ព័ត៌មានជាតិ
ឥស្សរជនជាន់ខ្ពស់ចូលរួមរំលែកទុក្ខ និងសោកស្ដាយបំផុតចំពោះមរណភាព របស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង
ឥស្សរជនជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយបំផុតចំពោះមរណភាព របស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង៦ និង ២៥នាទីល្ងាច ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៧២ឆ្នាំ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង វួចឆេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង។ ក្នុងសារលិខិតរំលែកទុក្ខនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសរសេរថា «ការបាត់បង់ឯកឧត្ដម ហ៊ុន ណេង គឺជាការបាត់បង់ នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្នាដៃ និងបទពិសោធន៍ចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ ជាពិសេសឯកឧត្ដម ហ៊ុន ណេង បានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញ រហូតទទួលបានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ»។
ក្នុងនោះដែរ អគ្គលេខាធិការដ្ឋានរដ្ឋសភា តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន បានបង្ហាញសេចក្តីសោកស្តាយ និងក្រៀមក្រំជាទីបំផុតចំពោះមរណភាព របស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានឲ្យដឹងដែរថា សព ឯកឧត្តម ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា នៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
ចំណែកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ លាង វួចឆេង ហ៊ុនណេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង។ ក្នុងសារលិខិតរំលែកទុក្ខនោះ សម្ដេចក្រឡាហោម ស ខេង បានរៀបរាប់ថា «ឯកឧត្ដម ហ៊ុន ណេង គឺជាកុលបុត្រខ្មែរដ៏ឆ្នើម និងជាវីរជន ប្រកបដោយស្មារតី និងឆន្ទៈស្នេហាជាតិដ៏មោះមុតមួយរូប ដែលធ្លាប់បានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារមិនខ្លាចនឿយហត់ ចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន»។
រីឯសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារនៃសពឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ផងដែរ។ ក្នុងសារលិខិតរំលែកទុក្ខនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរថា « ឯកឧត្ដម ហ៊ុន ណេង គឺជាកុលបុត្រខ្មែរដ៏ឆ្នើម និងជាវីរជនប្រកបដោយស្មារតី និងឆន្ទៈស្នេហាជាតិដ៏មោះមុតមួយរូប ដែលធ្លាប់បានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារមិនខ្លាចនឿយហត់ ចូលរួមក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃ នៃនីតិរដ្ឋប្រកបដោយឧត្ដមគតិខ្ពង់ខ្ពស់ ជាអនេកប្បការ»។
ក្រៅពីនេះគេ ក៏សង្កេតឃើញថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូបផ្សេងទៀត បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ជូនចំពោះលោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារនៃសព តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម។ រីឯប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងក្រៅប្រទេស តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ក៏បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះ មរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ផងដែរ៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក