ព័ត៌មានជាតិ
លោកគួច ចំរើន ស្នើឱ្យទួតសិង្ហបុរីជួយកៀរគរវិនិយោគិនមកបណ្តាក់ទុននៅខេត្តព្រះសីហនុ
លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានស្នើឱ្យលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយកៀរគរវិនិយោគិនមកបណ្តាក់ទុននៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ការស្នើនេះបានធ្វើឡើងខណៈដែលលោកអភិបាលខេត្តបានអនុញ្ញាឱ្យលោកស្រីឯកអគ្គរដ្ឋទួតសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីពេលថ្មីៗនេះ។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា បច្ចុប្បន្ននេះនៅខេត្តព្រះសីហនុមានជនជាតិសិង្ហបុរី បានមកធ្វើការវិនិយោគលើផ្នែកអចលន:ទ្រព្យ និងទេសចរណ៍។

លោកអភិបាលខេត្តបានស្នើសុំឱ្យលោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរី ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់ប្រជាពលរដ្ឋសិង្ហបុរី និងជម្រុញអ្នកវិនិយោគសិង្ហបុរីមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុឱ្យកាន់តែច្រើនបន្ថែមទៀត។
លោកអភិបាលខេត្តបានបញ្ជាក់ថាការជំរុញឱ្យវិនិយោគិនមកបណ្តាក់ទុករកស៊ីនៅខេត្តបន្ថែមទៀតនេះដោយសារខេត្តព្រះសីហនុ មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានសហការជាមួយ JICA សាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី១ អាចឱ្យនាវាមានជំរៅទឹក ១៣,៥០ម៉ែត្រ ចូលចតបាននៅឆ្នាំ២០២៥ និងបន្តពង្រឹងបន្ថែមដល់ឆ្នាំ២០២៩ អាចឱ្យនាវាមានជំរៅទឹក ១៥ម៉ែត្រចូលចតបាន ហើយនាវានៅលើពិភពលោក ៩៧ភាគរយអាចចូលចត និងធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកមានការថយចុះប្រកួតប្រជែងប្រទេសក្នុងតំបន់។
ជាងនេះទៀត ខេត្តព្រះសីហនុ មានអាកាសយានដ្ឋានអន្តរជាតិ ដែលមានផ្លូវរត់ប្រវែង៣,៤០០ម៉ែត្រ បច្ចុប្បន្នកំពុងបន្តសាងសង់ស្ថានីយចេញដំណើរនិងមានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ គ្រោងនឹងដាក់ឱ្យដំណើរការនៅពេលឆាប់ៗខាងមុខនេះ គាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
លោកអភិបាលខេត្ត បានរំលឹកថា រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាក្នុងការកែលម្អជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុចំនួន៣៧ខ្សែ ដឹកនាំដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ផ្អែកតាមផែនការមេ រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី។
នាឱកាសនោះ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី បានមានប្រសាសន៍ថានេះគឺជាលើកទីពីរ ដែលលោកស្រីបានមកកាន់ខេត្តព្រះសីហនុខណៈលើកទី១ បានចូលរួមកិច្ចប្រជុំវេទិការទេសចរណ៍អាស៊ានកាលពីខែមករា ឆ្នាំ២០២២កន្លងមក ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្ធូរបន្ថយនៃការរឹតបន្តឹងវិធានការកូវីដ-១៩ ដែលធ្វើឱ្យមានទំនុកចិត្តក្នុងតំបន់។

លោកស្រីបានបន្តថា ការមកទស្សនកិច្ចនាពេលនេះ លោកស្រីក៏បានទៅទស្សនារូបសំណាក “ព្រះថោងនាងនាគ” ដែលមានភាពស្រស់ស្អាតរស់រវើកជាស្នាដៃខ្មែរផងដែរ។
លោកស្រីឯកអគ្គរដ្ឋទួតសង្ឃឹមថា ក្រោមការដឹកនាំរបស់លោកអភិបាលខេត្តនឹងធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយលោកស្រីក៏ចង់ឃើញការអភិវឌ្ឍថ្មីៗបន្ថែមទៀតមានដូចជាកំពង់ផែ ផ្លូវល្បឿនលឿន ក្នុងអាណត្តិរបស់លោកស្រីជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងគម្រោងជាច្រើនផ្សេងទៀតធ្វើឱ្យទីក្រុងនេះ ក្លាយជាទីក្រុងឆ្លាតវៃ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថក្នុងនាមខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងចំណោមរាជធានីភ្នំពេញ និងខេត្តសៀមរាប៕
សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់