ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសកម្ពុជា ស្នើឱ្យអ៊ីតាលីពិនិត្យពិចារណាឡើងវិញ ពីការយកពន្ធខ្ពស់លើការនាំចូលអង្កររបស់កម្ពុជា
ការស្នើរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈលោកទទួលជួបលោក Lorenzo GALANTI ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំកម្ពុជា មាននិវេសនដ្ឋាន នៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បាក់ សុខុន បានអរគុណចំពោះរដ្ឋាភិបាលអ៊ីតាលី ដែលបានផ្តល់អំណោយវ៉ាក់សាំងអាស្ត្រាហ្សែននិកា (Astra Zeneca) ចំនួន ១,៥៦លានដូសដល់កម្ពុជា ហើយដែលត្រូវបានរៀបចំពិធីទទួលផ្ទាល់ដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ ដែលជំនួយនេះបានបង្ហាញពីសាមគ្គីភាពជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងស្មារតីសាមគ្គីភាពជាសកលនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កាលពីពេលកន្លងមក កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរ Westerdam ដែលត្រូវ បានបដិសេធការចូលចតដោយប្រទេសមួយចំនួន ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានផ្តល់ជំនួយវ៉ាក់សាំង និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រទៅប្រទេសមួយចំនួនរួមមាន មីយ៉ាន់ម៉ា ឡាវ វៀតណាម នេប៉ាល់ និងទីម័រខាងកើត ជាដើម និងបានបញ្ជូនកងកម្លាំងកម្ពុជាជាង៨ពាន់នាក់ទៅចូលរួមក្នុងបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសមួយចំនួន។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ ដែលបានស្តែងឱ្យឃើញតាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម និងវត្តមាននៃម៉ាកផលិតផល និងហាងអាហារល្បីៗរបស់អ៊ីតាលី នៅក្នុងប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ថា បើទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្ម ទ្វេភាគីមានស្ថិរភាពល្អ និងបន្តកើនឡើងលំដាប់ ព្រមទាំងបានលើកទឹក ចិត្តឱ្យភាគីទាំងពីររិះរកមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្ម។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអ៊ីតាលីពិនិត្យពិចារណាឡើងវិញអំពីការយកពន្ធខ្ពស់លើការនាំចូលអង្កររបស់កម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះអ៊ីតាលីផងដែរ ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងវិស័យវប្បធម៌ ក្រោមក្របខ័ណ្ឌអាជ្ញាធរជាតិអប្សរា តាមរយៈការបណ្តុះបណ្តាលអ្នកជំនាញអភិរក្សប្រាសាទបុរាណខ្មែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះលទ្ធផលដ៏ល្អប្រសើរនៃយុទ្ធនាការចាក់ វ៉ាក់សាំងនៅកម្ពុជា និងបានថ្លែងអំណរកម្ពុជាដែលបានចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនដល់ជនជាតិ អ៊ីតាលី ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយនិងការផ្តល់នូវកិច្ចសហការដ៏ល្អរបស់ក្រសួងការបរទេសកម្ពុជាជូនចំពោះលោកក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
ដោយឡែកនៅក្នុងក្របខ័ណ្ឌអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន លោកឯកអគ្គរដ្ឋទូត ដោយត្រួសៗអំពី សភាពការណ៍ និងការប្រឈមជាក់ស្តែងនៅមីយ៉ាន់ម៉ា ហើយនិងលទ្ធផលនៃទស្សនកិច្ចលើកទី១ របស់ ឯកឧត្តម ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ព្រមទាំង ជំហានការងារនាពេលបន្ទាប់ សំដៅជំរុញការអនុវត្តការឯកភាពជាឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។

លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន និងការខិតខំរបស់លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ ក្នុងនាមជាប្រេសិតពិសេស ក្នុងការរកដំណោះស្រាយចំពោះវិបត្តិចាក់ស្រេះនៅមីយ៉ាន់ម៉ា ព្រមទាំងបានសម្តែងនូវក្តីសង្ឈឹមថា កម្ពុជានឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាចំពោះវិបត្តិមីយ៉ាន់ម៉ា នាពេលខាងមុខ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង