ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នច្បាប់វិនិយោគនៅកម្ពុជា មានលក្ខណៈល្អប្រសើរច្រើនណាស់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រាប់អ្នកវិនិយោគជប៉ុនថា បច្ចុប្បន្នច្បាប់វិនិយោគនៅកម្ពុជា មានលក្ខណៈល្អប្រសើរច្រើនណាស់ សូមចូលមកវិនិយោគដោយរីករាយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/SHphoto_2022-04-24_15-00-40-5-1024x681.jpg)
សម្ដេចតេជោបញ្ជាក់បែបនេះ ខណៈសម្ដេចបានទទួលជួបពិភាក្សាការងារជាមួយលោក កាបាសហ្ស៊ីម៉ា អ៊ីគូអុ អភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន ៨ ក្រុមហ៊ុន ដែលកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងរៀបចំធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅកម្ពុជានាពេលខាងមុខ។
នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះក្រុមហ៊ុនទាំងអស់ ដែលបាននឹងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោបានអនុញ្ញាតឱ្យក្រុមហ៊ុននីមួយៗបានលើកឡើងអំពីសកម្មភាពវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគម្រោងវិនិយោគនាពេលខាងមុខផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/SHphoto_2022-04-24_15-00-40-4-1024x781.jpg)
សម្ដេចតេជោនាយករដ្ឋមន្រ្តីបញ្ជាក់ថា៖ “បច្ចុប្បន្ននេះ ច្បាប់វិនិយោគនៅក្នុងប្រទេសកម្ពុជា គឺមានភាពល្អប្រសើរច្រើនសម្រាប់អ្នកវិនិយោគក្រៅប្រទេសទាំងអស់ ដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា”។ បើតាមសម្ដេចតេជោ ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងពង្រីក ទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នៅក្នុងជំនួបជាមួយក្រុមហ៊ុនមីតស៊ូប៊ីស៊ី (MITSUBISHI) លោក Yogo KANDA អ្នកចាត់ការទូទៅនៃក្រុមហ៊ុនមីតស៊ូប៊ីស៊ី (MITSUBISHI) នៅភ្នំពេញ និងជាប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់ក្រុមហ៊ុនរបស់លោកនៅក្នុងប្រទេសកម្ពុជា ជាពិសេសលោកមានក្រុមហ៊ុនចំនួន ៣ ដែលបំបែកចេញពីក្រុមហ៊ុនធំរបស់គាត់ ដែលទីមួយ គឺក្រុមហ៊ុន MITSUBISHI Corporation ជាក្រុមហ៊ុនមួយគ្រប់គ្រងការផលិត និងដឹកជញ្ជូន ផលិតផលកាត់ដេរ ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ទី២ គឺក្រុមហ៊ុននាំចូលនូវរថយន្តមកកាន់ទីផ្សារកម្ពុជា និងទី៣ ជាក្រុមហ៊ុនលក់តំឡើង និងជួសជុល ថែទាំជណ្ដើរយន្ត។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/SHphoto_2022-04-24_15-00-40-6-1024x681.jpg)
នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុនសែន បានចាត់ទុកក្រុមហ៊ុនមីតស៊ុប៊ីស៊ី ដែលបានបើកនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៧ ដែលពេលនេះមានរយៈពេល ២៥ ឆ្នាំហើយថា មានភាពចាស់ទុំ ហើយអ្វីដែលសំខាន់ គឺមានការផ្លាស់ប្ដូរកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អ្វីដែលទីផ្សាកម្ពុជាត្រូវការ ក៏មានរថយន្ត ជណ្តើរយន្តនេះផងដែរ ដែលក្រុមហ៊ុនកំពុងតែវិនិយោគសព្វថ្ងៃ។ ជាមួយគ្នានោះ សម្តេចតេជោក៏ចង់ឃើញពីការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ ជាពិសេសផលិតផលកាត់ដេរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយដែលសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា មានកិច្ចប្រជុំជាទៀងទាត់ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងមួយឆ្នាំ ២ ដង។ សម្ដេចបានបានជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសធ្វើយ៉ាងណាជំរុញការនាំចេញវិស័យកាត់ដេរឱ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សាររបស់ប្រទេសជប៉ុន៕
អត្ថបទ៖ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៥ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត