Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះអាចជាលទ្ធភាព ដែលប្រធានាធិបតី ជូ បៃឌិន ទៅកម្ពុជា

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា មានប្រសាសន៍ ពីរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក ម៉ោងនៅកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២នេះ មានប្រសាសន៍ថា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ជូ បៃឌិន អាចនឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅកម្ពុជា ក្នុងឆ្នាំ២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដា ពេលល្ងាច នៅរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក នៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ចុងឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន និងមានជំនួបអាស៊ាន អាមេរិកធម្មតា ឆ្នាំនេះខួបលើកទី៤៥ ជាជំនួបប្រជុំពិសេស។ ឆ្នាំនេះអាចជាលទ្ធភាព ដែលប្រធានាធិបតី ជូ បៃឌិន ទៅកម្ពុជា ព្រោះពីមុន អូប៉ាម៉ា ទៅម្ដងហើយ ហើយអូប៉ាម៉ាទៅប្រទេសមួយចំនួន។ ដូណាល់ត្រាំ ទៅប្រទេសហ្វីលីពីន”។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ហើយបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews Airport រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅវេលាម៉ោង១៩៖៣៣នាទី (ថ្ងៃទី១០ ខែឧសភា) ដែលត្រូវនឹងម៉ោង៦៖៣៣ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ ក្រោមកិច្ចស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋខ្មែរអាមេរិក និងខ្មែរកាណាដាយ៉ាងច្រើនកុះករ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម ធ្វើជាសហប្រធាន ជាមួយនឹងឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសហរដ្ឋអាមេរិកលើកនេះ គឺដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។ ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន និងប្រធាននាធិបតីអាមេរិក លោក ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និង ប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹងធ្វើការផ្លាស់ប្តូយោបល់គ្នាផងដែរ អំពីបញ្ហាតំន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ហើយនឹងលើកកម្ពស់ភាពជាដៃគូយុទ្ឋសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម