ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អាមេរិក
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី ១០ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ តាមរយៈសារជាសំឡេង នៅព្រឹកនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅឯសហរដ្ឋអាមេ រិក សម្តេចនឹងជួបជាមួយប្រជាពលរដ្ឋខ្មែរ នៅទីនោះផងដែរ នាថ្ងៃទី ១០ និងទី ១១ ខែឧសភា (ពេលវេលានៅសហរដ្ឋអាមេរិក)។

បន្ទាប់មក សម្តេចនឹងត្រូវបំពេញការងារ ទៅតាមការរៀបចំរបស់ម្ចាស់ផ្ទះ គឺរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយនឹងវត្តមានរបស់សម្ដេចក្នុងនាមជាប្រធានអាស៊ាន ហើយក៏នៅមានជំនួបផ្សេងៗទៀត ជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាមិត្ត ដែលបានសន្យាជួបគ្នានៅទីនោះ ហើយសម្តេចក៏នឹងមានជំនួបជាមួយមិត្តភ័ក្កិ ដែលជាជនជាតិសហរដ្ឋអាមេរិក ដើម្បីធ្វើការងារមួយចំនួនផងដែរ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ៩ ខែឧសភា បានឲ្យដឹងថា អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងបន្តថា នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត នឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ជាមួយសមាជិកសភាអាមេរិក មកពីគណបក្សទាំង ២ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ រៀបចំទទួលដោយលោកស្រី ណាន់ស៊ី ភេឡូស៊ី ប្រធានសភាអាមេរិក នៅវិមានរដ្ឋសភាអាមេរិក ហើយនឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចរៀបចំដោយលោក ចូ បៃដិន ប្រធាននាធិបតីសហរដ្ឋអាមេរិក នៅសេតវិមានផងដែរ។

ប្រភពព័ត៌មាន ពីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងទៀតថា ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំធុរកិច្ចសហរដ្ឋអាមេរិក អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ ថ្នាក់ដឹកនាំអាស៊ាន នឹងទទួលការស្វាគមន៍ និងអញ្ជើញប្រជុំជាមួយលោកស្រីអនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ដោយមានសម័យប្រជុំពេញ អង្គជាមួយបណ្តារដ្ឋមន្រ្តីអាមេរិក ស្តីពី បញ្ហាវិធានការណ៍អាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព។

នៅក្នុងឱកាសនោះដែរ ក៏មានការពិភាក្សាផ្លាស់ប្តូរទស្សនគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក ទៅកាន់កម្រិតមួយទៀត ជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ