ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ ជំរុញអគ្គនាយកដ្ឋានជំនាញ បន្តប្រឹងប្រែងលើការអភិវឌ្ឍអាជីវកម្ម តាមបទដ្ឋានបច្ចេកទេស
លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញដល់អគ្គនាយកដ្ឋាន និងនាយកដ្ឋានមន្ទីរជំនាញទាំងអស់ បន្តប្រឹងប្រែងលើការអភិវឌ្ឍអាជីវកម្មតាមបទដ្ឋានបច្ចេកទេស ការសន្សំសំចៃថាមពល អនុវត្តឧស្សាហកម្មបៃតង ជាពិសេសការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់បុគ្គលិក និងនិយោជិក ឲ្យមានចំណេះជំនាញស្របនឹងមុខសញ្ញាការងាររបស់ខ្លួនបន្ថែមទៀត លើកិច្ចការប្រចាំថ្ងៃ។
លោកបណ្ឌិត ចម ប្រសិទ្ធ បានជំរុញបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រីមាសទី ១ រវាងសមាគមសហគ្រិនស្ត្រីកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលសហការរៀបចំដោយក្រុមការងារ របស់អគ្គនាយកដ្ឋានឧស្សាហកម្ម និងអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់លោកបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលបានកំណត់រយៈពេល ៣ខែម្ដង ដើម្បីភាគីទាំងពីរ គឺក្រសួង និងសមាគមពិភាក្សាអំពីបញ្ហាប្រឈម និងសំណើដំណោះស្រាយ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា ដែលបានចងក្រងក្នុងសៀវភៅសរបស់ខ្លួន។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះភាពរីកចម្រើន និងធនធានមនុស្សជាស្ត្រី ដែលមានសហគ្រិនភាពដ៏ឆ្នើមនៅក្នុងក្រុមហ៊ុន សហគ្រាសរបស់ខ្លួន ហើយបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
បន្ទាប់មកអង្គពិធីបានពិភាក្សាផ្តល់អនុសាសន៍ និងផ្តល់ដំណោះស្រាយជាក់ស្តែង ទៅលើបញ្ហាចំនួន ៣ ចំណុច ដែលត្រូវបានធ្វើបទបង្ហាញ មានចែងក្នុងសៀវភៅសទី ២ និងទី ៣ របស់សមាគម។ ចំណុច បញ្ហាទាំង ៣ នោះរួមមាន៖ ទី១-បុគ្គលិកខ្វះជំនាញ និងប្រាក់ឈ្នួលខ្ពស់ ទី២-មានការលំបាកក្នុងការទទួលកម្ចីពីធនាគារ និងទី៣-ផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ លើអាជីវកម្ម។
ឆ្លើយតបនឹងបញ្ហាខាងលើ លោកបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងថ្នាក់ដឹកនាំទទួលបន្ទុក បានធ្វើការផ្តល់អនុសាសន៍ និងដំណោះស្រាយជាក់ស្តែងជាច្រើន ដោយសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍអាជីវកម្មតាមបទដ្ឋានបច្ចេកទេស ការសន្សំសំចៃថាមពល អនុវត្តឧស្សាហកម្មបៃតង ជាពិសេសការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់បុគ្គលិក និងនយោជិកឲ្យមានចំណេះជំនាញស្របនឹងមុខសញ្ញាការងាររបស់ខ្លួន។ ទាក់ទងនឹងការលំបាកទទួលបានប្រាក់កម្ចីពីធនាគារ ថ្នាក់ដឹកនាំបានលើកឡើងពីការខិតខំ របស់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បង្កើតឲ្យមានធនាគារ SME ធនាគារអភិវឌ្ឍជនបទជាដើម ដើម្បីសហគ្រាសទទួលបានប្រាក់កម្ចីដែលមានការប្រាក់ទាប។
ចំពោះបញ្ហាផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ លើធុរកិច្ច ថ្នាក់ដឹកនាំក្រសួងជម្រាបថា កន្លងមក ក្រសួងបានទទួលជំនួយបច្ចេកទេសពីស្ថានទូតអូស្ត្រាលី តាមរយៈអង្គការ CAVAC សម្រាប់ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់សមត្ថភាពសហគ្រិនជាស្ត្រី តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្មទាំង ២៥រាជធានីខេត្ត។ ជាមួយគ្នានេះ ក៏មានការបើកវគ្គបណ្តុះបណ្តាល បច្ចេកទេស ដើម្បីជួយស្តារ និងលើកស្ទួយអាជីវកម្មឡើងវិញ ទៅតាមរបត់ថ្មីនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាច្រើនផងដែរ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្រេចឲ្យរៀបចំពិធីសម្ពោធសៀវភៅស ក្បាលទី ២ និងទី ៣ ដែលចងក្រងដោយសមាគម នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ខាងមុខ នៅទីស្តីការក្រសួង។ ទាក់ទងនិងការខ្វះទីតាំង សម្រាប់តាំងបង្ហាញផលិតផលស្នាដៃខ្មែរ លោកបណ្ឌិត អនុញ្ញាតឲ្យសមាគមយកផលិតផលរបស់ខ្លួន មកតាំងនៅទីតាំងទីស្តីការក្រសួង នៅពេលអគារថ្មីកំពស់ ១៨ជាន់ នឹងសាងសង់រួចនាពេលខាងមុខ។ ចំពោះវគ្គបណ្តុះបណ្តាលនានា ត្រូវខិតខំបន្តទៀតទាំងតាមប្រព័ន្ធអនឡាញ និងការចុះដល់រោងចក្រដោយផ្ទាល់៕
អត្ថបទ៖ វិមាន






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ