ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងរៀបចំប្រឡងសិស្សពូកែទូទាំងប្រទេស ឡើងវិញ ក្រោយអាក់ខាន ២ ឆ្នាំ
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ឡើងវិញ ក្រោយខនខានអស់រយៈពេល ២ ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។
លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅក្នុងសេចក្តីអំពាវនាវស្តីពី ការជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ដែលទើបទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះថា ក្រសួងនឹងរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង និងជំនាញ ប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ។
លោករដ្ឋមន្ត្រីបានបន្តថា ចំពោះពិធីបើកការប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក នៅក្នុងបរិវេណ វិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប និងពីធីបិទ ចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក នៅទីតាំងដដែល។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីធ្វើឱ្យពិធីនេះកាន់តែអធិកអធម ក្រសួងអស់ យុវជន និងកីឡា សូមធ្វើការពាវនៅចំពោះសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនក្នុងប្រទេស ក៏ដូចក្រៅប្រទេសមេត្តាជួយឧបត្ថម្ភជាថវិកា ជាសម្ភារៈ សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស សំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់។
លោករដ្ឋមន្ត្រីបានបន្ថែមថា សប្បុរសជនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបិទចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី ដើម្បីទទួលលិខិតថ្លែងអំណរគុណ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ចំពោះកន្លែងទទួលអំណោយ គឺនៅនាយកដ្ឋានកិច្ចការប្រឡង ស្ថិតនៅអគារលេខ១៦៥ មហាវិថីព្រះនរោត្តម រាជធានី ភ្នំពេញ ទូរស័ព្ទលេខ ០១២ ៨៤៣ ៤៧៥ និង ០៧៧ ៩៩៤ ២០០។
ការជ្រើសរើសសិស្សពូកែនៅទូទាំងប្រទេសមានពីរកម្រិតគឺ ថ្នាក់ទី៩ និងថ្នាក់ទី១២ ដោយកម្រិតនីមួយៗប្រឡងបីមុខវិជ្ជាគឺ វិជ្ជាគណិត រូបវិទ្យា និងអក្សរសិល្ប៍ខ្មែរ ដោយ ១ មុខវិជ្ជាជ្រើសរើសសិស្សចំនួន ៨០ នាក់នៅទូទាំងប្រទេស ហើយបែងចែកទៅតាមកូតាខេត្តមានប្រជាជនតិច ឬច្រើន ដោយធ្វើឱ្យបាន ៨០ នាក់ក្នុង ១ មុខវិជ្ជា សរុបចំនួន ៤៨០ នាក់។
ចំណែករាជធានីខេត្តនីមួយៗត្រូវប្រឡងចម្រាញ់នៅខែមីនាឆ្នាំ២០១៩ ដោយយកសិស្សចំនួន ១០ នាក់ក្នុង ១ មុខវិជ្ជាដើម្បីបន្តទៅចូលរួមប្រឡងថ្នាក់ជាតិ។ មានន័យថាថ្នាក់ទី៩ យក ៣០ នាក់ និងថ្នាក់ទី១២ យក ៣០ នាក់ មកប្រឡងនៅថ្នាក់ជាតិ។ បន្ទាប់មកយកតែ ១០ នាក់ទេក្នុងមុខវិជ្ជានីមួយៗ។
ចំពោះជ័យលាភីវិញ ក្រសួងបានផ្តល់ចាប់ពីលេខ១ ដល់លេខ១០ តែជ័យលាភីលេខ១ ដល់លេខ៣ ទទួលបានពាន់អបដោយថវិកាពីក្រសួង។ ចំពោះប្រាក់រង្វាន់លេខ១ ទទួលបានចំនួន ៣ លាន ៥ សែនរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានចំនួន ៣ លាន ២ សែន រៀល លេខ៣ ទទួលបាន ២ លាន ៩ សែនរៀល លេខ៤ ទទួលបាន ២ លាន ៦ សែនរៀល លេខ៥ ទទួលបាន ២ លាន ៣ សែនរៀល លេខ៦ ទទួលបាន ២ លានរៀល លេខ៧ ទទួលបាន ១ លាន ៧ សែនរៀល លេខ៨ ទទួលបាន ១ លាន ៤ សែនរៀល លេខ ៩ ទទួលបាន ១ លាន ១ សែនរៀល និងលេខ១០ ទទួលបាន ៨០ ម៉ឺនរៀល៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់