ព័ត៌មានជាតិ
សមត្ថកិច្ចមិនទាន់បាននាំខ្លួនលោក សៀម ភ្លុក ចូលតុលាការនៅឡើយទេ ខណៈមានព័ត៌មានថា លោកកំពុងភៀសខ្លួន
សមត្ថកិច្ចមិនទាន់បាននាំខ្លួនលោក សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ ដែលត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យនាំខ្លួនឲ្យបានមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២នៅឡើយទេ ខណៈលេចលឺព័ត៌មានពីខាងមេធាវីថា លោក សៀម ភ្លុក កំពុងតែភៀសខ្លួនស្នាក់នៅកន្លែងសុវត្ថិភាពមួយរយៈ។
កាលពីថ្ងៃទី ៤ ខែមេសាកន្លងទៅនេះ លោក សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យនាំខ្លួន ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង។
នៅក្នុងដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លិ សុខា បានឲ្យដឹងថា អតីតស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ត្រូវបានចោទប្រកាន់ ២បទល្មើស រួមមាន៖ បទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ ដែលបទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៦២៦, មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងដីកាដដែល បានបញ្ជាក់ថា ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ សៀម ភ្លុក មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។ ហេតុដូច្នេះសម្រេច៖ ១. ឲ្យនាំខ្លួនឈ្មោះ សៀម ភ្លុក ភេទប្រុស ដែលមានអត្តសញ្ញាណខាងលើនេះ។ ២. បង្គាប់មកកងកម្លាំងសាធារណៈឲ្យនាំខ្លួនជនត្រូវចោទខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ជាកំហិត ដើម្បីចាត់ការតាមច្បាប់។
ប្រភពព័ត៌មានពីសមត្ថកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី ១៩ ខែមេសានេះថា សមត្ថកិច្ចមិនទាន់ឃាត់ខ្លួនលោក សៀម ភ្លុក បាននៅឡើយទេ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។ ទោះជាបែបណាក៏ដោយ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «មន្ត្រីអនុវត្តច្បាប់ បើមានដីកា គឺត្រូវតែអនុវត្តតាមច្បាប់»។
លោក សៀម ភ្លុក មានទីកន្លែងកំណើតនៅភូមិ ៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកមានអាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ ៩២E1 ផ្លូវលេខ ១៩៣ ភូមិ ៤ សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នៅក្នុងដីកា របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា បានបញ្ជាក់ថា សមត្ថកិច្ច បានបញ្ជូនដីកាកោះទៅដល់អាសយដ្ឋានរបស់ជនត្រូវចោទ តែទីតាំងនោះត្រូវបានបិទតាំងពីឆ្នាំ ២០២១ ហើយមិនអាចទាក់ទងទៅជនត្រូវចោទបានឡើយ។
សូមជម្រាបថា ក្រសួងមហាផ្ទៃ បានបដិសេធចំពោះសំណើស្នើសុំចុះបញ្ជី របស់គណបក្សបេះដូងជាតិ ក្នុងបញ្ជីគណ បក្សនយោបាយ នៅក្រសួងមហាផ្ទៃ។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានរកឃើញថា ការផ្តិតស្នាមមេដៃរបស់សមាជិក ដើម្បីគាំទ្រក្នុងការសុំចុះបញ្ជី មានចេតនាទុច្ចរិត ដោយមានការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្ដិតធ្វើឲ្យខូចគុណភាព ដើម្បីបង្កើនបរិមាណចំនួនសមាជិក។
លិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលផ្ញើជូនលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ បានបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី គណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេចបដិសេធការសុំចុះបញ្ជីរបស់ «គណបក្សបេះដូងជាតិ» ដោយសារការផ្តិតស្នាមមេដៃ របស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រក្នុងការសុំចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្ដិតធ្វើឲ្យខូចគុណភាព ដើម្បីបង្កើនបរិមាណចំនួនសមាជិក ព្រមទាំងខ្លឹមសារប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស ផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ ស្តីពី គណបក្សនយោបាយផងដែរ។
ជាមួយគ្នានេះ តុលាការក៏បានចេញដីកាកោះហៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ ដើម្បីសាកសួរពីដំណើររឿងនេះ។ លោក សៀម ភ្លុក កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ បានប្រកាសចូលរួមជីវភាពនយោបាយ ជាមួយគណបក្សភ្លើងទៀន៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ