ព័ត៌មានជាតិ
ក្រសួងទេសចរណ៍រៀបចំស្តង់ដារ «ភូមិទេសចរណ៍គំរូ» ដើម្បីបង្កើតការងារ និងប្រាក់ចំណូលតាមជនបទ
ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំសេចក្តីព្រាងស្តង់ដារ «ភូមិទេសចរណ៍គំរូ» នៅទូទាំងប្រទេស ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជាច្រើនបន្ថែមទៀតដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ដែលជាកត្តាជួយកាត់បន្ថយភាពក្រីក្រនៅជនបទ។

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងស្តង់ដារ «ភូមិទេសចរណ៍គំរូ» កាលពីចុងខែមេសាលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានមានប្រសាសន៍ថា ការរៀបចំនូវសេចក្តីព្រាងស្តង់ដារ «ភូមិទេសចរណ៍គំរូ»នេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមចំនួន ២គឺ ទី ១ យោងតាមអង្គការទេសចរណ៍ពិភពលោក (UNWTO) និងទី ២ យោងទៅតាមគោលនយោបាយ ទេសចរណ៍ជាតិ ក្នុងការអភិវឌ្ឍនូវកសិ-ទេសចរណ៍ នៅតាមជនបទចូលរួមក្នុងការធ្វើឲ្យប្រសើរ ឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាគោលដៅយុទ្ធសាស្រ្តនៅក្នុង ”ផែនទីចង្អុលផ្លូវ” របស់រាជរដ្ឋាភិបាល ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

លោកបានបន្តថា គោលបំណងនៅក្នុងស្តង់ដា «ភូមិទេសចរណ៍គំរូ» មាន ៤ចំណុចធំៗគឺ ១. ការអភិវឌ្ឍផលិតផលទេសចរណ៍ សំដៅដល់ការជំរុញទាក់ទាញទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ទាំងក្នុងនិងក្រោយវិបត្តិជំងឺកូវីដ -១៩។ ២. ផ្តើមចេញពីការអភិវឌ្ឍភូមិទេសចរណ៍ យើងអាចទាក់ទាញទាំងទេសចរក្នុងស្រុក ទាំងទេសចរ អន្តរជាតិឲ្យទៅទស្សនា និងកម្សាន្តនៅតាមជនបទ ដែលអាចបង្កើតការងារ និងចំណូលជាច្រើន បន្ថែមទៀតដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាកត្តាជួយកាត់បន្ថយភាពក្រីក្រនៅជនបទ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ទេសចរណ៍។
៣. ផលបានមកពីការអភិវឌ្ឍ ”ភូមិទេសចរណ៍” គឺអាចឲ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការ អភិរក្សវប្បធម៌ និងធម្មជាតិ។ ៤. ដោយសារការងារ និងចំណូលបានមកពីវិស័យកសិ-ទេសចរណ៍ យើងក៏អាចទទួលជោគជ័យ ដល់កិច្ចខិតខំប្រឹងប្រែងគាំពារដល់បរិស្ថាន ព្រមទាំងជីវៈចម្រុះផងដែរ។
លោកបានបន្តទៀតថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនឹងជ្រើសរើសយក «ភូមិទេសចរណ៍ឆ្នើម» ចំនួន ៣ ទៅ ចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ក្រោមយន្តការអង្គការទេសចរណ៍ពិភពលោក (UNWTO) លើកទី ២ ក្នុងឆ្នាំ ២០២២ នេះ។ លទ្ធផលពីការប្រកួតប្រជែងថ្នាក់អន្តរជាតិនេះ អាចឲ្យយើងធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា តាមរយៈការបង្ហាញនូវវប្បធម៌ ធម្មជាតិ និងប្រពៃណីទៅកាន់សកលលោក។ ម្យ៉ាងទៀតយើង ក៏អាចធ្វើការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅ តាមបណ្តាភូមិនានាទូទាំងប្រទេស ហើយក៏នឹងជំរុញឲ្យមានការនាំចេញនៅនឹងកន្លែងពីប្រជា កសិករខ្មែរផ្ទាល់តែម្តង។
សូមជម្រាបថា ភូមិទេសចរណ៍ ត្រូវបានបង្កើតឡើងដោយផ្អែក លើលក្ខណៈពិសេសរបស់ភូមិនីមួយៗ ដោយភ្ជាប់ទំនាក់ទំនងជាមួយវប្បធម៌-ធម្មជាតិ បរិស្ថាន បេតិកភណ្ឌ សង្គម បុរាណវិទ្យា និងការ ប្រតិបត្តិតាមប្រពៃណីរបស់ភូមិនីមួយៗ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ