Connect with us

ព័ត៌មានជាតិ

អាជ្ញាធរគ្រោងរៀបចំកាត់សំយ៉ាបផ្ទះពលរដ្ឋ ក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង

បានផុស

នៅ

អាជ្ញាធរខេត្តបាត់ដំបងគ្រោងចុះរៀបចំកាត់សំយ៉ាបផ្ទះពលរដ្ឋ ស្លាកយីហោ និងផ្លូវថ្មើរជើងនៅក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់ឱ្យបានស្រស់ស្អាតឡើងវិញឱ្យសក្ដិសមជាផ្ទះបុរាណដែលបន្សល់មកពីសម័យអាណានិគមបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើគំរូប្លង់​បច្ចេកទេស​សំយ៉ាប ស្លាកយីហោ និងផ្លូវថ្មើ​រជើ​ង ក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង នៅថ្ងៃទី២០ ខែមេសានេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្រ្ដីជំនាញទាំងអស់ ត្រូវបង្កើតក្រុមការងារមួយដើម្បីធ្វើការសិក្សាអំពីការកាត់សំយ៉ាប ការរៀបចំប្លង់គំរូសំយ៉ាបថ្មីដែលត្រូវសាងសង់ សិក្សាអំពីតម្លៃនៃការសាងសសង់ឱ្យបានច្បាស់លាស់ និងត្រូវធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋរស់នៅតំបន់ដែលរដ្ឋបាលខេត្ត ត្រូវបានកំណត់ឱ្យមានការរុះរើសំយ៉ាបផ្ទះ ដែលពីមុនមកមានការដាក់រៀបចំសំយ៉ាបផ្ទះគ្មានសណ្ដាប់ធ្នាប់ ធ្វើឱ្យបាត់បង់សម្រស់នៃផ្ទះបុរាណដែលបន្សល់មកពីសម័យអាណានិគមបារាំង ក៏ដូចជាធ្វើឱ្យបាត់បង់នូវគុណតម្លៃនៃតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង។

លោកអភិបាលខេត្តក៏បានជំរុញណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធ បន្តសកម្មភាពក្នុងការរៀបចំសណ្តាប់សាធារណៈនៅក្នុងក្រុងបាត់ដំបង ពិសេសផ្លូវជុំវិញផ្សារនានា ក្រៅពីនោះ បញ្ហាបរិស្ថាន និងសំរាមនៅក្នុងក្រុងបាត់ដំបង ត្រូវធ្វើឱ្យបានលឿន និងទាន់ពេលវេលា ដោយធ្វើយ៉ាងណាកុំឱ្យក្រុងបាត់ដំបងក្លាយជាទីក្រុងសំរាមឱ្យសោះ អ្វីដែលសំខាន់ត្រូវរួមគ្នាគិត រួមគ្នាធ្វើទាំងអស់គ្នា ដើម្បីទីក្រុងបាត់ដំបងកាន់តែស្អាត មានសោភណ្ឌភាពស្រស់បំព្រងគ្រប់រដូវកាល។

លោកអភិបាលខេត្តបានណែនាំដល់ក្រុមការងារ ធ្វើការសិក្សាអំពីលទ្ធភាពដែលអាចរៀបចំចំណតយានយន្ត និងកន្លែងថតរូបជាដើម នៅរង្វង់មូលលោកតាដំបងក្រញ៉ូង ដើម្បីអាចឱ្យភ្ញៀវទេសចរដែលអញ្ជើញមកធ្វើការបន់ស្រន់នៅរូបសំណាកលោកតាដំបងក្រញ៉ូង ងាយស្រួលក្នុងការចតយានជំនិះរបស់ខ្លួន និងមានទីកន្លែងដែលអាចថតរូបបានយ៉ាងស្រស់ស្អាត ក្នុងន័យជំរុញសក្ដានុពលទេសចរណ៍ក្នុងខេត្តបាត់ដំបង និងជាពិសេសត្រូវពិនិត្យមើលការដាំដើមឈើនានានៅក្នុងក្រុងបន្ថែមទៀត ដើម្បីឱ្យក្រុងបាត់ដំបងមានសោភ័ណភាពបៃតងស្រស់ បង្កើនសម្រស់ក្រុងបាត់ដំបងឱ្យកាន់តែទាក់ទាញបន្ថែមទៀតផងដែរ។

ក្រុងបាត់ដំបងត្រូវបានចាត់ទុកថា ជាទីក្រុងមួយរបស់ខេត្តបាត់ដំបង ដែលមានសំណង់អគារផ្ទះល្វែងបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង។ បច្ចុប្បន្នសំណង់ទាំងនេះកំពុងត្រូវបានធ្វើការអភិរក្សឱ្យក្លាយទៅជាតំបន់ការពារបេតិកភណ្ឌជាតិដ៏មានតម្លៃ ក្នុងកិច្ចការថែរក្សាការពារនូវវប្បធម៌ដ៏សម្បូរបែប និងតម្លៃប្រវត្តិសាស្ត្ររបស់ក្រុងបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជា ហើយការងារអភិរក្សតំបន់បេតិកភណ្ឌនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សជំនាន់ក្រោយបានយល់ និងបានរៀនសូតអំពីប្រវត្តិសាស្ត្រ ដើមកំណើត និងវប្បធម៌របស់ទីក្រុងបាត់ដំបង។

បើតាមប្លង់គោលរបស់រដ្ឋបាលក្រុងបាត់ដំបងបានបញ្ជាក់ថា សំណង់អគារផ្ទះល្វែងដែលជាសំណង់អភិរក្សដែលមានក្នុងក្រុងបាត់ដំបងមានប្រហែល ៨០០ អគារ ដែលបានសាងសង់ក្នុងដំណាក់កាលបីផ្សេងគ្នា បានឆ្លុះបញ្ចាំងពីប្រវត្តិនៃការអភិវឌ្ឍក្រុងបាត់ដំបង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម