Connect with us

ព័ត៌មានជាតិ

ក្រសួងស្នើក្រុមហ៊ុនរោងចក្របញ្ឈប់ជាបន្ទាន់ឱ្យជនមានពិការ ទៅបញ្ជាក់ពិការភាពផ្ទាល់​នៅតាមឃុំសង្កាត់

បានផុស

នៅ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានស្នើឱ្យក្រុមហ៊ុនរោងចក្រ សហគ្រាសត្រូវបញ្ឈប់​ជាបន្ទាន់នូវការជំរុញឱ្យជនមានពិការភាព ដែលបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនស្រាប់ ឱ្យទៅស្នើបញ្ជាក់ពិការភាពនៅ ឃុំ សង្កាត់។ ប៉ុន្តែក្រសួងណែនាំឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យា APPជំនួសវិញ លឿនរហ័សនិងចំណេញពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យៀម ម៉ាលីណូ ប្រធាននាយកដា្ឋនសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី០៦ឧសភានេះ ថាស្របតាមដំណើរការបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារ ស្តីពីគោលការណ៍ណែនាំអំពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក្នុងគោលបំណង ដើម្បីរៀបចំទិន្នន័យអត្តសញ្ញាណកម្មពិការភាពដែលមានលក្ខណៈស្តង់ដារួមមួយ តាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន ពិការភាពសម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ក្នុងការលើកកម្ពស់សេវាគាំពារ និងពិការភាពដល់ជនមានពិការភាព ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចគោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល និងផ្តល់បណ្ណសម្គាល់ពិការភាពដល់ជនមានពិការភាព ទទួលបានសេវានានាប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបានបន្តថា ដើម្បីពង្រឹងបន្ថែមលើកម្មវិធីនេះ នាយកដ្ឋានសុខុមាលភាពជនពិការ នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាសូមស្នើឱ្យរដ្ឋបាលឃុំ សង្កាត់បើក ទទួលការសម្ភាសន៍ដល់ជនមានពិការភាព ហើយបញ្ចូនទិន្នន័យក្នុងប្រព័ន្ធ បច្ចេកវិទ្យា APP ដោយជនបង្គោលសង្កាត់ ដែលទទួលការបណ្ដុះបណ្ដាលរួចរាល់ហើយ និងសូម បដិសេធរាល់ការចេញលិខិតបញ្ជាក់ពិការភាពដោយរដ្ឋបាលឃុំ សង្កាត់ផ្ទាល់ ដែលខុសពីនីតិវិធីជាធមាន និងការកំណត់អត្តសញ្ញាណពិការភាព។

កម្មវិធីអត្តសញ្ញាណកម្មពិការភាពមិនមានការបញ្ចប់តាមវគ្គឬជុំឡើយ ពោលគឺប្រព័ន្ធនៃកម្មវិធីនេះ និងបន្តដំណើរការរហូតដល់មានការជូនដំណឹងជាផ្លូវការដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។

ប្រធាននាយកដា្ឋនសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំដល់គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស ពេលចុះបញ្ជីកាលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការ ត្រូវបំពេញសំណុំឯកសារនានាតាមនីតិវិធី ក្នុងនោះ សូមបញ្ឈប់ជាបន្ទាន់នូវការជំរុញជនមានពិការភាព​ដែលបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនស្រាប់ឱ្យទៅស្នើបញ្ជាក់ពិការភាពនៅ ឃុំ សង្កាត់។ ប៉ុន្តែសូមបើកឱកាសឱ្យជនមានពិការភាព ទទួលបានការសម្ភាសន៍តាមប្រព័ន្ធបច្ចេកវិទ្យា APP នៅឃុំ សង្កាត់ដែលនៅកៀកជិតទីកន្លែងដែលគាត់កំពុងរស់នៅ ហើយបញ្ចូនទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យា APP ដោយជនបង្គោលឃុំសង្កាត់ មកក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ជាការរួចរាល់ តាមប្រព័ន្ធបច្ចេកវិទ្យា APP ។

លោកបានបន្ថែមថា ទិន្នន័យរបស់រដ្ឋបាលសិទ្ធិជនពិការ នៃនាយកដ្ឋានសុខុមាលភាព ជនពិការ នឹងទទួលបានដោយស្វ័យប្រវត្តិក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព។

លោកជឿជាក់ថា អ្នកពាក់ព័ន្ធទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកប ដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យជនមានពិការភាពទទួលបានអត្តប្រយជន៏នានាពីរាជរដ្ឋាភិបាល៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម