ព័ត៌មានជាតិ
កម្ពុជាស្នើឥណ្ឌា ពន្លឿនបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ការស្នើឲ្យប្រធានរដ្ឋសភាឥណ្ឌាពន្លឿនបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោក អំ បឺរឡា ( Om Birla) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា ខណៈកំពុងដឹកនាំប្រតិភូទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
នៅក្នុងជំនួប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក អំ បឺរឡា បានពិភាក្សាការងារទ្វេភាគីនៅក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ។ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឥណ្ឌា បានសម្តែងក្តីសប្បាយ រីករាយជាទីបំផុត ចំពោះសមិទ្ធផលជា ច្រើន ដែលកើតចេញពីទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរ ជាប្រវត្តិសាស្រ្តនៅក្នុងរយៈពេល៧០ឆ្នាំមកនេះ។ ប្រជាជនកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ដែលមានវប្បធម៌ ជំនឿ សាសនា ស្រដៀងគ្នា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភា នាពេលនេះ ពិតជាផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមំា និងស៊ីជម្រៅថែមទៀត។ សម្តេចបានបញ្ជាក់ថា ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនច្រើនទេដែលបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងបានបើកស្ថានទូតនៅកម្ពុជានាឆ្នាំ១៩៨១។
សម្តេចប្រធានរដ្ឋសភាបានជម្រាបគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឥណ្ឌា អំពីការបន្តរក្សាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជាក្នុងរយៈពេលវែង ព្រមទំាងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់ និងសកលលោក។ សម្តេចបានលើកឡើង ពីការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមនឹងវិធានការស្តារសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ នៅក្រោយវិបត្តិកូវីដ១៩។
សម្តេចអគ្គមហាពញាចក្រី បានលើកឡើងថា ចាប់តាំងពីនីតិកាលទី១មក រដ្ឋសភាកម្ពុជា បាននិងកំពុងបន្តពង្រឹងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាសភានានា នៅក្នុងតំបន់ និងសកលលោក សំដៅរួមចំណែកលើកកម្ពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងក្របខណ្ឌតំបន់ និងសកលលោក។
រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជាជាមួយសភាជាង១០០ប្រទេសនៅលើសកលលោក ក្នុងនោះក៏មានរដ្ឋសភាឥណ្ឌាផងដែរ ក្នុងបំណងជំរុញលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការជាលក្ខណៈទ្វេភាគី ដើម្បីផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ចំណែកលោក អំ បឺរឡា បានសម្តែងការគំាទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា តាមរយៈការជួបសន្ទនាជាទៀងទាត់របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរបានធ្វើឱ្យទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជា និងឥណ្ឌាកាន់តែស៊ីជម្រៅ។ លោកថា ប្រទេសឥណ្ឌាបានឱ្យតម្លៃជាសំខាន់ចំពោះទំនាក់ទំនងប្រទេសទំាងពីរ។ មានគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ឥណ្ឌានៅកម្ពុជា ដូចជាវិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា ដែលគម្រោងទំាងអស់នោះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះដែរ លោកបានគោរពអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានាពេលខាងមុខ ដោយសំអាងថា វត្តមានសម្តេច ហេង សំរិន នៅប្រទេសឥណ្ឌាមានសារសំខាន់ ដើម្បីចូលរួមក្នុងវេទិកាអាស៊ាន-ឥណ្ឌាផងដែរ និងក្នុងឱកាសប្រទេសទំាងពីរប្រារព្ធខួបលើកទី៧០ នៃចំណងការទូត និងចំពេលដែលឥណ្ឌាប្រារព្ធខួបលើកទី៧៥ នៃទិវាឯករាជ្យជាតិ ក៏ដូចជាឱកាសម្ពោធអគាររដ្ឋសភាថ្មីផងដែរ។
ជាការឆ្លើយតប សម្តេចអគ្គមមហាចក្រី ហេង សំរិន បានទទួលសំណើរបស់គណៈប្រតិភូសភាឥណ្ឌា។ ជាមួយគ្នាសម្តេចបានគោរពអញ្ជើញ គណៈប្រតិភូសភាឥណ្ឌា មកចូលរួមមហាសន្និបាត AIPA លើកទី៤៣ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខ ក្នុងនាមជាសភាសង្កេតការណ៍។
ជាមួយគ្នានោះ សម្តេចបានស្នើឲ្យភាគីឥណ្ឌាពន្លឿនដល់ការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទំាងពីរ និងបន្តគំាទ្រការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា និងជួយកិច្ចសហការក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌ វប្បធម៌ និងជំរុញដល់រដ្ឋាភិបាលឥណ្ឌា អនុវត្តការស្តារបេតិកភណ្ឌប្រាសាទបាយ័ន ព្រះវិហារ ដែលឥណ្ឌា ជាសហប្រធាន ICC ព្រះវិហារនោះ។
ទាក់ទងបញ្ហានេះ លោក អំ បឺរឡា បានទទួលសំណើរបស់សម្តេច ហេង សំរិន និងសន្យាថា នឹងផ្តល់ចម្លើយជាវិជ្ជមានតាមរយៈឯកអគ្គរដ្ឋទូតប្រចំានៅកម្ពុជា៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង