Connect with us

ព័ត៌មានជាតិ

លោក ប្រាជ្ញ ចន្ទ ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បង្កើន​កិច្ចសហការ ដើម្បី​ធានា​ឱ្យ​ការ បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ និង​គ្មាន​អំពើហិង្សា

បានផុស

នៅ

លោក ប្រាជ្ញ ចន្ទ លើកឡើង​បែបនេះ នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស លទ្ធផល​នៃ​ការបោះឆ្នោត​” រយៈពេល​៣​ថ្ងៃ​ជូន​ដល់​មន្ត្រី​នៃ​នាយកដ្ឋាន អង្គភាព​ចំណុះឱ្យ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប តំណាង​គណបក្សនយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ដទៃទៀត នា​ល្ងាច​ថ្ងៃទី​០៤ ខែឧសភា នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​នោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប បាន​មានប្រសាសន៍ថា ដើម្បីឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និង​មានការ​ទទួលស្គាល់​ពី​ភាគី​ពាក់ព័ន្ធ គ​.​ជ​.​ប បាន​កសាង​ប្រតិទិន និង​ផែនការមេ សម្រាប់​អនុវត្ត​ការងារ​តាម​ដំណាក់កាល​នីមួយៗ ជាពិសេស​ការរៀប​ចំប​ទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែលជា​ឯកសារ​គតិយុត្ត​ដ៏​សំខាន់​មួយ​សម្រាប់​ការអនុវត្ត​បច្ចេកទេស​ជាក់ស្តែង ។

លោក​បន្ត​ថា ដោយ​ផ្អែកលើ​បទពិសោធន៍​នៃ​ការបោះឆ្នោត​កន្លងមក គ​.​ជ​.​ប បានដាក់​បន្ថែម​បទ​ប្បញ្ញត្តិ​មួយចំនួន​ឱ្យស្រប​នឹង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំង​ការដាក់បញ្ចូល​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​ជា​ជំនួយ​ដល់​ការរៀបចំ និង​ការគ្រប់គ្រង​ការបោះឆ្នោត​ឱ្យ​កាន់តែ​ល្អប្រសើរ មាន​តម្លាភាព និង​មាន​សុ​ក្រិត​ភាព​ថែម​មួយកម្រិត​ទៀត​ដែល​ក្នុងនោះ​រួមមាន​: កម្មវិធី​គ្រប់គ្រង​ការចុះបញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​, កម្មវិធី​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត​, កម្មវិធី​គ្រប់គ្រង​លទ្ធផល​នៃ​ការបោះឆ្នោត​។

បើតាម​លោក ប្រាជ្ញ ចន្ទ ​ការឃោសនាបោះឆ្នោត មាន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២​។ លោក​ថា ផ្អែក​តាម​បទពិសោធន៍​ក្នុងដំណាក់កាល​នៃ​ការឃោសនាបោះឆ្នោត គ​.​ជ​.​ប ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​បង្កើន​ការយកចិត្តទុកដាក់ ខិតខំ​ជំរុញ​ឱ្យ​ដំណើរការ​នៃ​ការ​-​ឃោសនាបោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​គ្មាន​ការ​គម្រាមកំហែង គ្មាន​អំពើហិង្សា និង​ជៀសវាង​ឱ្យបាន​នូវ​បាតុភាព ឬ​ការបង្ក​ឱ្យមាន​ការរំខាន​ណាមួយ ហើយ ឯកឧត្តម ក៏បាន​សំណូមពរ​ឱ្យ​គណបក្ស នយោបាយ​គោរព​ឱ្យបាន​តាម​កម្មវិធី​ឃោសនា​ដែល​បាន​ឯកភាពគ្នា​រួច​ជាមួយ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ។

​ចំពោះ​ដំណាក់កាល​នៃ​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ធផល​នៃ​ការ បោះឆ្នោត លោក ប្រាជ្ញ ចន្ទ ក៏បាន​លើកឡើង​ដែរ​ថា គ​.​ជ​.​ប បាន​នឹង​កំពុងធ្វើការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​បោះឆ្នោត គណបក្សនយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ពង្រឹងសមត្ថភាព​យល់ដឹង​ច្បាស់លាស់ អំពី​បទបញ្ជា និង​នីតិវិធី ទាំង​ផ្នែក​ទ្រឹស្តី ទាំង​ការអនុវត្ត​ជាក់ស្តែង និង​ជាពិសេស​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​ជា​ជំនួយ​សម្រាប់​ការគ្រប់គ្រង ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត និង កម្មវិធី​គ្រប់គ្រង​លទ្ធផល​នៃ​ការបោះឆ្នោត​។

ពាក់ព័ន្ធ​នឹង​ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បាន​សុំឱ្យ​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ជា​បន្តទៀត ជូន​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប្រើ​សម្រាប់​បោះឆ្នោត ដោយ​ពួកគាត់​ត្រូវ​ស្នើសុំ​ធ្វើឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត ដែលមាន រយៈពេល ៣០ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៥ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម