ព័ត៌មានជាតិ
មកដឹងរបៀបធ្វើផ្អកទុកបានយូរ បច្ចេកទេសបុរាណអនុវត្តតកូនតចៅ
“ផ្អក” ជាប្រភេទអាហារប្រពៃណីដែលគេនិយម ដ្បិតមានឱជារសឆ្ងាញ់ និងជាអាហារផ្អាប់ដែលទុកបានយូរ។ ផ្អកមានច្រើនបែបច្រើនយ៉ាងដូចជាផ្អកត្រី, ផ្អកកំពឹស, ផ្អកក្រឹម និងផ្អកធ្វើពីបន្លែមួយចំនួនដូចជាផ្អកឆៃថាវ, ផ្អកត្រសក់ ឬផ្អកត្រពាំងជាដើម។
ប៉ុន្តែកម្ពុជាថ្មីលើកយកតែផ្អកត្រីមកបង្ហាញប៉ុណ្ណោះ។ ផ្អកអាចយកច្នៃជាមុខម្ហូបច្រើនប្រភេទដូចជា ផ្អកចំហុយ ផ្អកចៀន, ផ្អកចិញ្ច្រាំ ផ្អកអាំង ឬដុត។ បើជាសម្លវិញ គឺមានស្ងោតផ្អកជាមួយត្រី, ត្រឡាច, ននោងជាដើម។
រដូវធ្វើផ្អកគឺស្របពេលជាមួយនឹងប្រហុកដែរ ពោលគឺចាប់ពីខែបុស្ស រហូតដល់ខែផល្គុន ឬខែចេត្រ។ នៅពេលគេធ្វើប្រហុក អ្នកខ្លះក៏ឆ្លៀតធ្វើផ្អកបន្ថែមទៀត ទុកសម្រាប់ហូបក្នុងរដូវប្រាំងដែលខ្សត់ម្ហូបផង និងក្នុងរដូវច្រូតកាត់ផង។
ការធ្វើផ្អកក៏មានតាមដំណាក់កាល ដូចជាការធ្វើប្រហុកដូច្នេះដែរ។ គ្រឿង ផ្សំសម្រាប់ធ្វើផ្អកមានដូចជាត្រី, អំបិល, ត្រប៉ែ និងស្ករ។ ការធ្វើផ្អកគឺត្រូវជ្រើសរើសត្រីយកមកធ្វើ គឺមិនដូចជាត្រីសម្រាប់ធ្វើប្រហុកនោះទេ។ ផ្អកត្រូវការត្រីដែលនៅស្រស់ៗ ហើយច្រើនតែជាប្រភេទត្រីធំៗ។
វិធីធ្វើ៖
ដំបូងត្រូវយកត្រីទៅលាងទឹកឲ្យស្អាត ហើយទុកឲ្យស្រស់ទឹក។ បន្ទាប់មកគេយកវាមកស្រកា, វះពោះ, កាត់កន្ទុយ និង ព្រុយចេញ។ ការស្រកាត្រីធ្វើផ្អក គឺត្រូវធ្វើឲ្យស្អាតតែម្តង ដ្បិតគេមិនយកទៅជាន់ ឬលាងម្តងទៀតដូចជាប្រហុកនោះទេ ព្រោះបើមានទឹកនៅជាប់នឹងខ្លួនត្រី ផ្អកនោះនឹងខូចនៅពេលផ្អាប់ទុក។ គេយកត្រីដែលធ្វើស្អាតរួចទៅដាក់ក្នុងចានដែក រួចយកអំបិលមករោយពីលើ ហើយច្របាច់ត្រីជាមួយអំបិលឲ្យសព្វសាច់ត្រី។ ពាងសម្រាប់ផ្អាប់ត្រីផ្អក ត្រូវលាងឲ្យស្អាត ហើយហាលឲ្យស្ងួតល្អ។ គេរោយអំបិល នៅបាតពាងរួចទើបយកត្រីដែលប្រលាក់រួចនោះ មកតម្រៀបលើគ្នាជាស្រទាប់ៗ និងសង្កត់ឲ្យណែន។
ក្រោយពីតម្រៀបរួច គេរោយអំបិលខ្លះៗទៀតពីលើ ហើយយកចម្រៀកឫស្សីមកខ្ចាស់ពីលើ ទើបយកក្រណាត់មកចងគ្របមាត់ពាងឲ្យជិត ដើម្បីការពារកុំឲ្យខ្យល់ចូល ឬរុយពងដាក់។
គេត្រូវផ្អាប់ទុកពី ១ ទៅ ២ ខែកន្លះ ដើម្បីឲ្យបាត់ក្លិនឆ្អាបរួចទើបគេយកវាមក “ចាវ។ របៀបចាវនោះ គឺគេយកទឹកដែលចេញពីត្រីផ្អកនោះមកលាយជាមួយស្ករត្នោត និងត្រប៉ែ កូរឲ្យសព្វ រួចយកវាទៅប្រឡាក់ជាមួយត្រីដែលផ្អាប់នោះឲ្យសព្វសាច់។ ប្រសិនបើត្រីដែលធ្វើផ្អកនោះទម្ងន់ ១០គ.ក គេត្រូវដាក់ស្ករ ១,៥ គ.ក. និងត្រប៉ែ១,៥គ.ក. ដូចគ្នា។
ក្រោយពីចាវរួច គេទុករយៈពេល ២០ ថ្ងៃ ឬ១ខែទៀត ដើម្បីកុំឲ្យមានក្លិនឆ្អាប ទើបអាចយកទៅធ្វើម្ហូបបាន៕
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១១ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ