ព័ត៌មានជាតិ
វិវាទការងារនៅក្រុមហ៊ុនណាហ្គាមិនទាន់មានដំណោះស្រាយដដែលខណៈភាគីនីមួយៗប្រកាន់ជំហររៀងៗខ្លួន
រហូតមកដល់ពេលនេះវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ ខណៈភាគីសហជីពនិងភាគីតំណាងក្រុមហ៊ុននៅតែបន្តប្រកាន់ជំហរតឹងរឹងរៀងៗខ្លួន។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចុះកាលពីយប់ថ្ងៃទី២២មេសាបានឱ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រសួងការងារ បានបន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាកិច្ចប្រជុំលើកទី៨ធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកជួបប្រជុំចរចារគ្នា។
នៅក្នុងកិច្ចប្រជុំភាគីសហជីព និងតំណាងភាគីកម្មករនិយោជិតបានបន្តលើកឡើងស្នើសុំដដែល ដោយស្នើឱ្យកម្មករនិយោជិត ២០០នាក់ ដែលបានបញ្ឈប់ពីការងាររួមចូលធ្វើការងារ និងធ្វើការដោះដូរជាមួយកម្មករនិយោជិត ដែលកំពុងបម្រើការងារហើយស្ម័គ្រចិត្តឈប់ ជំនួសប្រហែល ៣០០នាក់។ ក្រុមហ៊ុនអាចទទួលយកកម្មករនិយោជិតទាំង ២០០នាក់ ដោយផ្តល់ការងារឱ្យកម្មករនិយោជិតធ្វើការឆ្លាស់វេន ចំពោះខែទី១ ចំនួន ៥០% ខែទី២ ៧០% និងកើនឡើងបន្តបន្ទាប់រហូតដល់មានវេនធ្វើការងារពេញវិញ។

ជាមួយគ្នានេះដែរភាគីសហជីពតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំទំលាក់បទចោទចំពោះតំណាងកម្មករនិយោជិត នៃក្រុមហ៊ុន ណាហ្គាវើលដ៍ ទាំងអស់ សុំបើកការិយាល័យសហជីពឡើងវិញ និងស្នើសុំយកទូរស័ព្ទ កុំព្យូទ័រ និងសម្ភារផ្សេងៗមកប្រើប្រាស់ ដើម្បីធ្វើការទំនាក់ទំនងការងារវិញ។ បន្ថែមពីនេះ ស្នើសុំឱ្យក្រុមហ៊ុនផ្តល់ជម្រើសឱ្យមកខាងភាគីកម្មករនិយោជិត ដើម្បីឱ្យមានភាពយុត្តិធម៌ស្មើគ្នា។
ចំណែកតំណាងក្រុមហ៊ុន ណាហ្គាវើលដ៍គឺរក្សាជំហរមិនទទួលយកកម្មករនិយោជិតចំនួន ២០០នាក់ ដែលបានបញ្ឈប់ពីការងាររួមវិញទេ។ ជាក់ស្តែង ក្រុមហ៊ុនធ្លាប់បានបញ្ជាក់រួចមកហើយថា បច្ចុប្បន្ននេះ បើទោះបីជា មានបុគ្គលិកប្រហែល ៥០០នាក់ ដែលបន្តអវត្តមានពីកន្លែងការងារ ក៏មិនមានផលប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនដែរ។

ម្យ៉ាងវិញទៀត បុគ្គលិកដែលកំពុងបំពេញការងារ ក៏មិនមានទាន់មានការងារធ្វើពេញលេញនៅឡើយដែរ។ ដូចនេះ ចំពោះជំហរនៃការដោះស្រាយគឺនៅបន្តដូចកន្លងមក ដោយមិនយល់ព្រមទទួលយក កម្មករនិយោជិតដែលបានបញ្ឈប់ពីការងាររួមចូលធ្វើការងារវិញនោះទេ។
ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរនៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេដោយបានកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤៖៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងបានបញ្ជាក់ថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹងបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។
ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ