ព័ត៌មានជាតិ
លោក ហេង មករា បង្កើតសិប្បកម្មធ្យូងអនាម័យជួយសន្សំសំចៃពលរដ្ឋ កាត់បន្ថយការបំផ្លាញព្រៃឈើ
លោក ហេង មករា ធ្លាប់ទៅបម្រើការងារនៅប្រទេសកូរ៉េធ្វើជាកម្មករលីសែង រយៈពេល ៤ឆ្នាំ។ ក្រោយសន្សំលុយបានខ្លះ លោកក៏ត្រឡប់មកធ្វើការនៅប្រទេសកំណើតវិញ និងបានបង្កើតអាជីវកម្មផលិតធ្យូងអនាម័យឡើង ដោយមិនមានចំណេះដឹងអ្វីទាំងអស់ពាក់ព័ន្ធនឹងសង្វាក់ផលិតកម្ម។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-27_11-32-10-1024x682.jpg)
លោក ហេង មករា បានប្រាប់កម្ពុជាថ្មីថា« យើងធ្វើនេះ ដំបូងដៃជាផ្នែកតូចមួយ ខេត្តបាត់ដំបង អំឡុងខែ១១ ឆ្នាំ ២០១៧…ដោយសារបញ្ហានៅទីនោះឆ្ងាយពីភ្នំពេញពេក យើងពិបាកគ្រប់គ្រង ខ្ញុំក៏សម្រេចចិត្តផ្លាស់ប្តូរយកមកដាក់នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺវិញ»។
លោក បានរំលឹកអំពីការចាប់ផ្តើមដំបូងថា មានការពិបាកខ្លាំង ដោយសារខ្វះខាតដើមទុន ក៏បានជជែកជាមួយមិត្តភ័ក្តិនៅភ្នំពេញរួមគ្នាធ្វើ ដោយប្រើដើមទុនដំបូងក្រោម ៣ម៉ឺនដុល្លារ។ ការផ្តើមដំបូងត្រូវបរាជ័យ មិត្តភ័ក្តិក៏សុំដកខ្លួន លោក ហេង មករា បន្តតស៊ូម្នាក់ឯង រួចហើយក៏បានកៀរគរដៃគូផ្សេងទៀត ជាមិត្តភ័ក្តិនៅខេត្តពោធិ៍សាត់ និងមិត្តភ័ក្តិម្នាក់ទៀត នៅធ្វើការប្រទេសជប៉ុន។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-25_17-31-42-1024x768.jpg)
ក្រោយកិច្ចសហប្រតិបត្តិការ ដំណើរការក៏បានល្អប្រសើរឡើងវិញ។ ប៉ុន្តែមិនយូរប៉ុន្មានអាជីវកម្មដំណើរការមិនបានល្អ មិត្តភ័ក្តិទាំងពីររបស់លោក ក៏បានសុំដកខ្លួនបន្តទៀត។ លោក ហេង មករា រំលឹកថា ក្នុងកាលៈទេសៈនោះ មានតែខ្លួនទីពឹងខ្លួន ដោយប្រមែមូលថវិកា បានពីការងារ និងអាជីវកម្មផ្សេងទៀត យកមកបំពេញ។
រហូតដល់ឆ្នាំ ២០១៩ ទើបសិប្បកម្មធ្យូងអនាម័យ ចាប់ផ្តើមមានលំនឹង និងឈរជើងបានរឹងមាំរហូតមកដល់បច្ចុប្បន្ននេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-22_11-16-33-1024x576.jpg)
អតីតកម្មករលីសែងនៅប្រទេសកូរ៉េរូបនេះ បានលើកឡើងថា មូលហេតុដែលបណ្តាលឱ្យលោកបង្កើតសិប្បកម្មនេះឡើង ដំបូងឡើងពេលដែលលោកកំពុងធ្វើការនៅប្រទេសកូរ៉េ បានឃើញគេយកធ្បូងនេះ ប្រើប្រាស់ដុតកម្តៅខ្លួន នៅរដូវរងារ។ លោក ហេង មករា បន្តថា« ពេលនោះខ្ញុំគិតថា វត្ថុធាតុដើមដែលគេធ្វើធ្យូងនេះដូចជាមិនពិបាករកទេ នៅស្រុកយើង …ក្រោយមក ពេលមកដល់ស្រុកខ្មែរ ក៏យើងចាប់ផ្តើមផ្តួចផ្តើមគំនិតនាំគ្នាធ្វើវា»។ ផ្តើមដំបូងលោកបញ្ជាក់ថា គ្មានទាំងចំណេះដឹង និងបទពិសោធន៍ ពោលគឺមានតែទឹកចិត្តប៉ុណ្ណោះ។ ប៉ុន្តែដោយសារបច្ចុប្បន្ន បច្ចេកវិទ្យាទំនើប លោកក៏បានស្រាវជ្រាវតាមរយៈអនឡាញ ឃើញថា ជំនាញនេះ នៅប្រទេសថៃ និងវៀតណាម គេបានដើររួចហើយ លោកក៏បានទាញយកចំណេះដឹងទាំងនោះ មកបំពេញបន្ថែម។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-27_11-32-06-2-1024x682.jpg)
បច្ចុប្បន្នសិប្បកម្មធ្យូងអនាម័យរបស់លោក ហេង មករា ប្រើប្រាស់កម្លាំងពលកម្មជាង ១០នាក់ និងផលិតចេញជាធ្យូងអនាម័យបានជាង ៣តោន ក្នុងមួយថ្ងៃ។ លោកអះអាងថា ប្រសិនទីផ្សារពេលខាងមុខ មានតម្រូវការខ្ពស់ នឹងបង្កើនការផលិតលើសនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-22_11-16-22-1024x576.jpg)
ចំពោះវត្ថុធាតុដើម រួមមាន ត្រឡោកដូង និងគ្រាប់ត្នោត។ វត្ថុធាតុដើមទាំងនេះ លោក ហេង មករា ប្រមូលទិញពីពលរដ្ឋនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង។
ចំណែកបច្ចេកទេសក្នុងការផលិត ម្ចាស់សិប្បកម្មធ្យូងអនាម័យ បានរៀបរាប់ដោយសង្ខេបថា «ដំបូងឡើយ យើងយកត្រឡោកដូងស្រស់ធម្មតា មកកិនកម្ទេច រួចហើយដុតកម្លោចវាឱ្យទៅជាធ្យូង ទាំងត្រឡោកដូង និងគ្រាប់ត្នោត បន្ទាប់មកទៀត យកទៅកិនក្នុងម៉ាស៊ីនឱ្យម៉ត់ ហើយទើបយកទៅលាយជាមួយរូបមន្តផ្សេងៗ ទើបដាក់បញ្ចូលក្នុងម៉ាស៊ីនមួយទៀត ដើម្បីឱ្យចេញជាធ្យូងអនាម័យមក»។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-25_17-31-32.jpg)
គុណសម្បត្តិធ្យូងអនាម័យឆេះបានយូរជាងធ្យូងធម្មតា ត្រង់ថា ធ្យូងធម្មតាឆេះបាន ១ម៉ោងកន្លះទៅ២ម៉ោង ចំណែកធ្យូងអនាម័យឆេះបានពី ៣ម៉ោងកន្លះទៅ ៤ម៉ោង និងមិនមានការផ្ទុះ គ្មានផ្សែង ដូចធ្យូងធម្មតានោះទេ។ ដោយឡែកតម្លៃ ធ្យូងអនាម័យ១គីឡូ ១៤០០រៀល ខណៈធ្យូងឈើធម្មតាតម្លៃ ១៥០០រៀល។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-25_17-31-30-1024x768.jpg)
លោក ហេង មករា សង្កត់ធ្ងន់ថា លោកបង្កើតសិប្បកម្មធ្យូងអនាម័យនេះឡើង ក៏ជាការរួមចំណែកសម្អាតបរិស្ថាន និងកាត់បន្ថយការបំផ្លាញព្រៃឈើផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-25_17-31-39-768x1024.jpg)
បច្ចុប្បន្ន ធ្យូងអនាម័យ បានចែកចាយទីផ្សារធំនៅភ្នំពេញ បន្ទាប់មកខេត្តព្រះសីហនុ សៀមរាប កំពង់ចាម តាកែវ និងខេត្តដទៃទៀត។ លោកអះអាងថា នឹងពង្រីកទីផ្សារក្នុងស្រុកឱ្យបានទូទាំងប្រទេស។
ក្រៅពីទីផ្សារក្នុងស្រុក ធ្យូងអនាម័យ ក៏បាននាំចេញទៅប្រទេសជប៉ុន និងប្រទេសបារាំង ខណៈប្រទេសមួយចំនួនទៀត កំពុងចរចា។ នេះបើតាមការបញ្ជាក់របស់លោក ហេង មករា។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-25_17-31-34-1024x768.jpg)
ម្ចាស់អាជីវកម្មធ្យូងអនាម័យរូបនេះ បានឱ្យដឹងថា លោកស្វាគមន៍ជានិច្ចចំពោះប្រជាពលរដ្ឋ ឬយុវជន ដែលចង់ចេះចំនាញនេះ ឬចង់សហការក៏បាន លោកនឹងចែករំលែកអ្វីដែលោកមាន ដោយពុំមានការលាក់លៀមឡើយ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-25_17-31-22-1024x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង