ព័ត៌មានជាតិ
អាណាព្យាបាលស្នើក្រសួងអប់រំ បើកដំណើរការសិក្សាពេញម៉ោង ដូចធម្មតាឡើងវិញ
មាតាបិតា និងអាណាព្យាបាលសិស្សមួយចំនួនបានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកឱ្យសិស្សរៀននៅក្នុងថ្នាក់ពេញម៉ោងដូចប្រក្រតីឡើងវិញ ដើម្បីឱ្យកូនចៅពួកគាត់បានរៀនសូត្របានពេញលេញ ខណៈបច្ចុប្បន្នរៀនក្នុងថ្នាក់រៀនផង និងរៀនតាមអនឡាញផង។

ការស្នើសុំនេះបានធ្វើឡើងដោយពួកគាត់សង្កេតឃើញថា រដ្ឋាភិបាលបានបើកពិធីបុណ្យផ្សេងៗ និងពិធីមង្គលការយ៉ាងគគ្រឹកគគ្រេង ដោយមានភ្ញៀវចូលរួមរាប់រយនាក់ ហើយកម្មវិធីខ្លះមានភ្ញៀវរហូតដល់ខ្ទង់ពាន់នាក់ក៏មាន ពិសេសបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះមានមនុស្សរាប់លាននាក់ធ្វើដំណើរកម្សាន្ត និងលេងល្បែងប្រជាប្រិយ និងរាំលេងសប្បាយយ៉ាងច្រើនកុះករ។
អ្នកស្រី សែន ចរិយា រស់នៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រសួងអប់រំគួរតែបើកឱ្យសិស្សរៀនក្នុងថ្នាក់ពេញម៉ោងដូចមុនការរាតត្បាតជំងឺកូវីដ-១៩ ដើម្បីឱ្យសិស្សបានរៀនពេញលេញព្រោះថា បច្ចុប្បនេះក្រសួងឱ្យសិស្សរៀននៅតាមសាលាផង និងក្នុងថ្នាក់ផងដែលធ្វើឱ្យមានការលំបាក ដោយសារអ្នកស្រីជាប់រវល់ធ្វើការ មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការតាមដាន និងបង្រៀនកូន។

អ្នកស្រីបានបន្តថា៖ “ម្យ៉ាងទៀតសង្កេតឃើញថា ស្ថានភាពការឆ្លងជំងឺកូវីដនៅកម្ពុជាបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ វាមិនមានការឆ្លងខ្ពស់ដូចពីមុនទេ។ ដូចនេះអាចដំណើរការរៀនពេញម៉ោងបាន”។
យ៉ាងណាក៏ដោយអ្នកស្រីបានបន្តទៀតថា ប៉ុន្តែការអនុវត្តវិធានការ ៣កុំនិង៣ការពារ នៅតែបន្តដើម្បីការពារការឆ្លងរីករាលដាលជាថ្មី។
ចំណែក អ្នកស្រី ពិន ស្រីនាង រស់នៅរាជធានីភ្នំពេញក៏យល់ស្របចំពោះការលើកឡើងខាងលើដែរ។ អ្នកស្រីបានបន្ថែមថា ដល់ពេលដែលក្រសួងអប់រំគួរតែអនុវត្តការសិក្សាពេញម៉ោងបានហើយ ព្រោះបច្ចុប្បន្ននៅតាមរោងបុណ្យនិងរោងការមានមនុស្សរាប់រយនាក់ជួបជុំគ្នាមិនមានបញ្ហាអ្វីទេ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់អាណាព្យាបាលខាងលើ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ ខែមេសានេះថា គ្រឹះស្ថានសិក្សានីមួយៗមានដំណើរការតាមគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ប្រើប្រាស់កម្មវិធីសិក្សាចម្រុះតាមទិដ្ឋភាពជាក់ស្តែងដោយត្រូវបន្តអនុវត្តវិធានការសុវត្ថិភាព សុខភាពដូចមានចែងក្នុងគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា និងស្របតាមវិធានការរបស់ក្រសួងសុខាភិបាល។
លោកបានបន្តថា ជារួមការអនុវត្តនេះគឺ ដូចការអនុវត្តមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រហូតដល់មានការណែនាំថ្មីនាពេលខាងមុខ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ