Connect with us

ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជាចេញសេចក្ដីថ្លែងការណ៍ សម្តែងការខកចិត្តជាខ្លាំងចំពោះ​សេចក្តី​សម្រេច​​របស់សភាអឺរ៉ុប

បានផុស

នៅ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ បានចេញសេចក្ដីថ្លែងការណ៍ ដោយបានសម្តែងនូវការខកចិត្តជាខ្លាំង ចំពោះ​សេចក្តី​សម្រេច​​របស់សភាអឺរ៉ុប ស្តីពី «ការបង្រ្កាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំ​ង​នៅ​កម្ពុជា​» ដែល​​បា​នអនុម័តនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០​២២ (២០២២/២៦៥៨(RSP)) និងបាន​ប្រកាស​​​ច្រាន​ចោល​​សេចក្តីសម្រេចនេះទាំងស្រុង ដោយផ្អែកលើមូល​ដ្ឋាន ១៣ចំណុច​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ​ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋ​ទាំង​អស់ដោយ​មិន​គិត​ពីទំ​ហំ និង​​ប្រព័ន្ធនយោបាយរបស់ខ្លួន ​ត្រូវ​ទទួលបាន​អធិប​តេយ្យ​​​ភាពស្មើគ្នា និ​ង​មាន​សិទ្ធិ​​​​​ស្វ័យស​ម្រេច ដោយ​មិន​អាចទទួលការ​​​រំលោភបំពានបានឡើយ។ លើស​ពី​នេះ​​​ទៅ​​ទៀត​ ​សន្ធិ​​​សញ្ញា​​​មិត្ត​ភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ឆ្នាំ​១៩​៧​​៦ បានហាមឃាត់រាល់​ការ​ជ្រៀត​ជ្រែ​កកិច្ចការផ្ទៃក្នុងរបស់​រដ្ឋដែលជា​សមា​ជិក​​សហគម​ន៍អាស៊ានទាំងអស់។ កម្ពុជាគឺជារដ្ឋឯករាជ្យ និងអ​ធិបតេយ្យ សក្តិសម​​ទទួលបា​ននូវ​សិទ្ធិពេ​ញ​លេញ សម្រាប់ស្វ័យសម្រេចក្នុងកិច្ចការរដ្ឋ ដើម្បីការពារ​ផល​ប្រយោជន៍​ស្នូលរបស់ខ្លួន ស្របតាម​ច្បាប់​​ជាតិ និង​អន្តរជាតិ។

២.​សេចក្តីសម្រេចរបស់សភាអឺរ៉ុបដែលបានចេញ កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ​ ២០​២​២​ គឺជាការ​បំភ្លៃ ការលំអៀង មានចរិតនយោបាយ ប្រកាន់ភាគីម្ខាងៗ និងខ្វះ​ការ​គោរព​​​ដល់​រដ្ឋអធិបតេយ្យ។ ​សេចក្តីសម្រេចនេះ និង​សេចក្តីសម្រេចមុន​ៗ​ដែល​ពាក់​​ព័ន្ធ​​នឹង​​ក​ម្ពុជា មានចេតនាមើលរំលង​​វ​​ឌ្ឍន​ភាពនៃកំណែទម្រង់លើផ្នែក​​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យក្នុង​ប្រ​​ទេ​​​ស​​ទាំងស្រុង។ សភាអឺរ៉ុប​បែរ​ជា​ផ្អែក​ទាំង​ស្រុង​​​​តែ​​ទៅ​លើ​​ប្រភព​ព័ត៌មា​នដែលគ្មានការបញ្ជាក់ច្បាស់​លាស់ ផ្តល់​​​ដោយ​អ្នក​នយោបា​យ​​​ឆ្វេង​​និយម និងពួក​ប្រជាកល​និយម សកម្ម​ជននយោបាយ​ជ្រុល​និយ​ម​ និងអង្គ​​ការ​​សិទ្ធិ​មនុស្ស​​​ដែលប្រឆាំងនឹងរាជ​រដ្ឋាភិ​បា​ល ទោះបីអ្នកទាំងនោះ​ភាគ​ច្រើន​មិន​ដែល​​បាន​​មក​​ដល់​ប្រទេស​កម្ពុ​ជាផ្ទាល់​​ ឬ​គ្មានកា​រ​ប្រាស័​យ​​​ទាក់ទងជាមួយ​រាជ​រ​ដ្ឋា​ភិ​បា​​ល​​​​កម្ពុជាសោះឡើយ។

៣.​ សេចក្តីសម្រេចនេះបានកំណត់ដែននិយមន័យឱ្យលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុ​ស្ស​​​យ៉ាង​ចង្អៀត ដែលថាប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យ​លុះ​ត្រា​តែ​មាន​ការ​ចូល​​រួមពីមេគណបក្សឆ្វេងនិយម និង​ពួកប្រជាកល​និយម​​មួយក្ដាប់​តូច​តែ​ប៉ុណ្ណោះ ឬលុះ​ត្រា​តែមានការអនុញ្ញាតិឱ្យគណបក្សនយោបាយ ដែលត្រូវ​បាន​រំលាយ​​ដោយ​​​តុលា​កា​​រត្រូវ​បានបើកដំណើរការឡើងវិញ។ សេចក្ដីសម្រេចនេះ​មិន​បាន​​គោរ​​​ព​​ទាល់តែសោះចំពោះ​​ច្បាប់​ជាតិ និង​គោល​ការណ៍​​​ប្រជាធិ​បតេយ្យ​​របស់​កម្ពុជា ដែល​មិនបាន​ផ្តល់​អភ័យ​ឯក​សិទ្ធិជាពិសេសណាមួយដល់ជនណា ឬគណ​បក្ស​​​នយោបាយ​​ណាដែល​បាន​បំពារបំពា​ន​ច្បាប់​កម្ពុជា​សោះឡើយ។

៤.​ការរិះគន់​របស់​សភា​អឺរ៉ុប​ចំពោះ​ការ​គ្រប់គ្រង​ដោយ​ឯកបក្ស គឺជាការរិះគន់​ដោយ​គ្មាន​​​ហេតុផល។ គណបក្សប្រជាជនកម្ពុជា​ទទួ​ល​បានកា​របោះ​ឆ្នោតគាំទ្រ​ដោយ​ប្រជា​ជ​​​​ន​​កម្ពុជា តាម​​​លទ្ធិ​​​ប្រជា​ធិប​តេយ្យស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ទោះបី​ជា​​មាន​កា​រ​​​អំពា​វ​នាវដោយក្រុមជ្រុលនិយម​មួយ​ចំនួន​​ធ្វើ​ពហិការមិន​ចូល​រួមបោះ​ឆ្នោត​​ក្នុងកា​​រ​បោះ​ឆ្នោត​​ថ្នាក់​ជាតិ​​កាល​ពីឆ្នាំ២០១៨ក្ដី ក៏អត្រាអ្នកទៅបោះឆ្នោត​មាន​ចំ​​នួន ៨៣,០២% ដោ​យ​ក្នុង​នោះ​ ៧៧% បានបោះឆ្នោតជូនគណបក្សប្រជា​ជន​​កម្ពុជា ព្រោះប្រជាជ​​ន​​មានការ​​​​ជឿ​ជា​ក់​​លើសមត្ថភាពដឹកនាំរប​ស់​គណប​ក្សប្រ​ជា​ជ​ន​​កម្ពុជា​ ក្នុង​​ការ​លើកកម្ពស់សន្តិភាព ស្ថិរភាពនយោ​​​បាយ និង​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​​សង្គ​​ម។

៥.​គណៈក​ម្មាធិការ​ជា​តិ​​​​​​រៀប​​ចំការ​បោះ​ឆ្នោត ដោយ​មានការ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​ពី​ដៃ​គូអភិវឌ្ឍ និង​អង្គ​កា​​រ​​សង្គម​​​ស៊ីវិល​​ បាន​ខិតខំ​ប្រឹង​ប្រែង​និងបាន​ដាក់ចេញ​វិធាន​ការណ៍​​ជាច្រើន​ ដើម្បីធានា​ឱ្យ​ការ​បោះ​​ឆ្នោតឃុំ-សង្កាត់នៅខែ​មិថុ​នា​នាពេល​ខាង​មុខ ប្រព្រឹ​ត្ត​ទៅ​ដោយ​​​​​​សេរី ត្រឹមត្រូវ យុត្តិធម៌ សន្តិភាព និងតម្លាភាព ដើម្បី​ធានា​ឱ្យ​បាន​នូវ​បរិយាកាសអំណោយផលល្អ និងមានការ​​ប្រកួត​ប្រជែងដោយស្មើ​ភាព​គ្នា សម្រាប់​​​គណបក្ស​នយោបាយដែលបានចុះឈ្មោះទាំងអស់ ​​តាម​គោលការណ៍​បោះ​​​ឆ្នោ​​ត​បែបប្រជាធិបតេយ្យ និងគោលន​យោបាយ​ពហុបក្ស។ ស្រប​តាម​ច្បាប់​ស្តី​​​ពីគ​ណបក្ស​នយោបាយរបស់កម្ពុជា ការ​​​ជ្រើ​សរើស និងតែងតាំងបេក្ខជនដឹកនាំ​ណា​​​មួយ​​​របស់​គណ​បក្សនយោបាយ ​ដែល​បាន​ចុះឈ្មោះ ដើម្បីចូលរួមប្រកួត​ប្រជែង​​​ក្នុង​ការ​បោះឆ្នោត គឺជាសិទ្ធិស្របច្បាប់ និងជាអ​ធិប​តេយ្យ ប្រកបដោយ​សេរី​ភា​ព​​ពេញ​​លេញ និងជាឆន្ទានុសិទ្ធិទាំងស្រុង​របស់​គណប​ក្សនយោបាយ។ ជាពិសេស កា​រ​តែង​តាំង ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី​សម្រាប់ពេលអនាគត ដើម្បីឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតសកល ​ គឺបានទទួលការគាំទ្រជា​ឯកច្ឆ័ន្ទ តាមគោលការណ៍​បោះ​ឆ្នោត​​បែប​ប្រជាធិប​តេយ្យ​ផ្ទៃ​​​ក្នុងរបស់​គណ​​បក្ស និង​ស្រប​​តាម​ច្បាប់​ជាតិ​ជា​ធរមាន។

៦. ​កម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ សម្រាប់រាល់អ្នកនយោបាយដែលត្រូវបានតុលាការ​ហាមឃាត់ ដើម្បី​ឱ្យមា​ន​នីតិ​​​សម្ប​​​​ទា​​​ឡើងវិញដើម្បីអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន។ ជាលទ្ធផលយ៉ាង​ហោ​​​ច​​​ណា​ស់​​​​​អ្នក​នយោបាយ​​ចំនួន ៣២រូប ទទួល​បាននីតិសម្ប​ទា​​ឡើង​​វិ​ញ​ ហើយ​​ពួក​គេ ក៏បានបង្កើតគណ​បក្ស​ថ្មី​ចំនួ​ន ៦ ដើម្បី​ចូល​​រួមប្រ​កួត​ប្រជែង​​កា​រ​បោះឆ្នោត​ផង​ដែរ។ យ៉ាងណាមិញ អតីតសមាជិក​នៃ​គណបក្ស​​ប្រឆាំង មួយចំនួនមាន​ការ​ស្ទា​ក់​ស្ទើរក្នុងការស្នើសុំសិទ្ធិ​ស្ដារនី​តិ​សម្បទា ​នយោបាយ​​ឡើង​វិញ​ ព្រោះ​ថា​បើធ្វើ​ដូច្នោះ​ ពួកគេត្រូ​វ​បាន​អតីត​មេ​ដឹកនាំ​របស់ពួកគេ ចោទ​ប្រកាន់ថាជា “ជន​​ក្ប​ត់​” ​​ទៅ​វិញ។

៧.​ចំពោះ​ករណី លោក កឹម សុខា ករណីជុំនុំជំរះក្ដីរបស់លោក ​តែងធ្វើឡើង​ស្របតាម​គោល​ការ​ណ៍​​តម្លាភាព និងមានការចូលរួមពីគ្រប់ភាគី។ ដំណើរការក្ដីនេះ​ បាន​ចាប់​ផ្តើម​​ឡើងវិញនៅថ្ងៃទី១៩ ខែម​ក​រា​ ឆ្នាំ២០២២ បន្ទាប់ពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ នៅ​កម្ពុជា​មាន​​ភាព​ប្រសើ​រ​ឡើ​ងវិញ​។ ល្បឿន​នៃដំណើរ​ការជុំនុំជំរះសំណុំរឿងពាក់​ព័​ន្ធ​​​នឹងការ​ចោទ​ប្រកាន់ពីបទ​សន្ទិដ្ឋិភាព និងការឃុបឃិត​​រំលំរាជរដ្ឋាភិបាល គឺស្ថិត​នៅ​ក្រោម​ដែន​សម​ត្ថ​​កិច្ចរ​បស់​តុលាការ។ រដ្ឋសភាកម្ពុជា​សូម​​គូស​បញ្ជាក់ថា សំណុំរឿង​ សន្ទិ​ដ្ឋិ​ភា ​ដើម្បី​ផ្ដួលរំលំរាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ មិន​​ត្រូវ​បាន​​អត់ឱន​ដោយ​ច្បាប់​នៃ​ប្រទេស​ណាមួយ​​ឡើយ រួម​ទាំង​​អឺរ៉ុប​ផង​ដែរ​។

៨.​កម្ពុជានៅតែប្រកាន់ខ្ជាប់លើការគាំពារ និងលើកកម្ពស់សិទ្ធិមនុស្ស និង​​លទ្ធិ​ប្រជា​ធិប​​តេយ្យក្រោមរដ្ឋធម្មនុញ្ញ ស្របតាមបរិបទ​សង្គម ប្រវត្តិ​សា​​ស្ត្រ និង​វប្បធម៌​របស់​ខ្លួន​​។ កម្ពុជាប្រកាន់​ជំហរ​រឹង​មាំ​​ក្នុង​ការ​លើក​កម្ពស់​​លទ្ធិប្រ​ជា​ធិប​តេយ្យ​ពហុ​បក្ស ដើម្បី​ធានានូវសន្តិភាព សន្តិសុខ និង​ស្ថិរភាព​សម្រាប់​ប្រ​ទេ​ស​ជាតិ​។

៩. ​ការអនុវត្តសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបប្រជុំដោយសន្តិវិធី ដោ​យ​​​មាន​​ការទទួលខុសត្រូវ ស្របច្បាប់ និងដែលមាន​ចែង​​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​​សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយត្រូវបានគោរព។ សហគមន៍អឺរ៉ុប​គួរជៀស​វៀង​ការអនុវ​ត្ត​ស្តង់ដារពីរដើម្បីរក្សាតម្លាភាព និង​ការ​ទទួល​​​​​ខុសត្រូវ។ ការ​បន្ទោស​លើ​ច្បា​ប់រ​បស់កម្ពុជាស្តីពីការកម្រិតលើការទទួលមូលនិធិពីបរទេស​ សម្រាប់​បម្រើ​ឱ្យ​​សមាគម និងអង្គការ​មិន​មែន​​រដ្ឋាភិបា​ល​ ​ គឺ​ជា​រូបភាពជាក់​​ស្ដែងនៃការអនុវត្តស្ត​ង់​ដារពីរ និងប្រកបដោយការលាក់ពុ​ត​ត្បុត​​។ កម្ពុជាជាប្រទេសតូច ក៏ប៉ុន្តែ​ជាកន្លែង​ដែល​​មាន​​​ប្រព័ន្ធ​ផ្សព្វផ្សា​យ​ព័ត៌​មាន​ឌី​ជី​​​ថល និង​ប្រពៃ​ណី​​​ជាង ២,០០០​ ដែល​រួម​ទាំង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​រិះគន់​រាជ​រដ្ឋាភិបា​ល​ផងដែរ និងមានសហជីព​លើសពី ៦,០០០ និង​អង្គការ​​មិន​មែន​រដ្ឋា​ភិបា​ល​​​​ជិត ៦,០០០ ដែល​បាន​ចុះ​បញ្ជី​រួច​ស្រប​តាម​ច្បា​ប់។

១០.​សភាអ៊ឺរ៉ុបគួរគប្បីផ្តោតលើការដោះស្រាយបញ្ហាដែលជារឿយៗ តាម​រូប​ភា​ព​ព័ត៌​មាន​​ក្លែង​ក្លាយ ប្រឌិតឡើងដោយដោយក្រុមអ្នកនយោបាយឆ្វេងនិយម និងពួក​ប្រជា​ក​​ល​​​​និយ​ម​​​មួ​យចំនួន ហើយបានបង្កឱ្យមានអស្ថិរភាពសង្គម និងការបែកបាក់សង្គម ក៏ដូច​​ជាញុះញ​ង់​ឱ្យ​ប្រជាជនបង្កអំពើហិង្សា តាមរយៈកា​រចេញនូវព័ត៌មានមិនពិត ការ​​ញុះ​ញុង់​ឱ្យមានការ​ស្អប់​ខ្ពើម ការបង្កាច់បង្ខូច និងការរើសអើងជាតិសាសន៍។​

១១.​ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្នើជំរុញឱ្យសភាអឺរ៉ុបមើលលើទិដ្ឋភាពសិទ្ធិ ម​នុ​ស្ស​ និង​លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា​ដោយឥតលំអៀង ​ និងពិចារ​ណា​រ​​​​លើ​​​បរិបទ​ជាតិ និងកត្តាប្រវត្តិសាស្ត្ររបស់យើង ហើយគួរចៀសវាង​ការ​អនុវត្ត​​ស្តង់​ដារ​​ពី​​រ​​​របស់ខ្លួន។

១២.​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​អំពាវនា​វឱ្យសភាអឺរ៉ុបធ្វើ​កិច្ច​សហ​ប្រ​តិប​ត្តិ​កា​​រ​ពិត​​​ប្រាក​​ដ ដោយគ្មានរបៀបវារៈលាក់កំបាំងពីក្រោយណាមួយឡើយ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ពហុភាគីនិយម រួមគ្នា​ដោះ​ស្រាយបញ្ហា​ប្រឈ​ម​រួមដែលពិភពលោ​ក​កំពុង​ជួប​ប្រទះ​ដូចជា៖ ​បម្រែ​បម្រួល​អាកាសធាតុ ជំងឺរាតត្បាត ឧក្រិដ្ឋកម្មឆ្លងដែន និង​អសន្តិ​សុ​ខស្បៀង ក៏ដូចជាដើម្បី​លើកកម្ពស់​ទំនាក់​ទំនង​រវាង​ប្រជាជន​និង​ប្រជា​ជន​ កំណើនបៃ​តង​ប្រកប​ដោយបរិយាប័ន្ន និងការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភា​ព​។

១៣.​កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយសភាអឺរ៉ុប ដើម្បីបង្កើន​ទំនាក់​​​​​ទំនង​​​​កម្ពុជា-សហភាព​អឺរ៉ុប និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហ​​ភា​​​ព​​អឺរ៉ុប ក្រោម​​​គោលការណ៍ស្មើភាពទាំងអធិបតេយ្យ ឯករាជ្យ​ និងឈរលើ​មូលដ្ឋាន ​នៃ​ការ​គោរព​គ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និង​ការផ្ដល់ផលប្រ​យោជ​ន៍​​ទៅវិញទៅមក ដើម្បី​សន្តិ​ភាព និង​វិបុល​ភាព​​ស​ម្រាប់​មនុស្ស​ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១ នាទីute មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង២ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ៩ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម