Connect with us

ព័ត៌មានជាតិ

ចំណោទ​រឿង​គប់​ស្បែក​​ជើង​ ទូត​អាមេរិក​មិន​ទាន់​មាន​​ពាក្យពេចន៍​​​​ឆ្លើយ​តប​សម្តេច​តេជោ​​ទេ

បានផុស

នៅ

មន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតប “កម្ពុជាថ្មី” នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តាមរយៈសារអេឡិចត្រូនិច (Email) អំពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសហរដ្ឋអាមេរិក ប៉ុន្តែជុំវិញ​ករណី​​បុគ្គលម្នាក់​គប់​ស្បែក​​ជើង​លើ​សម្តេច អ្នក​នាំពាក្យ​ស្ថាន​ទូតអាមេរិក​ប្រចាំ​កម្ពុជាមិនបាន​ធ្វើ​ការអធិប្បាយ​ទេ​​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

+ សំណួរ របស់ កម្ពុជាថ្មី៖ នៅកម្ពុជាថ្ងៃនេះ (ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យស្ងប់ស្ងាត់ បន្ទាប់ពីមានឧប្បត្តិហេតុមួយក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលពិសេស​អាស៊ាន និង​សហរដ្ឋអាមេរិក ​កាល​ពី​សប្តាហ៍​មុន ​ដែលមាន​ពលរដ្ឋខ្មែរ​អាមេរិកាំង​ម្នាក់​បាន​គប់​ស្បែក​ជើង​មក​លើ​លោក។

សម្ដេចតេជោ បានគូសបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា នឹងមិនធ្វើកំណត់ទូតណាមួយ ដែលទាមទារឱ្យសហរដ្ឋអាមេរិក ចាត់វិធានការផ្លូវច្បាប់លើបុរសនោះទេ ប៉ុន្តែវាអាស្រ័យលើច្បាប់សហរដ្ឋអាមេរិក និងការសម្រេចរបស់សហរដ្ឋអាមេរិក។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ “តើ​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ថា​នេះ​ជា​សិទ្ធិ​បញ្ចេញ​មតិ ​ឬ​អំពើ​ហិង្សា? ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកទង្វើបែបនេះជាផ្នែកនៃសេរីភាពនៃការបញ្ចេញមតិ វាអាចរីករាលដាលដល់ប្រទេសផ្សេងទៀត រួមទាំងប្រទេសកម្ពុជាផងដែរ។ នេះមិនមែនជាការគំរាមកំហែងទេ ប៉ុន្តែគ្រាន់តែជាការវិភាគប៉ុណ្ណោះ”។

យើងខ្ញុំចង់ដឹង៖

១. តើសហរដ្ឋអាមេរិកមានទស្សនៈ និងស្រាវជ្រាវករណីនេះយ៉ាងដូចម្តេច?

២. សូមផ្តល់ព័ត៌មានបន្ថែម។

+ ចម្លើយ របស់ លោក Chad Roedemier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ សហរដ្ឋអាមេរិកបានស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខរដ្ឋអាស៊ានផ្សេងទៀតទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន ប្រកបដោយជោគជ័យ។

កិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន បានរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនង អាមេរិក-អាស៊ាន និងបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះភាពជាកណ្តាលរបស់អាស៊ាន ក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់។

សហរដ្ឋអាមេរិក និងអាស៊ាន បានប្តេជ្ញាបង្កើត ASEAN-U.S. ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានអត្ថន័យ ខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ នៅខែវិច្ឆិកា ឆ្នាំ២០២២។

ខាងលើនេះជាចម្លើយរបស់ លោក Chad Roedemier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដោយលោកមិនមានការបកស្រាយបញ្ជាក់បន្ថែម ជុំវិញករណីគប់ស្បែកជើងមកលើសម្តេច ហ៊ុន សែន នោះទេ។

គួររំលឹកថា ក្នុងការអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេស​អាស៊ាន និង​សហរដ្ឋអាមេរិក​ នៅទីក្រុងវ៉ាស៊ីនតោន ហើយខណៈសម្ដេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ ​រស់នៅប្រទេសកាណាដា និងសហរដ្ឋអាមេរិកប្រ​មាណ​ជាង ២០០០នាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្រាប់តែមានបុគ្គលម្នាក់​បានយកស្បែកជើងគប់ទៅលើសម្ដេចតេជោ តែ​មិនបានប៉ះសម្ដេចនោះទេ ហើយនៅពេល​មានហេតុការណ៍នោះកើតឡើង ក្រុមអ្នកគាំទ្រទាំងអស់ មិនត្រូវបានអនុញ្ញាតឱ្យតបនោះទេ។ ចំណែកបុគ្គលនោះ​ ត្រូវបានក្រុមសន្តិសុខជម្លៀសចេញពីទីតាំងកើតហេតុ ដោយមិន​មានការចាប់ខ្លួនឡើយ។ ​បុគ្គលនេះត្រូវបាន​គេស្គាល់ថា មានឈ្មោះ អ៊ុក ទូច ជាពល​រដ្ឋ​ខ្មែរ​អាមេរិកកាំង អាយុ ៧១​ឆ្នាំ​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម