Connect with us

ព័ត៌មានជាតិ

ក្រុម​និស្សិត​ឆ្នើម​៤​រូប បាន​ឈ្នះ​ការប្រកួត​ថ្នាក់ជាតិ SmartStart Unipreneur Learning Platform Hackathon រួច​បាន​ឱកាស​ដំណើរ​សិក្សា​បច្ចេកវិទ្យា​ទៅ​សិង្ហ​បុរី

បានផុស

នៅ

ខេត្តតាកែវ ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២២ – ក្នុងចំណោម​ក្រុម​ឆ្នើម​ចំនួន​១១ ដែល​មកពី​សាកលវិទ្យាល័យ​ចំនួន ៦​ទូទាំងប្រទេស​កម្ពុជា ក្រុម “​វេលា​” ដែលមាន​សមាជិក​៤ នាក់​មកពី​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ត្រូវបាន​ជ្រើសរើស​ជា​ក្រុម​ជ័យលាភី​ដំបូង​គេ​បង្អស់​ក្នុង​កម្ម​វិធ​ប្រកួតប្រជែង​ថ្នាក់ជាតិ SmartStart Unipreneur Learning Platform (ULP) Hackathon ហើយ​សមាជិក​ក្រុម​ជ័យលាភី​នឹង​ទទួលបាន​ការឧបត្ថម្ភ​លើ​កម្មសិក្សា​បច្ចេកវិទ្យា​ទៅកាន់​ប្រទេស​សិង្ហ​បុរី​។​

​ក្រុម​ឆ្នើម​ទាំង​១១ ក្រុម បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង (hackathon) រយៈពេល​ពីរ​ថ្ងៃ​កន្លះ ដែល​ពួកគេ​បាន​បង្កើត​គំនិត​អាជីវកម្ម សិក្សា​ទៅលើ​ទីផ្សារ សាកល្បង​បង្កើត​គំរូ​ផលិតផល និង​យុទ្ធសាស្ត្រ​ក្នុង​ទីផ្សារ​។ កម្មវិធី​ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា​ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh បាន​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​បង្ហាញ​គំនិត នៃ​អាជីវកម្ម​ដែល​ជួយ​ឱ្យ​អ្នកប្រើប្រាស់​គ្រប់គ្រង​ពេលវេលា​របស់​ពួកគេ​បាន​ប្រសើរ​ជាង​មុន ក្រុម​វេលា យកបាន​ជ័យជំនះ​លើ​ក្រុម​ចំនួន ១០ ផ្សេងទៀត​ក្នុងការ​បញ្ចុះបញ្ចូល​ក្រុម​គណៈកម្មការ​ចៅក្រម​ឱ្យ​គាំទ្រ​គំនិត ដំណោះស្រាយ និង​ផលិតផល ដែល​គួរ​ឲ្យ​កោត​ស​សើរ​របស់​ពួកគេ​។​

​សមាជិក​ក្រុម​ជ័យលាភី​វេលា ហួរ ឡេង​ហ៊ុយ បាន​ឲ្យ​ដឹងថា “​ខ្ញុំ​គិតថា​មនុស្ស​គ្រប់គ្នា​គួរ​រៀន​អំពី​ភាពជា​សហគ្រិន និង​ចាប់យក​ផ្នត់គំនិត​សហគ្រិន​។ អំឡុងពេល​នៃ​ការសិក្សា​របស់ខ្ញុំ​ក្នុង​មុខវិជ្ជា​នៃ​កម្មវិធី SmartStart ULP និង​វគ្គ Hackathon ខ្ញុំ​គ្រាន់បើ​ជាង​មុន​ក្នុង​ការវិភាគ​បញ្ហា​ស្មុគស្មាញ ហើយ​ខ្ញុំ​កាន់​តែមាន​ទំនុកចិត្ត​ជាង​មុន​ក្នុងការ​ប្រើប្រាស់​ការច្នៃប្រឌិត និង​ការស្រាវជ្រាវ ដើម្បី​ទទួលបាន​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុង​រយៈពេល​ដ៏​ខ្លី​។ សំខាន់បំផុត ខ្ញុំ​ទទួលបាន​ជំនាញ​ផ្នែក​កិច្ចសហការ ដើម្បី​ធ្វើ​ការងារ​ជា​ក្រុម​ប្រកបដោយ​ផលិតភាព​”​។​

​ព្រឹត្តិការណ៍​ប្រកួត​ផ្តាច់ព្រ័ត្រ​ដ៏​ធំ​មួយ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែមេសា នៅក្នុង​ខេត្តតាកែវ ដោយមាន​គណៈកម្មការ​ចូលរួម​ដូចជា កញ្ញា លក្ខិណា សារឿន អ្នកគ្រប់គ្រង​ក្រុមហ៊ុន​She Investment ប្រចាំ​កម្ពុជា លោក វុទ្ធី ឧ​ត្ត​ម ប្រធាន​ផ្នែក​ជ្រើសរើស​បុគ្គលិក ពី​ក្រុមហ៊ុន Smart Axiata លោក អ៊ុច សារ៉ាត់ សហ​ស្ថាបនិក Karot Market កញ្ញា ស៊ិន វណ្ណដា​រ៉ា អ្នកគ្រប់គ្រង​កម្មវិធី និង​ផ្នែក​ច្នៃប្រឌិត​នៃ Impact Hub ភ្នំពេញ​។​

​លោក Feiruz Ikhwan នាយក​ប្រតិ​ប​ត្ដិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា “​កម្មវិធី SmartStart ULP បង្កើត​អ្នកដឹកនាំ​សម្រាប់​ពេលអនាគត​ដែលមាន​សមត្ថភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅក្នុង​ប្រទេស​កម្ពុជា​។ តាមរយៈ​កម្មវិធីសិក្សា​នេះ​ដែល​លើកទឹកចិត្ត​សិស្សានុសិស្ស​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ទទួលយក​ផ្នត់គំនិត​សហគ្រិន ស្វែងយល់​អំពី​សារៈសំខាន់​នៃ​ភាព​សកម្ម ភាព​ចង់ដឹង​-​ចង់ឃើញ នៅក្នុង​ពិភពលោក​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ឆាប់រហ័ស​។ ជំនាញ​ទាំងអស់នេះ​ក៏​នឹងចូលរួម​យ៉ាងសំខាន់​ក្នុង​ការជួយ​ប្រទេស​កម្ពុជា​ក្នុង​ការកសាង​វិស័យ​ព័ត៌មាន ការទំនាក់ទំនង និង​បច្ចេកវិទ្យា​ដ៏​រឹងមាំ ជាមួយនឹង​សេដ្ឋកិច្ច​ឌីជីថល​ដែល​កំពុង​រីកចម្រើន​។ ដោយមាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​មូលនិធិ​កសាង​សមត្ថភាព និង​ស្រាវជ្រាវ យើង​សង្ឃឹមថានឹង​ពង្រីក​កម្មវិធី​នេះ ដើម្បី​ឈានទៅដល់​និស្សិត​សាកលវិទ្យាល័យ​កម្ពុ​ជាកា​ន់​តែ​ច្រើន​”​។​

​ជា​វគ្គ​សិក្សា​ដែល​ត្រូវបាន​ទទួលស្គាល់ វគ្គ​សិក្សា​នេះ​មាន​រយៈពេល ៤៥ ម៉ោង ហើយ​មាន​សិស្ស​ជាង​១០០០ នាក់​បាន​ចុះឈ្មោះ​ចូលរៀន​និង​មាន​សហគ្រិន និង​សាស្ត្រាចារ្យ​ចំនួន​៣៥ នាក់​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល សម្រាប់​បង្រៀន​វគ្គ​សិក្សា​។​

​កញ្ញា គឹម កុ​សុ​ម៉ា នាយក​ផ្នែក​អភិវឌ្ឍ អាជីវកម្ម និង​ឌីជីថល​របស់ Impact Hub Phnom Penh បាន​ឲ្យ​ដឹងថា “​កម្មវិធី Hackathon គឺជា​ការបង្ហាញ​លទ្ធផល​ដ៏​អស្ចារ្យ​នៃ​ការងារ ដែល​យើង​បាន​ចូលរួម​ធ្វើ​នៅក្នុង​កម្មវិធី​ចាប់តាំងពី ២ ឆ្នាំ​កន្លងមកនេះ ដោយ​ធ្វើការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Smart Axiata ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សាកលវិទ្យាល័យ​ដៃគូ សាកលវិទ្យាធិការ ព្រឹទ្ធបុរស និង សហគ្រិន សាស្ត្រាចារ្យ​ក្នុងស្រុក និង​សិស្សានុសិស្ស ដើម្បី​លើកកម្ពស់​ការអប់រំ​សហគ្រិនភាព​នៅ​កម្ពុជា​”​។​

​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​រួម ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) លើ​កម្មវិធីសិក្សា SmartStart Unipreneur Learning Platform នៅ​ខែធ្នូ ឆ្នាំ​២០២១ ជាមួយ​សាកលវិទ្យាល័យ​ចំនួន ១០​សាកលវិទ្យាល័យ​នៅ​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​វគ្គ​សិក្សា​ដែល​ផ្តល់ឱ្យ​និស្សិត​សាកលវិទ្យាល័យ​នូវ​ផ្នត់គំនិត​សហគ្រិនភាព និង​សមត្ថភាព​ផ្នែក​បច្ចេកទេស រួមទាំង​ជំនាញ​ប្រើប្រាស់​សំខាន់ៗ​ផ្នែក​បច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ​ទៅនឹង​ទីផ្សារ​កម្ពុជា​។​

​កម្មវិធី SmartStart ULP ត្រូវបាន​កំពុង​ដាក់​អនុវត្ត​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ភ្នំពេញ និង​សៀមរាប សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាត់ដំបង សាកលវិទ្យាល័យ​អង្គរ សាកលវិទ្យាល័យ​ស្វាយរៀង និង សាកលវិទ្យាល័យ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​កម្ពុជា​។

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​អំពី​វគ្គ​សិ​ស្សា SmartStart Unipreneur Platform សូម​តាមដាន​ទំព័រ​Facebook របស់ Smart for Cambodia នៅ http://facebook.com/smartforcambodia ឬ​ចូលទៅ​កាន់ http://www.smartstart.com.kh/ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​សមត្ថកិច្ច​​អាមេរិក​​បាញ់សម្លាប់​​បុរស​ម្នាក់​សង្ស័យ​បង្កភេរវកម្ម​​នៅថ្ងៃ​​បុណ្យ​ឆ្លងឆ្នាំ​

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម