ព័ត៌មានជាតិ
មុននេះបន្តិច ក្រសួងសុខាភិបាល ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ក្នុងខេត្តចំនួន ៤
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះ បានជម្រាបជូន ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ស្ដីពី ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ការលើកលែងនេះដោយយោងតាម សារសម្លេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ស្តីពីការសម្រេចលើកលែង កាតព្វកិច្ចពាក់ម៉ាស់ ក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានជម្រាបជូនប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្តទាំងអស់ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេច លើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់ នៅខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនេះ ក្រសួងសុខាភិបាលសូមស្នើដល់គណៈកម្មការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងអាជ្ញាធរខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ត្រូវធ្វើការណែនាំដល់ សាធារណជនទាំងអស់នៅក្នុងភូមិសាស្ត្រស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និង ការបន្តអនុវត្តវិធានការចំបាច់នានា ដូចខាងក្រោម៖

១. ប្រជាជនទាំងអស់ដែលរស់នៅក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ និងប្រជាជនដែលធ្វើដំណើរពីរាជធានី-ខេត្តដទៃទៅកាន់ខេត្តទាំង៤ ពុំតម្រូវឱ្យពាក់ម៉ាស់ទៀតឡើយ ដោយប្រជាជនទាំងអស់អាចជ្រើសរើសដោយខ្លួនឯងពីការបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។ ប៉ុន្តែកាតព្វកិច្ចពាក់ម៉ាស់នេះ ត្រូវបន្តអនុវត្ត សម្រាប់អ្នកជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩។

២. ប្រជាជនដែលធ្វើដំណើរចេញពីភូមិសាស្ត្រខេត្តទាំង៤ ដែលត្រូវបានលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ខាងលើ ក៏ដូចជាប្រជាជនទាំងអស់ដែលរស់នៅតាមបណ្តារាជធានី-ខេត្តដទៃទៀត ត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ ដែលស្ថិតនៅក្នុងវិធានការសុខាភិបាល “៣ការពារ និង៣កុំៗ ឱ្យបានខ្ជាប់ខ្ជួន រហូតដល់មានសេចក្តីសម្រេចផ្សេងពីនេះ។
៣. គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធរខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់លើការងារនេះ ដោយត្រូវត្រៀមក្រុមគ្រូពេទ្យ សម្ភារៈបរិក្ខារពេទ្យ និងឱសថ ព្យាបាលជំងឺកូវីដ-១៩ រួមទាំង ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដើម្បីអាចឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីដែលមានការផ្ទុះឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ជាយថាហេតុ ក្នុងចំណោមក្រុមប្រជាជននៅក្នុងទីតាំង ណាមួយ ព្រមទាំងត្រូវចូលរួមសហការ និងរាយការណ៍ពីករណីសង្ស័យដែលអាចនាំឱ្យមានការផ្ទុះឡើងវិញនៃការឆ្លង វីរុសកូវីដ-១៩។ ជាមួយគ្នានេះ ប្រជាជននៅក្នុងខេត្តទាំង៤ ក៏ត្រូវប្រញាប់ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូរីដ- ១៩ ដោយខ្លួនឯង ក្នុងករណីមានការសង្ស័យ ដូចជាមានរោគសញ្ញាក្ដៅខ្លួន ក្អក ឬរោគសញ្ញាផ្លូវដង្ហើមផ្នែកខាងលើ (តឹងច្រមុះ ហៀរសំបោរ រមាស់ក ស្អកក ឈឺក ជាដើម)។

៤. មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តទាំង៤ ត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃពីករណ៍វិជ្ជមានកូវីដ-១៩ ដែលរកឃើញតាំងពីចាប់ផ្តើមអនុវត្តការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ រហូតដល់មានការណែនាំជាថ្មីទៀត ជូន ដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តទាំង៤ និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ដែលនាយកដ្ឋាននេះ នឹងត្រូវផ្តល់ទិន្នន័យពាក់ព័ន្ធជូនទៅអនុគណៈកម្មការវាយតម្លៃផែនការ និងយុទ្ធសាស្ត្រ ដើម្បី ធ្វើការតាមដានវាយតម្លៃស្ថានភាពនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងភាពសុំសហគមន៍។ គណៈកម្មការអន្តរ ក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងធ្វើបច្ចុប្បន្នភាពពីលក្ខខណ្ឌលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ យោងតាម ភាពចាំបាច់ និងស្ថានភាពវិវត្តន៍ជាក់ស្ដែងនៃមេរោគកូវីដ-១៩។

គួរបញ្ជាក់ថា សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២៖ ករណីឆ្លងថ្មី ១៧នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ករណីជាសះស្បើយ ២៧នាក់ ករណីស្លាប់ ០នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់)៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង