ព័ត៌មានជាតិ
សមាគមបញ្ជូនពលករ សាទរចំពោះការបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ
ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានសម្តែងនូវការសាទរចំពោះភាគីថៃ ដែលបានបើកច្រកព្រំដែនអន្តរជាតិមួយចំនួនឡើងវិញ ដែលនឹងជួយសម្រួលដល់ការបញ្ជូនពលករ ទៅធ្វើការនៅប្រទេសថៃ កាន់តែមានភាពងាយស្រួលថែមទៀត។ បន្ទាប់ពីប្រទេសថៃ បានជួបការរាតត្បាតជំងឺកូវីដ-១៩ធ្ងន់ធ្ងរ បានធ្វើឲ្យប្រទេសនេះសម្រេចបិទព្រំដែនជាលក្ខណៈឯកតោភាគី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ប៉ុន្តែបានចាប់ផ្តើមទទួលពលករឡើងវិញ ចាប់ពីដើមខែមករាឆ្នាំ ២០២២កន្លងទៅនេះ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/photo_2018-08-31_14-20-43-11.jpg)
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី ១ ខែឧសភានេះថា ជារួមការបើកច្រកព្រំដែនឡើងវិញ ពីសំណាក់អាជ្ញាធរថៃនេះ មិនត្រឹមតែជួយធ្វើឲ្យសេដ្ឋកិច្ច មានការដំណើរការឡើងវិញប៉ុណ្ណោះទេ ថែមទាំងជួយបង្កលក្ខណៈងាយស្រួល ក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ ជាងបច្ចុប្បន្នដែលច្រកបិទ ហើយការចេញចូលមានការលំបាក។
លោក អន ប៊ុនហាក់ បានរំលឹកថា កម្ពុជាបានចាប់ផ្តើមបញ្ជូនពលករស្របច្បាប់ ទៅធ្វើការនៅប្រទេសថៃឡើងវិញ កាលពីដើខែមករា ឆ្នាំ ២០២២កន្លងទៅនេះ ដោយបញ្ជូនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទល់នឹងខេត្តស្រះកែវ។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/a8e2b897d8c9b049d050dbf927e082ce-1024x768.jpg)
ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២២នេះតទៅ រាជរដ្ឋាភិបាលថៃ បានចេញលិខិតអនុញ្ញាតឲ្យភ្ញៀវទេសចរ អាចធ្វើដំណើរចេញ-ចូលប្រទេសខ្លួនបាន តាមច្រកទ្វារព្រំដែនចំនួន ២ នៅខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺច្រកព្រំដែនបានខ្លងលឹក ស្រុកអារញ្ញ ខាងកម្ពុជាគឺច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនបានខាវដិន ស្រុកខ្លងហាត ខាងកម្ពុជាច្រកទ្វារអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប៉ុន្តែត្រូវអនុវត្តតឹងរឹង តាមវិធានការបង្ការជំងឺកូវីដ-១៩។
សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលជាអាជីវករលក់ដូរនៅផ្សាររុងខ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ អាជ្ញាធរថៃ នៅមិនទាន់អនុញ្ញាតឲ្យចេញ-ចូលបាននៅឡើយទេ ពោលការអនុញ្ញាតនេះ អនុវត្តបានតែចំពោះភ្ញៀវទេសចរ ដែលមានលិខិតឆ្លងដែន បណ្ណព្រំដែន ព្រមទាំងមានបណ្ណចាក់វ៉ាក់សាំងជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/4536f8f5a735b90732910c3c6babc9a2-1024x768.jpg)
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានបានស្វាគមន៍ការបើកច្រកព្រំដែនឡើងវិញ និងរីករាយសហការជាមួយភាគីថៃ ព្រោះកន្លងមក កម្ពុជាមិនដែលបានបិទព្រំដែនទេ គឺមានតែភាគីថៃទេជាអ្នកបិទ ដោយសារមានការរាតត្បាតធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩។
លោកអភិបាលរងខេត្ត បានបន្ថែមថា កន្លងមកច្រកទ្វារអន្តរជាតិដូង និងច្រកទ្វារអន្តរជាតិគីឡូ ១៣(ភ្នំដី) ស្ថិតតក្នុងស្រុកសំពៅលូន ច្រកទ្វារអន្តរជាតិខៅឌីន ស្ថិតនៅឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ អនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ ដឹកជញ្ជូនចេញចូលនូវទំនិញប៉ុណ្ណោះ ដោយឲ្យមានអ្នកគ្រប់គ្រងរថយន្ត និងអ្នកនៅប្រចាំក្នុងរថយន្តដឹកជញ្ជូនទំនិញមិនឲ្យលើស ២នាក់ ជារៀងរាល់ថ្ងៃ ដោយត្រូវអនុវត្តតាមវិធានការ នៃការការពាររោគឆ្លងកូវីដ-១៩។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/photo_2022-05-01_09-10-57-1024x768.jpg)
លោកអភិបាលរងខេត្ត បានបន្តដឹងទៀតថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិឡើងវិញ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋប្រទេសទាំងពីរ អាចធ្វើដំណើរទៅធ្វើការការទៅវិញទៅមក បានងាយស្រួល ពិសេសប្រជាពលរដ្ឋដែលមានបំណងទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅប្រទេសថៃ ខណៈបច្ចុប្បន្ននេះ មានតែការធ្វើដំណើរតាមផ្លូវអាកាសប៉ុណ្ណោះ ព្រោះតាមផ្លូវគោកត្រូវបានបិទទាំងស្រុង។
លោក អន ប៊ុនហាក់ បានបន្ថែមទៀតថា ការបើកច្រកព្រំដែនដ៏សំខាន់នេះឡើងវិញ ក៏នឹងជួយឲ្យកម្ពុជាអាចបញ្ជួនពលករទៅថៃ បានកាន់តែច្រើនថែមទៀត ខណៈនាពេលខាងមុខនេះ អាជ្ញាធរថៃនឹងលែងតម្រូវឲ្យពលករខ្មែរ ទៅធ្វើការដោយស្របច្បាប់ ធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃដូចមុនទៀតហើយ ពោលគឺគ្រាន់តែធ្វើតេស្តរហ័សប៉ុណ្ណោះ។ ក្នុងករណីអវិជ្ជមាន នឹងអាចចូលទៅធ្វើនៅតាមរោងចក្រតែម្តង។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/photo_2022-05-01_09-10-58-1024x768.jpg)
លោកបានបញ្ជាក់ថា ការលើកលែងការធ្វើចត្តាឡីស័កនេះ វានឹងជួយកាត់បន្ថយការចំណាយដ៏ធំរបស់និយោជកថៃ ក្នុងការទទួលយកពលករម្នាក់ប្រមាណ ១ម៉ឺនបាត ប្រហាក់ប្រហែល ៣០០ដុល្លារ និងជួយជំរុញឲ្យនិយោជកថៃ បង្កើនចំនួនក្នុងការទទួលយកពលករខ្មែរ ដោយរំពឹងថា នឹងអាចបញ្ជួនទៅក្នុង ១ខែពី ១ម៉ឺននាក់ ទៅ ១ម៉ឺន ៥ពាន់នាក់។
យ៉ាងណាក៏ដោយលោក អន ប៊ុនហាក់ បានបញ្ជាក់បន្ថែមថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃ ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័ស ដែលធ្វើដោយគ្រូពេទ្យជំនាញ ដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ-១៩ដដែល៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?