ព័ត៌មានជាតិ
ក្រសួងប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍស្នាដៃថ្មី
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ បានរៀបចំពិធីប្រារព្ធពិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោក អមដោយសិក្ខាសាលា ក្រោមប្រធានបទ “កម្មសិទ្ធិបញ្ញា និងយុវជន ៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ”។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ទិវាកម្មសិទ្ធិបញ្ញា និងសិក្ខាសាលានេះ មានសារសំខាន់សម្រាប់យុវជន ក្នុងការផ្ដល់ចំណេះដឹង ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការបង្កើតស្នាដៃថ្មីបន្ថែមទៀត។
លោក ប៉ាន សូរសក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា គោលបំណងនៃការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក មិនត្រឹមតែជាការរំឭកខួបនៃការចូលជាធរមាននៃអនុសញ្ញាស្ដីពីការបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍មួយ បង្កើតឱ្យស្ថាប័នរដ្ឋ រដ្ឋាភិបាល វិស័យឯកជន ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ រួមកម្លាំងគ្នា និងបង្កើនកិច្ចសហការចូលរួមលើកកម្ពស់ការពារកម្មសិទ្ធិបញ្ញា និងផ្សព្វផ្សាយសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ដែលផ្សារភ្ជាប់ជាមួយការរស់នៅរបស់យើង ពិសេសការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យា។

លោក ប៉ាន សូរសក្ដិ ឱ្យដឹងថា ក្របខណ្ឌនៃការគ្រប់គ្រងកម្មសិទ្ធិបញ្ញារបស់ប្រទេសកម្ពុជាបានចាប់ផ្ដើមឡើងវិញតាំងពីទស្សវត្សរ៍៩០ ក្នុងដំណាក់កាលស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងប្រទេសជាសមាជិក ដើម្បីលើកម្ពស់ចំណេះដឹងសាធារណៈអំពីសារៈសំខាន់របស់កម្មសិទ្ធិបញ្ញាលើគ្រប់វិស័យរួមទាំងការកសាងកេរ្តិ៍ឈ្មោះម៉ាក ការបង្កើតគំនិតថ្មី គំនិតច្នៃប្រឌិត ដែលមានឥទ្ធិពលក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការចូលរួមការការពារកម្មសិទ្ធិបញ្ញា។

កម្ពុជាបានចូលជាសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ១៩៩៥ ខណៈបច្ចុប្បន្នមានសមាជិកសរុប ១៩៣ ប្រទេស ហើយកម្ពុជាបានចូលរួមយ៉ាងសកម្ម ដើម្បីបំពេញកតព្វកិច្ចអន្តរជាតិ ពាក់ព័ន្ធនឹងការការពារ និងលើកកម្ពស់កម្មសិទ្ធិបញ្ញា។
យ៉ាងណាក៏ដោយ លោកស្រី ភឿង សកុណាសង្ឃឹមថាទិវាកម្មសិទ្ធិបញ្ញាពិភពលោក នឹងក្លាយជាទិវាកម្មសិទ្ធិបញ្ញាជាតិ ដែលនឹងត្រូវប្រារព្ធជារៀងរាល់ឆ្នាំសម្រាប់កម្ពុជានាឆ្នាំងខាងមុខបន្តបន្ទាប់ទៀត ដើម្បីលើកកម្ពស់ ការស្រាវជ្រាវ និងអភិវឌ្ឍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងជំរុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មី។

ទន្ទឹមនឹងនេះ ក៏អាចលើកកម្ពស់ ឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ហើយចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០៕



អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង