ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិ ឲ្យកងកម្លាំងនគរបាលបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ
អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានលើកទឹកចិត្តឲ្យកងកម្លាំងនគរបាលជាតិទាំងអស់ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ បេ្ដជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងមានមនសិការវិជ្ជាជីវៈខ្ពស់។ ការលើកទឹកចិត្តនេះ គឺនៅក្នុងសារលិខិតជូនពរ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧៧ ថ្ងៃកំណើតនគរបាលជាតិ នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២នេះ។

នៅក្នុងសារលិខិតជូនពរនោះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិគ្រប់ជំនាញ គ្រប់លំដាប់ថ្នាក់ បានខិតខំតស៊ូពុះពារសម្រេចនូវស្នាដៃធំៗជាច្រើន ដោយបានប្រកៀកស្មាយ៉ាងជិតស្និទ្ធ ជាមួយកងយោធពលខេមរភូមិន្ទ ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមខ្សែបន្ទាត់ព្រំដែន រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ស្របពេលជាមួយគ្នានេះ កងកម្លាំងនគរបាលជាតិ ក៏បានបញ្ចៀស និងទប់ស្កាត់នូវអំពើភេរវកម្ម បង្ក្រាបបានទាន់ពេលវេលា នូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានាស្ថិរភាពសន្តិសុខផ្ទៃក្នុង រក្សាបាននូវប្រក្រតីភាពជីវភាពសង្គម និងការពារយ៉ាងរឹងមាំនូវស្ថាប័នកំពូលៗរបស់ជាតិ។ ឆ្នាំ ២០២១កន្លងទៅនេះ គ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ព្រះវររាជមាតាជាតិខ្មែរ បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗប្រមាណ ១២.១៨០លើក ត្រូវបានធានាសុវត្ថិភាពទាំងស្រុង។ ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់សង្គម កាន់តែមានភាពល្អប្រសើរជាលំដាប់ ដោយបានកាត់បន្ថយបទល្មើសព្រហ្មទណ្ឌជារួមប្រមាណ ៦ភាគរយ ជាពិសេសលទ្ធផលបង្រ្កាបមានកម្រិតខ្ពស់រហូតដល់ ៩៣ភាគរយ ស្របពេលដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៧ភាគរយ អ្នកស្លាប់ថយចុះ ៩ភាគរយ និងអ្នករបួសថយចុះ ២៣ភាគរយ។
នៅក្នុងសារលិខិតជូនពរដដែលនោះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានឲ្យដឹងដែរថា ចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ពិសេសស្ត្រី និងកុមារ ការលុបបំបាត់ការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យអនាធិបតេយ្យ ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង យុទ្ធនាការការពារធនធានធម្មជាតិ ការបង្រ្កាបបទល្មើសព្រៃឈើ និងជលផល ត្រូវបានសហការចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុស ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ការងារដែលកំពុងតែទទួលបាននូវជំនឿទុកចិត្ត និងការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ នៅតាមសហគមន៍នោះគឺ ការបម្រើសេវាចាំបាច់របស់នគរបាលប៉ុស្ដិ៍រដ្ឋបាល ដែលបានផ្សាភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្នុងនាមសេវាករ និងក្នុងនាមជាកម្លាំងស្នូលក្នុងការជំរុញចលនា អនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដែលជាគោលនយោបាយជាតិដ៏មានអាទិភាព និងសក្ដានុពលបំផុត។
លោកអគ្គស្នងការនគរបាលជាតិ បានលើកឡើងទៀតថា ស្នាដៃលេចធ្លោនាឆ្នាំ ២០២២នេះ គឺភាពជោគជ័យក្នុងការបំពេញតួនាទី ក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទអាស៊ានណាប៉ូលលើកទី ៤០ ដែលជាការសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ នៃបេសកកម្មជាប្រវត្តិសាស្រ្ដនេះ បានឆ្លុះបញ្ចាំងអំពីសមត្ថភាពពោរពេញដោយបទពិសោធន៍ របស់នគរបាលជាតិកម្ពុជា និងជាចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកិត្តិយស កិត្យានុភាពជាតិក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ក្រៅពីកិច្ចប្រតិបត្តិការលើមុខជំនាញប្រចាំថ្ងៃ កងកម្លាំងនគរបាលជាតិ ក៏បានចូលរួមគ្រប់សកម្មភាពជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ និងមហន្តរាយនានា ជាពិសេសក្នុងអំឡុងពេលអនុវត្តយុទ្ធនាការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបានចូលរួមសហការយ៉ាងសកម្ម ជាមួយអាជ្ញាធរមានសមត្ថភាពពាក់ព័ន្ធ និងគណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ គ្រប់ថ្នាក់ ដើម្បីអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី សំដៅការពារសុខភាពសាធារណៈ ក៏ដូចជាអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបន្ថែមថា ក្នុងអំឡុងឆ្នាំ ២០២២ សភាពការណ៍សន្តិសុខសកលលោក នៅតែបន្តប្រែប្រួលប្រកបដោយភាពស្មុគស្មាញ ដែលហេតុការណ៍មួយចំនួនអាចជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលដល់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលដូចគ្នានេះដែរ ព្រឹត្តិការណ៍នយោបាយជាតិ និងព្រឹត្តិការណ៍អន្តរជាតិមួយចំនួន នឹងត្រូវរៀបចំព្រឹត្តិការណ៍ទៅនៅព្រះរាជាណាចក្រកម្ពុជាទៀតផង។
ទន្ទឹមនេះបញ្ហាប្រឈមមួយចំនួន នៅតែបន្តកើតមានឡើងដូចជា បទឧក្រិដ្ឋឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ បទល្មើសបច្ចេកវិទ្យា។ល។ ដែលព្រឹត្តិការណ៍ និងហេតុការណ៍ទាំងអស់នេះ ទាមទារចាំបាច់ឲ្យកងកម្លាំងនគរបាលជាតិ បន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ខិតខំប្រឹងប្រែងអនុវត្តឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ នូវរាល់ផែនការ វិធានការ ក៏ដូចជាយុទ្ធនាការសំខាន់ៗ របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីធ្វើឲ្យបរិយាកាសសង្គមមានភាពកក់ក្ដៅ មានលក្ខណៈសម្បត្តិល្អប្រសើរ បម្រើឲ្យព្រឹត្តិការណ៍នយោបាយជាតិ និងព្រឹត្តិការណ៍អន្តរជាតិទាំងនេះ។
ក្នុងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានវាយតម្លៃខ្ពស់ និងគាំទ្រលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិទាំងអស់ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ បេ្ដជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងមានមនសិការវិជ្ជាជីវៈខ្ពស់៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា