ព័ត៌មានជាតិ
មូលនិធិ អ៉ឹង និងក្រសួងវប្បធម៌ រួមគ្នាប្រារព្ធពិធី «សង្ក្រាន្តភ្នំទូកមាស» យ៉ាងអធិកអធម
មូលនិធិ អ៉ឹង (ING Foundation ) ដែលជាមូលនិធិសប្បុរសធម៌ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធី « សង្ក្រាន្តភ្នំទូកមាស » លើទឹកដីភូមិ ដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៤, ១៥, ១៦ ខែមេសា ឆ្នាំ ២០២២ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងលើកស្ទួយថែរក្សាប្រពៃណីជាតិ និងទំនៀមទម្លាប់ដ៏ផូរផង់របស់ដូនតាខ្មែរ។
នៅក្នុងមហាព្រឹត្តិការណ៍នេះ មានការលេងល្បែងប្រជាប្រិយសម្ដែងរបាំសិល្បៈបុរាណសម័យ ការប្រកួតប្រជែង សមត្ថភាព ការប្រគុំ តន្ត្រី ល្ខោន និងកម្មវិធីកម្សាន្តជាច្រើន ពេញរយៈពេល ៣ ថ្ងៃ ៣ យប់។ កម្មវិធីនេះ មានការសម្តែងទម្រង់សិល្បៈបែបផ្សេងៗគ្នា ដែលមានការចូលរួមពី សិល្បករ សិល្បការិនី ប្រមាណ ២០០ នាក់ ព្រមទាំងមានការតាំងពិព័រណ៍ បង្ហាញនូវផលិតផល និងវប្បធម៌ របស់សហគមន៍ និងការបង្ហោះខ្លែងផងដែរ។ ជាពិសេស បង្ហាញរូបខ្លាសដ៏ធំមហិមាយ៉ាងស្រស់ ស្អាតគួរឲ្យស្រលាញ់ ដែលជាតំណាងទេវតាឆ្នាំថ្មី ឆ្នាំខាល និងមានការរៀបចំតាំងលម្អជាច្រើន សម្រាប់អ្នកចូលរួមថតរូបកម្សាន្ត។ សម្រាប់ចូលឆ្នាំថ្ងៃដំបូង គឺថ្ងៃទី ១៤ ខែមេសា គេសង្កេតឃើញ មានសិល្បករ សិល្បការិនី និងប្រជាពលរដ្ឋខ្ទង់ពាន់នាក់ ជាពិសេសយុវវ័យមកពីខេត្តកំពង់ឆ្នាំង និង ខេត្តជាប់ៗនេះបានមកលេងកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសលេងល្បែងប្រជាប្រិយដូចជា លាក់កន្សែង ដណ្តើមស្លឹកឈើ និងរាំលេងកម្សាន្តតាមបែបប្រពៃណីខ្មែរ។ ក្នុងរយៈពេល ៣ ថ្ងៃនេះ រំពឹងថា នឹងមានអ្នកចូលរួមរាប់ម៉ឺននាក់។
ឧកញ៉ា អ៉ឹង ប៊ុន ហ៊ូវ ប្រធាន មូលនិធិ ING Foundation បានថ្លែងថា ៖ ការរៀបចំឲ្យមានព្រឹត្តិការណ៍ មហាសង្ក្រាន្តឆ្នាំថ្មី “ សង្ក្រាន្តភ្នំទូកមាស ” ប្រារព្ធធ្វើឡើងរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ក្រោមកិច្ចសហការរវាងមូលនិធិ ING Foundation ជាមួយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងមានការគាំទ្រពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ នេះគឺជាមហាព្រឹត្តិការណ៍ លើកទី ២ ដែលបានរៀបចំនៅលើទឹកដីភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាទឹកដីកំណើតរបស់លោក។
លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានមានប្រសាសន៍ថា ៖ ការរៀបចំ “ សង្ក្រាន្តភ្នំទូកមាស ” នេះគឺដើម្បី អបអរបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយថែរក្សាប្រពៃណីជាតិ និងទំនៀមទម្លាប់ដ៏ផូរផង់ជាទ មោទនៈ របស់ដូនតាខ្មែរ និងចង់ឱ្យប្រជាជននៅទីនេះសប្បាយរីករាយ។ លោកឧកញ៉ាបានបន្តថា ៖ មហាសង្ក្រាន្តឆ្នាំថ្មីសង្ក្រាន្តភ្នំទូកមាស ត្រូវបានប្រារព្ធឡើងស្ថិតក្រោមដំបូលម្លប់សន្តិភាព និងដើម្បី រំលឹកគុណដល់បុព្វបុរសនៃយើង ដែលបានបន្សល់ទុកនូវប្រពៃណី និងវប្បធម៌ដ៏ល្អផូរផង់សម្រាប់ យើងគ្រប់ៗគ្នាជាកូនចៅជំនាន់ក្រោយ។ ព្រឹត្តិការណ៍នេះ ពិតជាបានរួមចំណែកបំផុសមនសិការ ស្នេហាជាតិ ស្មារតី ស្រឡាញ់ សម្បត្តិ វប្បធម៌ ដល់ប្រជាជនខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និង ក្រៅប្រទេសសំដៅផ្សព្វផ្សាយអប់រំអំពីវប្បធម៌ និងសីលធម៌ឱ្យចេះរួមគ្នាជាធ្លុងមួយប្រកបដោយ ឆន្ទៈម្ចាស់ការ ថែរក្សា ការពារ និងបណ្ដុះគំនិតលើកតម្កើងកេរដំណែលវប្បធម៌ជាតិទាំងរូបី និងអរូបី ឱ្យបានស្ថិតស្ថេរគង់វង្ស។ ជាពិសេសការរៀបចំព្រឹត្តការណ៍នៅក្នុងទីកន្លែង ដែលហ៊ុមព័ទ្ធទៅដោយ ព្រៃព្រឹក្សាជុំវិញដូចនេះ គឺក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ និង ងាកមកចូលរួមស្រឡាញ់ថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះដែលមាននៅលើ ទឹកដីដ៏អច្ឆរិយនៃយើង និងដើម្បីការពារភពផែនដីដ៏ស្រស់បំព្រងរក្សាបាននូវលក្ខខណ្ឌធម្មជាតិ ដែលនឹងផ្ដល់ត្រលប់មកឲ្យយើងវិញ។
លោកឧកញ៉ា បានបន្តទៀតថា ជាការពិតមិនអាចប្រកែកបានដែលការរៀបចំប្រារព្ធពិធីដ៏ មហោឡារិកនាពេលនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយសារមានសុខសន្តិភាព និងស្ថិរភាព ដ៏ពេញលេញទូទាំងប្រទេស ដែលធានារក្សាបានដោយនយោបាយឈ្នះឈ្នះរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេច គឺជាវីរៈស្ថាបនិកដ៏ឆ្នើម បានពុះពារគ្រប់ ឧបសគ្គសំដៅរក្សាឲ្យបានគង់វង្សនូវសន្តិភាព និងរុញច្រាននូវការរីកចម្រើន និងការអភិវឌ្ឍ សង្គមជាតិជាលំដាប់ឥតឈប់ឈរ “ អរគុណសន្តិភាព ” បើគ្មានសន្តិភាពនេះទេ ក៏គ្មានឱកាស សម្រាប់កសាង និងអភិវឌ្ឍសង្គមជាតិ និងមានការរៀបចំកម្មវិធីមហាសង្ក្រានបានដូចថ្ងៃនេះដែរ។ លោកឧកញ៉ាបានបន្ថែមថា លោកនឹងប្រើប្រាស់ធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមកសាង សមិទ្ធផល ទាំងវិស័យ ពុទ្ធចក្រ និងអាណាចក្រ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាពិសេសស្រុកកំពង់លែង នេះយ៉ាងច្រើនជាបន្តបន្ទាប់។
ប្រធានមូលនិធិ ING Foundation រូបនេះ បានជម្រាបជូនថា៖ ភូមិសាស្ត្រស្រុកកំពង់លែងនេះ មានទីតាំងភូមិសាស្ត្រ និងលក្ខណៈពិសេសជាច្រើន។ តំបន់នេះជាដែនកោះដីគោក ទីតាំងប្រវត្តិសាស្ត្រ ធ្លាប់មានព្រះរាជាគង់នៅ មានប្រាសាទបុរាណចំនួន ០៥ មានភ្នំនាងកង្រី ដែលផ្សារភ្ជាប់ទៅ រឿងព្រេងប្រវត្តិសាស្ត្រអក្សរសិល្បខ្មែរដ៏ល្បីល្បាញ។ រីឯជួរភ្នំទូកមាស ជាបណ្ដុំភ្នំជាច្រើនមាន កំពូលជាង ១០០ និងមានកម្ពស់ប្រមាណ ៣៥០ ម៉ែត្រពីនីវ៉ូ ទឹកសមុទ្រសម្បូរទៅដោយព្រៃឈើ និង សត្វព្រៃតូចធំ។ ពិសេសកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសអំពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំងដូចជា គម្រោងពង្រីកអាកាសយានដ្ឋានខេត្ត ការអភិវឌ្ឍមជ្ឈ មណ្ឌលភស្តុភារ និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ពីទីរួមខេត្តកំពង់ឆ្នាំង មកស្រុក កំពង់លែង និងគម្រោងពង្រីកបណ្តាញផ្លូវតភ្ជាប់ពីស្រុកកំពង់លែងទៅខេត្តកំពង់ធំជាដើម។
លោក ហាប់ ទូច រដ្ឋលេខាធិការតំណាងលោកស្រីបណ្ឌិតសភាចារ្យ គឿង សកុណា រដ្ឋមន្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា៖ ការគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដល់មូលនិធិ អ៊ឹង ហ្វោន ដេសិន ជាកាយវិការមួយជាគំរូ ដែលបង្ហាញលើកិច្ចសហការយ៉ាងត្រឹមត្រូវ ប្រកបដោយគុណតម្លៃរវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការធ្វើកិច្ចសហការលើ បេសកម្ម ការពារ ថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ស្របពេលដែលប្រទេសកម្ពុជា ស្ថិតក្នុងសន្តិភាពពេញលេញ និងមហាជននឹងមានការអភិវឌ្ឍន៍។ លោករដ្ឋលេខាធិការ បាន មានប្រសាសន៍ថា៖ ការរៀបចំសង្ក្រាន្តនេះ ជាកាយវិការគាំទ្រដ៏ប្រពៃនេះ គឺស្របទៅនឹង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តក្នុងឆ្នាំថ្មីៗកន្លងទៅនេះ ដោយបានណែនាំឲ្យគ្រប់ ស្ថាប័នសាធារណៈសហការជាមួយដៃគូឯកជន ដើម្បីធ្វើសកម្មភាពគាំទ្រគ្នាទៅវិញទៅមកលើគ្រប់ វិស័យ។ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នាមលើកឡើងថា « ឯកជនជាអ្នកអនុវត្ត ឯរដ្ឋជាអ្នកគាំទ្រ» ។
គួររម្លឹកថា កាលពីថ្ងៃទី ១៨ និង ១៩ ខែធ្នូ ឆ្នាំ ២០២១ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា បានរៀបចំកម្មវិធីប្រឡងដាល់អំបុកខ្មែរថែប្រពៃណីជាតិ នៅភូមិដំណាក់កកោះ ឃុំពោធិ៍ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងលើកស្ទួយថែរក្សាមរតកវប្បធម៌ដូនតាសាសនាប្រពៃណីជាតិ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាជន។ ក្នុងកម្មវិធីនោះរួមមាន ប្រកួតច្រូតស្រូវ បោកស្រូវ អុំនិងរែងស្រូវនិងដាល់អំបុកខ្មែរ និងកម្មវិធីកម្សាន្តផ្សេងៗទៀត៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍២១ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤