Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​កម្ពុជា​ស្នើ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍​នានា ​ជួយ​ផ្តល់​ជំនួយ​សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​បន្ថែម​

បានផុស

នៅ

​ភ្នំពេញ​ ៖ លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ស្នើ​ដល់ ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី និង ពហុភាគី​ជួយ​ផ្តល់​ជំនួយ​បច្ចេកទេស​ ឬ​ ហិរញ្ញប្បទាន​ឥត​សំណង ឬ ជា​កម្ចី​ដែល​មាន​សម្បទាន​ខ្ពស់​សម្រាប់​លទ្ធកម្ម​ទិញ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​បន្ថែម​។

ការ​លើក​ឡើង​របស់​លោក​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៧​ ខែធ្នូ ​ឆ្នាំ​២០២០ ​ក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​តាមរយៈ Video Conference ដើម្បី​ពិភាក្សា​អំពី​គម្រោង​លទ្ធកម្ម​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ និង​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​, តំណាង​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​, ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នានា ទាំង​ពហុភាគី និង​ទាំង​ទ្វេភាគី ដែល​រួមមាន​៖ អង្គការ​សុខភាព​ពិភពលោក (WHO), អង្គការ​យូ​នី​សេ​ហ្វ (UNICEF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (WB), សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា (EU), មូលនិធិ​សកល (GF), អង្គការ GAVI (The GAVI Alliance), COVAX Facility, ស្ថានទូត​អូស្ត្រាលី​, ចិន​, ជប៉ុន​, រុស្សី​, សហរដ្ឋអាមេរិក​, ចក្រភព​អង់គ្លេស​, សាធារណរដ្ឋ​កូរ៉េ និង​បារាំង ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ទៀត​ថា ​ក​ម្ពុ​ជា​បាន​ដាក់​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាជន​ឲ្យ​បាន​ប្រមាណ ១០ លាន​នាក់ ដោយ​ក្នុង​នោះ “​មជ្ឈមណ្ឌល​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជាស​កល​” (COVAX Facility) នឹង​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ប្រជាជន​ចំនួន​ពី ៣ ទៅ ៤ លាន​នាក់​។ ដោយឡែក នៅសល់​ប្រមាណ ៦ ទៅ ៧ លាន​នាក់​ទៀត​ដែល​រាជរដ្ឋាភិបាល​ត្រូវ​ផ្តល់​ជូន​តាមរយៈ​ការ​ស្វែង​ជំនួយ​ផ្គត់ផ្គង់​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត និង​ដោយ​ការ​ធ្វើ​លទ្ធកម្ម​ទិញ​ដោយ​រាជរដ្ឋាភិបាល​ផ្ទាល់​។

លោក​បាន​បន្ថែម​ថា​ «​ក្នុង​ន័យ​នេះ​ខ្ញុំ​សុំ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី និង ពហុភាគី ចូលរួម​សហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​វាយតម្លៃ និង​កំណត់​ចំនួន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​ត្រូវ​ទិញ និង​ជួយ​កំណត់​មុខសញ្ញា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ភាព​សមស្រប​បំផុត​ទៅនឹង​តម្រូវការ និង​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា​»​។

លោក​បាន​បន្ត​ថា ​«​រាជរដ្ឋាភិបាល​សូម​ស្វាគមន៍ ចំពោះ​ការ​ចូលរួមចំណែក​ពី​គ្រប់​ដៃគូ​ទាំងអស់ ទាំង​ក្នុង​រូប​ភាពជា​ជំនួយ​បច្ចេកទេស ឬ​ហិរញ្ញប្បទាន​ឥត​សំណង ឬ ជា​កម្ចី​ដែលមាន​សម្បទាន​ខ្ពស់ ចំពោះ​ថវិកា​សម្រាប់​លទ្ធកម្ម​ទិញ​វ៉ាក់សាំង និង​ថវិកា​សម្រាប់​ចំណាយ​ប្រតិបត្តិការ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ចាក់​វ៉ាក់សាំង ហើយ​រាជរដ្ឋាភិបាល​នឹង​ធ្វើ​ការ​បំពេញ​បន្ថែម ក្នុងករណី​មានការ​ខ្វះខាត​»​។

លោក​បាន​បន្ត​ទៀត​ថា «​ការ​មក​ដល់​នៃ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ មិន​ត្រឹមតែ​ជួយ​ធ្វើ​ឲ្យ​យើង​អាច​កម្ចាត់​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​នោះ​ទេ តែ​ថែមទាំង​នឹង​បើកឱកាស​ឲ្យ​ប្រទេស​កម្ពុជា​យើង​អាច​វិលត្រឡប់​ទៅកាន់​សភាព​ធម្មតា​វិញ ពោល​គឺ​អាច​ស្តារ និង​បន្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជាតិ ប្រកបដោយ​កំណើន​ខ្ពស់​, ធន់​នឹង​វិបត្តិ និង​កាន់តែ​ភាព​ប្រកួតប្រជែង​ខ្លាំង ជាង​មុន ក៏​ដូច​អាច​កសាង​នូវ​ប្រព័ន្ធ​បែងចែក​ឡើងវិញ​នូវ​ផល​នៃ​កំណើន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ពិសេស​ការអភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​គោលដៅ​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព និង​ភាព​រីកចម្រើន​រុងរឿង​នៃ​ប្រទេស​យើង​»​។

លោក​បាន​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​បាន និង​កំពុង​រៀបចំ និង​អនុវត្ត​គម្រោង​ទិញ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ផ្តល់ជូន​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ទប់ស្កាត់ និង​ឈាន​ទៅ​លុបបំបាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។

លោក​បាន​បន្ត​ថា ​ប៉ុន្តែ​កិច្ច​ការទិញ​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​នេះ ចាំបាច់​ត្រូវតែ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ធានាបាន​នូវ​ការគ្រប់គ្រង​សុវត្ថិភាព​, គុណភាព និង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​ទាំងនេះ ចាំបាច់​ត្រូវតែមាន​ពិនិត្យ និង​វាយតម្លៃ​ដោយ​ហ្មត់ចត់​អំពី​បរិការណ៍ និង​កត្តា​សត្យានុម័ត​គន្លឹះ​មួយចំនួន​ផងដែរ​។

លោក​បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ទិញ​វ៉ាក់សាំង​ទាំងឡាយ​ណា ដែល​មាន​ការ​ទទួល​ស្គាល់​ពី អង្គការ​សុខភាព​ពិភពលោក តែប៉ុណ្ណោះ ទោះបី​ទិញ​តាមរយៈ COVAX Facility ក្តី ឬ​តាមរយៈ​ការទិញ​ផ្ទាល់​ពី​ក្រុមហ៊ុន​ផលិត និង​តាមរយៈ​យន្តការ​នៃ​កិច្ច​សហប្រតិបត្តិការ​ទេ្វភាគី​ក្តី៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម