីតម្លៃជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី សត្វព្រៃមួយក្បាលៗ ពិតជាមានតម្លៃដ៏មហាធំធេងមិនអាចគណនាជាប្រាក់បានឡើយ ហើយសត្វព្រៃទាំងនេះ ក៏ជាប្រភពថវិកាមិនចេះរីងស្ងួតពីចំណូលលើវិស័យទេសចរណ៍ផងដែរ»។

លោកនេត្រ ភក្ត្រា បានបន្ថែមទៀតថា«សាច់សត្វព្រៃដែលបងប្អូនខ្លះហូប បានត្រឹមឆ្អែតមួយបប្រិចភ្នែកប៉ុណ្ណោះ តែវាពិតជាខាតបង់ច្រើនសម្រាប់ជីវៈចម្រុះភពផែនដីរបស់យើង។ ប្រសិនបើសត្វមួយក្បាលដែលអ្នកបានសម្លាប់ នៅរស់វិញ វានឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីយើងកាន់តែល្អប្រសើរ កម្ពុជាសម្បូណ៌ជីវៈចម្រុះ និងអាចទាញចំណូលបានច្រើន ជាងតម្លៃសាច់សត្វដែលអ្នកបានលក់វានៅលើទីផ្សាររាប់រយពាន់ដង»។

លោកបានបញ្ជាក់ថាសាច់សត្វព្រៃគ្មានអ្វីល្អឡើយ និងមិនអាចប៉ូវកម្លាំង ឬព្យាបាលជំងឺដូចជំនឿមួយចំនួនលើកឡើងឡើយ តែសាច់សត្វព្រៃអាចបង្កគ្រោះថ្នាក់ដល់សុខភាព អ្នកបរិភោគ ព្រោះតាមការសិក្សា សត្វព្រៃមានមេរោគជាច្រើន ដែលពេលខ្លះកាចសាហាវអាចសម្លាប់ជីវិតមនុស្សបានយ៉ាងលឿន។ ការជឿថា ឆ្អឹងសត្វព្រៃ ឬឈាមសត្វព្រៃ អាចព្យាបាលជំងឺជាសះស្បើយ ជាការយល់ខុស តែវាអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ទៅវិញទេ។

លោកបានបន្ថែមទៀតថាការបរបាញ់ខុសច្បាប់ចាប់តាំងពីអតីតកាលមកដល់ពេលបច្ចុប្បន្ន រួមផ្សំនឹងបរិមាណអន្ទាក់បានដាក់ជាច្រើនក្នុងព្រៃធម្មជាតិ ជាកត្តាជំរុញ ដោយការជួញដូរសត្វព្រៃខុសច្បាប់ សុទ្ធសឹងជាមូលហេតុចម្បង ដែលបណ្តាលឱ្យសត្វព្រៃនៅកម្ពុជាប្រឈមមុខនឹងការបាត់បង់ ជាពិសេសប្រភេទសត្វក្រចកជើងចំពាមដែលរកស៊ីលើដីជាផ្នែកមួយនៃការប្រឈមមុខខ្លាំង។ ជាងនេះទៀតអន្ទាក់ជាឃាតកលាក់មុខ និងជាកត្តាគម្រាមកំហែងដ៏ចម្បងមួយចំពោះសត្វព្រៃ។

លោករដ្ឋលេខាធិការបានបន្តទៀតថាក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងនោះមានបទល្មើសកាប់បំផ្លាញព្រៃ ឈើ និងសត្វព្រៃ ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូអភិ រក្សដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន ផ្លាស់ប្តូរទម្លាប់ពលរដ្ឋមួយចំនួន ដែលមានទម្លាប់ចូលព្រៃប្រកបមុខរបរកាប់ឈើ និងប្រមាញ់សត្វព្រៃ ឱ្យមានជម្រើសថ្មី មុខរបរថ្មី សម្រាប់ប្រជាពលរដ្ឋដែល រស់នៅជុំវិញនិងក្នុងតំបន់ការពារធម្មជាតិ។

លោកបានឱ្យដឹងថាកន្លងមកនេះ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វក្របី គោ ពពែ សត្វចៀម ជ្រូកជាដើមដល់ពលរដ្ឋ ដើម្បីចិញ្ចឹមដើម្បីបង្កើនសុវត្ថិភាពស្បៀង និងរកប្រាក់ ចំណូលបន្ថែម។

លោកចាត់ទុកថាការបង្កើតសេដ្ឋកិច្ចមូលដ្ឋាននេះ គឺជាវិធានការជាក់ស្តែងដើម្បីការពារនិងអភិរក្ស ព្រៃឈើនិងសត្វព្រៃរបស់យើងឱ្យបានគង់វង្ស ដែលមិនមែនជាការអង្គុយបកផ្សែងប៉ុន្តែជាការពន្លត់ ភ្លើងសំដៅរក្សាព្រៃឱ្យបានគង់វង្សក្រោមទិសស្លោក «រក្សាឈើឈរដើម្បីរកចំណូល» រកចំណូលតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។

លោករដ្ឋលេខាធិការសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃដើម្បីចូលរួមការពារនិងអភិរក្ស សត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្សនិងរីកចម្រើន សម្រាប់បន្សល់ទុកដល់មនុស្សរាប់ជំនាន់ទៀត។

គួរបញ្ជាក់ថានៅក្នុងឆ្នាំ ២០២១កន្លងទៅ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូបានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧៣ និងច្រករបៀងជីវចម្រុះចំនួន ៣ ក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។

ជាមួយគ្នានេះដែរឆ្នាំ២០២២១កន្លងទៅក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ដែលជាអង្គភាពចម្រុះ បានចុះប្រតិបត្តិការក្នុងការបង្ក្រាបការជួញដូរសត្វព្រៃ ចំនួន ៦២៥ លើក សង្គ្រោះសត្វព្រៃបាន ១២៧១ ក្បាល រឹបអូសសត្វព្រៃងាប់ចំនួន ៣៦០៩ក្បាល និងរឹបអូសសាច់សត្វព្រៃគ្រប់ប្រភេទចំនួន ៣៥៤ គីឡូក្រាម បញ្ជូនសំណុំរឿងចំនួន ១១ ទៅតុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិវិញចំនួន ៨៦៤ ក្បាល៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

Sokha Hotels

ព័ត៌មានពេញនិយម