Connect with us

ព័ត៌មានជាតិ

ប្រធានបទ​សំខាន់ៗ​ចំនួន៣​ ត្រូវ​បានលើក​ ឡើង​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះយោបល់​ ស្តីពីជំនួយ​មនុស្សធម៌​សម្រាប់​មីយ៉ាន់ម៉ា

បានផុស

នៅ

តាមលទ្ធផលនៃកិច្ចប្រជុំ​ ស្តីពីជំនួយមនុស្សធម៌​របស់អាស៊ាន​សម្រាប់មីយ៉ាន់ម៉ា ​ដែលធ្វើឡើង​រយៈ​ពេលពេញ១ ថ្ងៃ កាលពីម្សិលមិញ​ ហើយដែលត្រូវបាន​ផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា​ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា កិច្ចប្រជុំនេះផ្តោតសំខាន់​ទៅលើប្រធាន​បទ​សំខាន់ៗចំនួន៣ រួមមាន៖ ក្របខ័ណ្ឌការរៀបចំការ ផ្តល់ជំនួយមនុស្សធម៌អាស៊ាន ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និងក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងក្របខ័ណ្ឌការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន អង្គប្រជុំបានឯកភាពថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) នឹងធ្វើការកំណត់ទីតាំងនៃរដ្ឋ និងតំបន់នានាសម្រាប់ការអនុវត្ត​ក្របខ័ណ្ឌនេះ។

រដ្ឋ និងតំបន់ទាំងនោះ រួមមាន កាយ៉ា កាយីន ម៉េកវ៉េ សឺហ្គាយ និងប៉ាហ្គូ។ លើសពីនេះ ដោយមានការយល់ព្រមពីក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ មជ្ឈមណ្ឌល AHA នឹងជួយសម្រួលដល់ការស្នើសុំដើម្បីបានចូលទៅកាន់តំបន់ដែលជំនួយមនុស្សធម៌គួរទៅដល់ តាមរយៈក្របខ័ណ្ឌនេះ ហើយក៏នឹងស្នើនូវបញ្ជីដៃគូអនុវត្តនានា។

ក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ក៏នឹងធ្វើការជាមួយគណៈកម្មាធិការសាមគ្គីភាព និងកសាងសន្តិភាព ដើម្បីធានាថាជំនួយមនុស្សធម៌នឹងត្រូវ​បានបញ្ជូនទៅសហគមន៍​នានានៅ​មីយ៉ាន់ម៉ា ដែលក្នុង​នោះ​រួម​មានតំបន់របស់អង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ។ ផែនការលម្អិតបន្ថែមទៀតដើម្បីអនុវត្តក្របខ័ណ្ឌនេះ នឹងត្រូវរៀបចំដោយមជ្ឈមណ្ឌល AHA និងក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌។ 

ពាក់ព័ន្ធនឹងតម្រូវការក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ ក្រុម​ការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌បានឯកភាពខិតខំឱ្យអស់ពីសមត្ថភាពពន្លឿនការផ្តល់ជំនួយមនុស្សធម៌ ហើយជំរុញឱ្យមជ្ឈ​មណ្ឌល​ AHA និងដៃគូអនុវត្តនានា ផ្តល់ឯកសារ​ចាំបាច់​ជា​មុន។

ពិសេសជាងនេះ ក្រុមការងារមីយ៉ាន់ម៉ាទទួល​បន្ទុកជំនួយមនុស្សធម៌ក៏បានធានា​អះអាង​ជាថ្មីថា សុវត្ថិភាព និងសន្តិសុខរបស់សមាជិកក្រុមការងារឆ្លើយតប និងវាយតម្លៃគ្រោះ​មហន្ត​រាយ​អាស៊ាន (ASEAN-ERAT) បុគ្គលិករបស់មជ្ឈមណ្ឌល AHA និងក្រុមត្រួតពិនិត្យអាស៊ាន គឺជាអា​ទិភាព​ចម្បងរបស់ខ្លួន ព្រមទាំងបានសន្យាផ្តល់នូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់​ក្រុមត្រួត​ពិនិត្យអាស៊ាន ដើម្បីអាចបំពេញនូវតួនាទីរបស់ខ្លួន ស្របតាមឯកសារប្រតិបត្តិ​ដែលបាន​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​លើកទី៥៤។

ជាងនេះទៀត កិច្ចប្រជុំក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត​របស់ក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុក​ជំនួយមនុស្សធម៌ក្នុងការអនុញ្ញាតឱ្យមជ្ឈមណ្ឌល AHA ធ្វើការវាយតម្លៃតម្រូវការរួម និងអនុវត្ត​ដំណាក់​កាលទី២ នៅក្នុងតំបន់ដែលពិបាកទៅដល់។

ចំពោះក្របខ័ណ្ឌគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា ដែលបានស្នើឡើង កិច្ចប្រជុំ​បាន​កត់សម្គាល់ថា ក្របខ័ណ្ឌនេះ នឹងផ្តល់ឱកាសសម្រាប់ដៃគូដើម្បីរួមគ្នាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលត្រូវការ ប្រកបដោយសុវត្ថិភាពនិងទាន់ពេលវេលា។ លើសពីនេះ មជ្ឈ​មណ្ឌល AHA និងក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបាន​ព្រមព្រៀងគ្នាអនុវត្ត​ក្របខ័ណ្ឌចាក់វ៉ាក់សាំង​រួមគ្នារវាងក្រសួងសុខាភិបាលមីយ៉ាន់ម៉ានិងដៃគូ នៅតំបន់ដែលពិបាក ទៅដល់។ 

នៅក្រោមក្របខ័ណ្ឌនេះ ក្រុមការងារប្រតិបត្តិដែលមាន៥០ ភាគរយ មកពីក្រសួងសុខាភិបាល​មីយ៉ាន់​ម៉ា និង៥០ ភាគរយទៀតមកពីដៃគូប្រតិបត្តិ នឹងត្រូវបញ្ជូន​ទៅផ្តល់វ៉ាក់សាំងនៅ​សហគមន៍​ដែលត្រូវការចាំបាច់។

មជ្ឈមណ្ឌល AHA ក្រោមកិច្ចពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នឹងកំណត់ និងផ្ទៀងផ្ទាត់តំបន់និងទីតាំង ដែលត្រូវការវ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាកំណត់ដៃគូប្រតិបត្តិនានា ដើម្បីគាំទ្រដល់ការគ្រប់គ្រងវ៉ាក់សាំងនៅ​មីយ៉ាន់ម៉ា។ កិច្ចប្រជុំក៏បានស្វាគមន៍ការប្ដេជ្ញាចិត្ដរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ក្នុងការលើកលែងពន្ធ និងសម្របសម្រួលការនាំចូលវ៉ាក់សាំងទៅក្នុងមីយ៉ាន់ម៉ា។

ក្រុមការងារមីយ៉ាន់ម៉ាបានអះអាងជាថ្មីជូនអង្គប្រជុំថានឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធានាថា ជំនួយមនុស្សធម៌និងវ៉ាក់សាំងដែលផ្ដល់ពីអាស៊ាន និងដៃគូផ្សេងទៀត នឹងបានទៅដល់សហគមន៍​នៅមីយ៉ាន់ម៉ា រួមទាំងតំបន់របស់អង្គការប្រដាប់អាវុធជនជាតិភាគតិច ដែលតំបន់ទាំងនេះក៏មាន​ជំរុំ​ជនបាត់បង់ទីលំនៅក្នុងស្រុក និងសហគមន៍រងផលប៉ះពាល់ផងដែរ ហើយការធ្វើដូចនេះ​នឹងប្រាកដ​ថាគ្មាននរណាម្នាក់ និងគ្មានទីតាំងណាមួយត្រូវបានគេទុកចោលនោះឡើយ។

ក្រុមការងារមីយ៉ាន់ម៉ា ក៏បានបញ្ជាក់សារជាថ្មីថានឹងបន្ដធ្វើការជាមួយមជ្ឈមណ្ឌល AHA នៅរដ្ឋរ៉ា​ខាញ ដើម្បីអនុវត្ដអនុសាសន៍ការវាយតម្លៃតម្រូវការបឋម និងជំនួយមនុស្សធម៌អាស៊ានដំណាក់ កាលទីពីរនៅមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានគូសបញ្ជាក់​ពីភាពចាំបាច់​នៃការធានាឱ្យបានថា កម្មវិធីមនុស្សធម៌នៅមីយ៉ាន់ម៉ាមានឥទ្ធិពលយូរអង្វែង ក្នុងការដោះ ស្រាយ​ការ​ព្រួយបារម្ភអំពីបញ្ហាមនុស្សធម៌ ដែលសហគមន៍រងផលប៉ះពាល់បាននិងកំពុងជួបប្រទះ។

លោកឧបនាយករដ្ឋមន្រ្ដី ក៏បានលើកទឹកចិត្ដឱ្យមានការធ្វើលទ្ធកម្ម ដឹកជញ្ជូន និងចែកចាយ​សម្ភារ​ជំនួយមនុស្សធម៌ រួមទាំងវ៉ាក់សាំងកូវីដ-១៩ ទៅមីយ៉ាន់ម៉ា ឱ្យបានទាន់ពេលវេលា ប្រសិទ្ធភាព សុវត្ថិភាព និងគ្មានការរើសអើង។ លោកសង្កត់ធ្ងន់ថា ការចូលទៅដល់ទីកន្លែង សុវត្ថិភាព និងសន្ដិ​សុខរបស់ភាគីប្រតិបត្តិ រួមទាំងក្រុមត្រួតពិនិត្យអាស៊ានផងដែរនោះ ត្រូវតែបានទទួលការធានា។  

កិច្ចប្រជុំក៏បានស្វាគមន៍នូវការប្តេជ្ញាចិត្តកម្រិតខ្ពស់ដែលត្រូវការជាចាំបាច់ពីអាស៊ាន និងអង្គការ​សហប្រជាជាតិ ក្នុងការឆ្លើយតបរួមគ្នាចំពោះស្ថានភាពមនុស្សធម៌នៅមីយ៉ាន់ម៉ា ហើយក៏បាន​គាំទ្រ​កិច្ចប្រឹងប្រែងពង្រីកដៃគូរបស់មជ្ឈមណ្ឌល AHA សម្រាប់គម្រោងជំនួយមនុស្សធម៌រយៈពេលវែង។

កិច្ចប្រជុំបានកោតសរសើរកម្ពុជាដែលបានកំណត់កិច្ចប្រឹងប្រែងជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ជារបៀបវារៈរបស់កម្ពុជា អំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ។ កិច្ចប្រជុំទន្ទឹងរង់ចាំវឌ្ឍនភាពបន្ថែមទៀត ចំពោះក្របខ័ណ្ឌជំនួយមនុស្សធម៌អាស៊ាននៅមីយ៉ាន់ម៉ា ដោយផ្អែកលើស្មារតី “អាស៊ានតែមួយ ការឆ្លើយតបតែមួយ” ដែលនឹងបំពេញបន្ថែម​លើការអនុវត្ដ​ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជា ណាចក្រកម្ពុជា និងជា​ប្រេ​សិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងតួនាទីជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន បានធ្វើជាសហ ប្រធានដឹក​នាំកិច្ចប្រជុំ​ពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា តាមទម្រង់ផ្ទាល់​នៅរាជធានី​ភ្នំពេញ​និងតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន​នៅឆ្នាំ​២០២២ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអគ្គលេខា ធិការអាស៊ាន ដែលនេះជាផ្នែកមួយ​នៃ​ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុច។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកស្រី ចយស៍ មស៊ូយ៉ា ឧបការីអគ្គលេខាធិការអង្គការសហ ប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលរងផ្នែកជំនួយសង្គ្រោះបន្ទាន់ ព្រមទាំងតំណាងជាន់ខ្ពស់​មកពីបណ្តា​ប្រទេស​សមាជិកអាស៊ានទាំងអស់ រួមទាំងក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកមនុស្សធម៌ ទីភ្នាក់ងារ​ឯកទេសរបស់អង្គការសហប្រជាជាតិ ដៃគូខាងក្រៅរបស់អាស៊ាន និងអង្គការអន្តរជាតិពាក់​ព័ន្ធនា​នានៅមីយ៉ាន់ម៉ា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម