ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋខ្មែរនៅអាមេរិក មិនចាំបាច់ធ្វើបាតុកម្មតបតជាមួយអ្នកធ្វើបាតុកម្មប្រឆាំងសម្ដេចទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក ដែលរង់ចាំទទួលស្វាគមន៍សម្ដេចអញ្ជើញទៅទីនោះ មិនចាំបាច់ធ្វើបាតុកម្មតបតជាមួយអ្នកធ្វើបាតុកម្មប្រឆាំងសម្ដេច នោះទេ។ ការអំពាវនាវ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងវេទិកាជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ សម្ដេចនឹងចេញដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ខាងមុខ។ សម្ដេចតេជោ បានអរគុណដល់ប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ដែលបានចេញវីដេអូរង់ចាំទទួលស្វាគមន៍សម្ដេចអញ្ជើញទៅទីនោះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងបន្តថា សម្ដេចនឹងអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដើម្បីសាកសួរសុខទុក្ខពួកគាត់នៅទីនោះ ក្រោយពីខកខានប៉ុន្មានឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ-១៩។ បើតាមសម្ដេចតេជោ ហ៊ុន សែន នៅក្នុងជំនួបនោះ នឹងមានប្រជាពលរដ្ឋខ្មែរជាង ១ពាន់នាក់ចូលរួម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ដោយសារយើងសាលប្រជុំនៅទីនោះ វាមិនច្រើន ដូច្នេះមនុស្សប្រហែលជាង ១ពាន់នាក់ប៉ុណ្ណឹង ហើយខ្ញុំក៏រង់ចាំមើលដែរ ថាតើអ្នកធ្វើបាតុកម្មប្រឆាំងខ្ញុំ វាមានគ្នាប៉ុន្មាន? ឯខ្ញុំមិនលើកទឹកចិត្ត ឲ្យបងប្អូនដែលមកទទួលខ្ញុំ ធ្វើបាតុកម្មតបតជាមួយគេទេ សុំអង្វរកចំពោះបងប្អូន បងៗ ឬប្អូន ឬក្មួយ ឬចៅ ដែលមកទទួលខ្ញុំនោះ មិនចាំបាច់ឃើញគេធ្វើបាតុកម្មមកប្រឆាំងខ្ញុំ ហើយយើងទៅធ្វើបាតុកម្មតបតទេ គ្មានការចាំបាច់ ដើម្បីធ្វើរឿងបែបនេះទេ»។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឬរាជរដ្ឋាភិបាល មានមនុស្សគាំទ្រនៅក្រៅប្រទេស ដែលជានិច្ចកាលមានចំនួនច្រើនជាង ចំនួនអ្នកដែលធ្វើបាតុកម្មប្រឆាំងសម្ដេច។

សូមជម្រាបថា លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសរសេរលិខិតអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ ២០២២ខាងមុខនេះ។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា នឹងចូលរួមកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនេះ ដោយក្តីសោមនស្សរីករាយ ពីព្រោះកិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរពិភាក្សាពីការជំរុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋអាមេរិក៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ