ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ
ក្រុមប្រឹក្សារាជធានីភ្នំពេញ, គណៈអភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីរាជការ,កងកម្លាំងប្រដាប់អាវុធក្រោមឪវាទរាជធានីភ្នំពេញ បានកំណត់យករមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំដែលជានិមិត្តរូបនៃការកកើតរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតា ឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីដែលបានអញ្ជើញជាអធិបតីនាឱកាសនោះ បានបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី សុំជួយបីបាច់ថែរក្សាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឲ្យមានសេចក្តីសុខចំរុងចម្រើន និងទទួលបានជោគជ័យ ក្នុងគ្រប់ការងារក្រោមម្លប់នៃសុខសន្តិភាព។
ពិធីនេះ ក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹកឡើងវិញពីសមិទ្ធិផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញបានកសាងឡើង ក្នុងរយៈពេល ១ឆ្នាំកន្លងទៅដើ ម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ,ការកសាងហេដ្ឋារចនាសម្ពន្ធ័,ក៏ដូចជាការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការលើកកំពស់បរិស្ថានសោភ័ណ្ឌភាព ក្នុងរាជធានីភ្នំពេញផងដែរ។
ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមប្រឹក្សារាជធានីភ្នំពេញ បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជំរះអស់នូវគ្រោះចង្រៃអ៊ុបទ្រុបទាំងពួង ដែលកើតមានពីឆ្នាំចាស់ឲ្យជ្រះស្រឡះ និងទទួលពរជ័យសិរីសួរស្តីពីទេវតាឆ្មាំថ្មី ព្រះនាមកិរិណីទេវី ដែលជាបុត្រីទី ៥របស់កបិលមហាព្រហ្ម ព្រមទាំងសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។
សង្គ្រាន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាសក័ ព.ស ២៥៦៦ បានចូលមកដល់នៅវេលាម៉ោង ១០ និង០០នាទី ព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ ក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំ គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់។ នេះជាការរៀបចំសង្គ្រាន្តវត្តភ្នំ របស់រដ្ឋបាលរាជធានីភ្នំពេញជាថ្មីឡើងវិញ ក្រោយពីអាក់ខានមិនបានរៀបចំ អស់រយៈពេល ២ឆ្នាំជាប់គ្នា ដោយសារការរីរាលដាលនៃជំងឺកូវីដ-១៩។ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ។
រាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការចាត់វិធានការ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមអនុសាសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នាឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី, បានទស្សនាស្តង់ពិពណ៌បែបបុរាណ រួមទាំងផលិតផលសិប្បកម្មផលិតដោយដៃ និងបង្ហាញពីទំរង់វប្បធម៌ជាតិជាច្រើន។
មានប្រជាពលរដ្ឋជាច្រើនបានមកទស្សនា និងចូលរួមលេងកំសាន្តល្បែងប្រជាប្រិយ៍ រួមមាន៖ ទាញព្រ័ត្រ,លោតបាវ, ចោលឈូង,បោះអង្គុញ,លាក់កន្សែង និងរាំកំសាន្តជាដើម ក្នុងសង្គ្រាន្តវត្តភ្នំដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់ឱកាសកំសាន្តដល់ប្រជាពលរដ្ឋ ដែលមិនបានអញ្ជើញទៅស្រុកកំណើត។
លោក ឃួង ស្រេង បានថ្លែងថា «យើងបានសប្បាយរីករាយ គឺដោយសារយើងមានសុខសន្តិភាពពេញលេញ ស្ថេរភាពក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយស្របពេលដែលកម្ពុជាកំពុង ត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ ២០២២នេះ និងព្រឹត្តិការសំខាន់មួយទៀត គឺការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ ផងដែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ គឺថ្ងៃទី ១៤.១៥.១៦ ខែមេសានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ សិស្ស និស្សិត កម្មករកម្មការនី ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៍,ចូលរួមទប់ស្កាត់ការពារគ្រោះអគ្គិភ័យ ដោយប្រុងប្រយត្ន័ចំពោះភ្លើងទៀនធូប ចង្ក្រានហ្គាស,ចរន្តអគ្គិសនីជាដើម។
ក្នុងសេចក្តីអំពាវនាវដដែលនេះដែរ ក៏បានណែនាំឲ្យជៀសវាងដាច់ខាត ការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម៉្សៅ ទះគក់ដោយដៃឬវាយនឹងរំពាត់ ទៅលើអ្នកដំណើរ,ការជិះម៉ូតូបង្ហោះតាមដងផ្លូវ និងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដោយរក្សាបាននូវសេចក្តីថ្លៃថ្នូរ សក្ត័សមជាកុលបុត្រ កុលធីតាខ្មែរ ប្រកបដោយគុណធម៌ និងសិលធម៌៕
អត្ថបទ៖ ស្រីរ័ត្ន







-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត