ព័ត៌មានជាតិ
គម្រោងវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពតក្នុងទុន ១,៥០០លានដុល្លារ បើកការដ្ឋានសាងសង់នៅថ្ងៃនេះ
គម្រោងវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅខេត្តកំពត ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាង នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងវិនិយោគនេះ គឺជារបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដោយសារក្រុមហ៊ុនកំពត ជីស្ទីក អេន ផត ឯ.ក មានដីដែលជាកម្មសិទ្ធិរបស់ខ្លួនស្រាប់ ដែលជាទីតាំងអំណោយផល និងមានសក្ដានុពលផ្នែកសេដ្ឋកិច្ច គឺក្រុមហ៊ុននេះ បានជួបប្រជុំជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន លើការសិក្សាគម្រោងវិនិយោគអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅលើដីកម្មសិទ្ធិឯកជនរបស់ខ្លួន ដែលមានទំហំ ៦០០ហិកតា។

លោក ស៊ុន ចាន់ថុល បានឲ្យដឹងបន្តថា ផ្អែកលើលទ្ធផលនៃការកិច្ចប្រជុំនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ឲ្យក្រុមការងារជំនាញ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សហការជាមួយក្រុមហ៊ុន កំពត ជីស្ទីក អេន ផត ឯ.ក, ក្រុមហ៊ុនសំណង់សៀងហៃ និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ចុះសិក្សាលម្អិតរួមគ្នាបន្ថែមទៀត លើទីតាំងនេះ។ បន្ថែមពីលើនេះ ក៏បានរៀបចំគំនូសប្លង់ បច្ចេកទេស ព្រមទាំវាយតម្លៃសក្ដានុពលសេដ្ឋកិច្ច អំពីគម្រោងវិនិយោគ អភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង យ៉ាងយកចិត្តទុកដាក់បំផុត។

លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ការសិក្សាលើគម្រោងនេះ បានធ្វើឡើងអស់រយៈពេល ៦ខែ ដោយទទួលបានលទ្ធផលជាវិជ្ជមាន ដែលទីតាំងនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសក្តានុពលខ្ពស់ សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង ដោយមានកត្តាអំណោយផលពីធម្មជាតិ រួមមានជាតំបន់សមុទ្រទឹកជ្រៅ និងជាតំបន់ពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដែលមានរបាំងការពារព្យុះ រលកពីកោះថ្មី កោះសេះ និងកោះត្រល់។
ទីតាំងគម្រោងនេះ ស្ថិតនៅក្នុងតំបន់ដែលមានអំណោយផល ក្នុងកាតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក ទៅកាន់រាជធានីភ្នំពេញ និងបណ្ដាខេត្តនានា តាមរយៈផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ៤១ ផ្លូវជាតិលេខ ៤ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ ៤៨ និងតភ្ជាប់ដែកភាគខាងត្បូងទៅភាគខាងជើង នៃប្រទេសកម្ពុជា។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងវិនិយោគនេះ មានផែនការអនុវត្ត ៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុប ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះ ផែនការដំណាក់កាលទីមួយ គឺមានប្រមាណ ២០០លានដុល្លារអាមេរិក ដែលគម្រោងនេះ នឹងរួមបញ្ចូលនូវទីលានកុងតឺនើ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងផ្ទុកទំនិញគ្រប់ប្រភេទ ឃ្លាំងទំនិញគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រុះប្រេងឥន្ធនៈ មជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅដ្ឋាន ចំណតនាវាដឹកអ្នកដំណើរទេសចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូន ជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍន៍ គម្រោងផ្លូវនាវាចរ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្តថា ទីតាំងកំពង់ផែពហុបំណងនេះ មានជម្រៅទឹកប្រមាណ ១៥ម៉ែត្រ និងអាចឲ្យនាវាចំណុះ ១០ម៉ឺនតោន អាចចុះចតបាន។ កំពង់ផែនេះ នឹងមានសមត្ថភាពខ្ពស់ ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០ពាន់ TEU នៅឆ្នាំ ២០២៥ និងប្រមាណជា ៦០០ពាន់ TEU នៅឆ្នាំ ២០៣០។
បើតាមលោក ស៊ុន ចាន់ថុល គម្រោងវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នឹងក្លាយជាកំពង់ផែទឹកជ្រៅ ដែលធំមួយទៀតនៅក្នុងប្រទេសកម្ពុជា និងមានលក្ខណៈទំនើបលំដាប់អន្តរជាតិនៅក្នុងអាស៊ាន។ លើសនេះទៀត គម្រោងនេះនឹងជួយបំពេញបន្ថែម ទៅលើកំពង់ផែដែលស្រាប់ ដូចជា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ស្វយ័តភ្នំពេញ និងជំរុញអភិវឌ្ឍន៍ឲ្យបានជោគជ័យ នូវផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានដាក់ចូលក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥។

បន្ថែមពីលើនេះទៀត គម្រោងនេះនឹងផ្ដល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោលជូនប្រជាពលរដ្ឋប្រមាណ ១ម៉ឺនកន្លែង ក្រោយពេលសាងសង់រួច និងដាក់ឲ្យដំណើរការ។ គម្រោងវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង ក៏នឹងចូលរួមចំណែកផងដែរ ក្នុងការជួយអនុវត្តឲ្យសម្រេចដោយជោគជ័យផែនការមេ ស្ដីពីការតភ្ជាប់ពហុមធ្យោបាយ និងភស្តុភារកម្ម ដែលបានរៀបចំឡើងក្រុមប្រឹក្សាជាតិភស្តុភារកម្ម។ ម្យ៉ាងទៀត ក៏នឹងជួយបំពេញផងដែរ នូវគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេររបស់កម្ពុជា៕
អត្ថបទ៖ សេង ណារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ