ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ៖ ឆ្នាំ ២០២១ អន្ទាក់ជាង ៦ម៉ឺន ត្រូវបានរកឃើញក្នុងដែនអភិរក្សធម្មជាតិ
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី យុទ្ធនាការអន្ទាក់សូន្យនៅខេត្តព្រះវិហារ លោក នេត្រ ភក្ត្រា បានលើកឡើងថា នៅក្នុងឆ្នាំ ២០២១កន្លងទៅ មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមការពារតំបន់ធនធានធម្មជាតិ បានប្រមូល និងរឹបអូសអន្ទាក់សម្រាប់ចាប់សត្វព្រៃ បានចំនួនជាង ៦ម៉ឺនអន្ទាក់។ ការលើកឡើងនេះ គឺនៅស្របពេលដែលធនធានជីវចម្រុះទាំងនៅកម្ពុជា និងពិភពលោកមានការធ្លាក់ចុះ គួរឲ្យព្រួយបារម្ភ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានឲ្យដឹងថា ដើម្បីការពារធនធានធម្មជាតិ និងជីវចម្រុះ ក្រសួងបានកំណត់យកខេត្តចំនួន ៦ សម្រាប់សាកល្បងយុទ្ធនាការអន្ទាក់សូន្យ។ លោកថា ការសម្រេចជ្រើសយកខេត្តទាំងនេះ គឺដោយសារតែខេត្តនីមួយៗ មានតំបន់ការពារធម្មជាតិច្រើន ក្នុងនោះ ខេត្តខ្លះមានផ្ទៃដីរហូតដល់ជាង ១លានហិកតា និងមួយទៀត គឺដោយសារតែខេត្តទាំងនោះ ជាតំបន់ដែលមានការជួញដូរសត្វព្រៃច្រើន ដូចជានៅផ្សារសាមគ្គីក្នុងខេត្តស្ទឹងត្រែងជាដើម។
លោក នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា នៅក្នុងមួយឆ្នាំមានអន្ទាក់ប្រមាណពី ៤ម៉ឺន ទៅ ៥ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ នៅទូទាំងប្រទេស។ ដោយឡែកនៅក្នុងឆ្នាំ ២០២១កន្លងទៅអន្ទាក់ចំនួនប្រមាណជាង ៦ម៉ឺន ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធក្នុងការការពារសត្វព្រៃ និងធនធានជីវចម្រុះនៅក្នុងដែនអភិរក្សរបស់កម្ពុជា។

ប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានឲ្យដឹងថា នៅក្នុងខេត្តព្រះវិហារ មានមន្ត្រីឧទ្យានុរក្សចំនួន ៨៨នាក់ និងមានសហគមន៍ការពារធម្មជាតិចំនួន ៤១។ ក្នុងចំណោមសហគមន៍ ១៨២ នៅទូទាំងប្រទេស និងលាតសន្ធឹងលើផ្ទៃដីប្រមាណ ៩៦៥,៨៨០ហិកតា។ លោកបន្តថា នៅឆ្នាំ ២០២០ និង ២០២១ មន្ត្រីឧទ្យានុរក្សបានធ្វើការចុះល្បាតចំនួន ២,០៩៥លើក។ ក្នុងនោះ បង្ក្រាបបទល្មើសបាន ៧៤១ករណី ដោយបានដកហូត និងរឹបអូសអន្ទាក់ចំនួន ១,៤២៧ជាមួយនឹងកាំភ្លើងច្នៃ ១៩២ដើម រណាយន្តមានចំនួន ៣៨៤គ្រឿង រថយន្ត ៤គ្រឿង ត្រាក់ទ័រ ២គ្រឿង គោយន្តកន្ត្រៃ ៨៣គ្រឿង ម៉ូតូចំនួន ៣គ្រឿង និងឈើចំនួន ៧៩មែត្រគីប។

ទន្ទឹមនឹងនោះ ក៏មានករណីធ្វើការអប់រំ និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបទល្មើសចំនួន ២៣៤លើក និងមានការពិន័យជាប្រាក់បានចំនួនជាង ២៨៤លានរៀល និងបញ្ជូនទៅកាន់តុលាការចំនួន ៣០ករណីក្នុងឆ្នាំ ២០២០ និង ២០២១។ ដោយឡែក គិតត្រឹមខែមករា ដល់ខែមេសាឆ្នាំ ២០២២ មានការចុះល្បាតបាន ៦៦៧លើក។ ក្នុងនោះ ការបង្ក្រាបបទល្មើសបានចំនួន ២៣៦ករណី និងបានដោះអន្ទាក់ចំនួន ៣៣១ខ្សែ ខណៈការដកហូតយកកាំភ្លើងកែច្នៃបានចំនួន ៤៦ដើម។

ជុំវិញបញ្ហានេះដែរ ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS លោក កែន សេរីរដ្ឋា បានលើកឡើងថា តាមរយៈការវិភាគអំពីចំនួន នៃអន្ទាក់ដែលដកហូតបាន នាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះធនធានជីវចម្រុះ ដែលស្ថិតនៅក្នុងដែនអភិរក្ស។ លោកបន្តថា យុទ្ធនាការអន្ទាក់សូន្យ មានតួនាទីសំខាន់ណាស់ សម្រាប់ការងារអភិរក្ស ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ដែលផ្ដោតជាសំខាន់ទៅលើការបញ្ឈប់ប្រភព ដែលនាំឲ្យមានតម្រូវការ ការបរិភោគសាច់សត្វព្រៃ តាមរយៈការចូលរួមរបស់អ្នកពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់។ បន្ថែមលើនេះ គឺត្រូវមានប្រកាស ឬគោលការណ៍ណែនាំ ដើម្បីត្រួតពិនិត្យទៅលើប្រភពនៃការបរបាញ់ ឬការចាប់សត្វព្រៃ រួមជាមួយគ្នានេះ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីផល់ប៉ះពាល់នៃការបាត់បង់សត្វព្រៃ។

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២២ ដោយក្រសួងបរិស្ថាន ដែលជាអាទិភាពផ្ដោតទៅលើខេត្តចំនួន ៦គឺ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្ត កំពង់ធំ និងបានចាប់ផ្ដើមអនុវត្តសកម្មភាពជាយុទ្ធសាស្រ្តចំនួន ២លើករួចមកហើយ ខណៈលើកទីមួយធ្វើនៅក្នុងខេត្តស្ទឹត្រែង និងលើកទីពីរនៅក្នុងខេត្តព្រះវិហារ៕
អត្ថបទ៖ លន់ សេនី


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ