ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ចែករំលែកទិដ្ឋភាពច្បាប់ ពាក់ព័ន្ធករណីប្រធានាធិបតីអាមេរិក ត្រូវគេគប់ស្បែកជើង និងប្រធានាធិបតីបារាំង ត្រូវគេទះកំផ្លៀង
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចែករំលែកទិដ្ឋភាពច្បាប់ ពាក់ព័ន្ធនឹងករណីប្រធានាបតីអាមេរិក ដែលត្រូវបានអ្នកសារព័ត៌មានជនជាតិអ៊ីរ៉ាក់គប់ស្បែកជើង និងករណីរឿងប្រធានាធិបតីបារាំង ដែលត្រូវបានជនម្នាក់ទះកំផ្លៀង និងបង្ហាញអំពីទិដ្ឋភាពច្បាប់នៅកម្ពុជា ពាក់ព័ន្ធនឹងករណីខាងលើនផងដែរ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីល្ងាចថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ លោក ជិន ម៉ាលីន បានសរសេរថា ថ្ងៃនេះ លោកសូមចែកនូវព័ត៌មានច្បាប់ ទាក់ទងនឹងករណីប្រធានាបតីអាមេរិក ដែលត្រូវបានអ្នកសារព័ត៌មានជនជាតិអ៊ីរ៉ាក់គប់ស្បែកជើង និងករណីរឿងប្រធានាធិបតីបារាំង ដែលត្រូវបានជនម្នាក់ទះកំផ្លៀង ដែលចុះផ្សាយក្នុងអត្ថបទកាសែតបរទេសមួយចំនួន ដើម្បីសាធារណជនបានជ្រាប ដូចខាងក្រោម៖
ករណីទី១- ប្រធានាធិបតី George W. Bush ត្រូវបានអ្នកសារព័ត៌មានជនជាតិអ៊ីរ៉ាក់គប់ស្បែកជើង៖

អង្គហេតុនេះ កើតឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០៨ ដែលនៅពេលនោះ អ្នកសារព័ត៌មានជនជាតិអ៊ីរ៉ាក់ម្នាក់ឈ្មោះ Muntadhar al-Zeidi បានគប់ស្បែកជើងទៅលើលោកប្រធានាធិបតី George W.Bush ខណៈពេលដែលលោកប្រធានាធិបតី កំពុងធ្វើសន្និសីទសារព័ត៌មាន។ នៅក្នុងសំណុំរឿងនេះ អ្នកសារព័ត៌មានរូបនេះ ត្រូវបានចោទប្រកាន់ពី “បទបំពារបំពាន (Aggression) លើប្រមុខរដ្ឋបរទេស” ហើយត្រូវបានតុលាការនៃប្រទេសអ៊ីរ៉ាក់ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ស្របតាមមាត្រា ២២៣ នៃក្រមព្រហ្មទណ្ឌអ៊ីរ៉ាក់ (ច្បាប់ព្រហ្មទណ្ឌអ៊ីរ៉ាក់ ចែងផ្តន្ទាទោសអាចរហូតដល់ ១៥ ឆ្នាំ)។
ប៉ុន្តែសំណួរសួរថា ប្រសិនបើអ្នកសារព័ត៌មានរូបនេះ ប្រព្រឹត្តអំពើខាងលើនេះ នៅលើទឹកដីសហរដ្ឋអាមេរិក ចំពោះប្រធានាធិបតីអ៊ីរ៉ាក់វិញ តើអ្នកសារព័ត៌មាននោះ នឹងត្រូវទទួលទោសដែរ ឬទេ?
ចម្លើយផ្លូវច្បាប់ទៅនឹងសំណួរនេះ គឺជនល្មើសនឹងអាចត្រូវមានទោស បើយោងតាមគន្ថីទី ១៨ ផ្នែកទី១១២ នៃក្រមសហរដ្ឋអាមេរិក ដែលផ្តល់ការការពារពិសេសចំពោះ “មន្រ្តីបរទេស, ភ្ញៀវផ្លូវការ និងបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ”។ បុគ្គលណាដែលប្រព្រឹត្តអំពើ “ហិង្សា (Assault), វាយ (Strike), បង្ករបួសស្នាម (Wound), ឃុំឃាំង (Imprisoned) ឬបង្កហិង្សា (Offer Violence)” ចំពោះមន្រ្តីបរទេស, ភ្ញៀវផ្លូវការ និងបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ អាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់ ឬត្រូវទទួលទោសទាំងពីរនេះរួមគ្នា ទាំងទោសពិន័យ ទាំងទោសដាក់ពន្ធនាគារ។ ប្រសិនបើទង្វើនៃការគប់ស្បែកជើង (ប៉ុន្តែ គប់មិនត្រូវ) មិនទាន់គ្រប់គ្រាន់សម្រាប់ការផ្តន្ទាទោសពីបទអំពើហិង្សាក៏ដោយចុះ ក៏តុលាការនៅតែសម្រេចថា ជននោះអាចនឹងមានទោសពីបទបំពានចំពោះមន្រ្តីបរទេស ឬរំខានមិនឲ្យមន្រ្តីនោះបំពេញការងាររបស់ខ្លួនបានដែរ ដែលបទល្មើសនេះអាចត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារមិនលើសពី ៦ខែ ឬពិន័យជាប្រាក់។
ផ្ទុយទៅវិញ ប្រសិនបើតុលាការចាត់ទុកថា ការគប់ស្បែកជើងទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក, អនុប្រធានាធិបតី ឬបុគ្គលដែលបានឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងទឹកដីសហរដ្ឋអាមេរិក គឺជា “អំពើហិង្សា (Assault)” នោះបុគ្គលដែលប្រព្រឹត្ត អាចនឹងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ហើយប្រសិនជាតុលាការសម្រេចថា ទង្វើនេះ គឺត្រឹមជាការគំរាមកំហែង (Threat) នោះក៏អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារដល់ ៥ឆ្នាំផងដែរ។
ការផ្តល់ការការពារពិសេស ទៅកាន់មន្រ្តីបរទេសមិនមែនជាទស្សនទានថ្មី ឬជារឿងថ្មីទេ ហើយក៏មិនមែនមានតែនៅសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ាក់ប៉ុណ្ណោះដែរ ប៉ុន្តែក៏មាននៅប្រទេសបារាំង និងប្រទេសស្វីសផងដែរ។ នេះបើយោងតាមការផ្សព្វផ្សាយ របស់ទស្សនាវដ្តី Slate ចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០០៨ និងអត្ថបទព័ត៌មានមួយចំនួន ដែលមានការពាក់ព័ន្ធ។
ករណីទី២- ប្រធានាធិបតី Emmanuel Macron ត្រូវបានជនម្នាក់ទះកំផ្លៀង៖

ហេតុការណ៍នេះ បានកើតឡើង នៅទីក្រុង Valence ភាគខាងត្បូង នៃប្រទេសបារាំង, លោកប្រធានាធិបតី Emmanuel Macron ត្រូវបានបុរសម្នាក់ឈ្មោះ Damien Tarel ទះកំផ្លៀង នៅពេលដែលលោកប្រធានាធិបតី កំពុងដើររាក់ទាក់សាធារណជន នៅទីសាធារណៈនៅក្រុង Tain-l’Hermitage កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១។ នៅក្នុងសំណុំរឿងនេះ ឈ្មោះ Tarel ត្រូវបានផ្តន្ទាទោសពីបទប្រើហិង្សាលើបុគ្គលសាធារណៈ ឲ្យជាប់ពន្ធនាគាររយៈពេល ៤ខែ និងព្យួរទោសរយៈពេល ១៤ខែ ហើយជនល្មើសត្រូវបានហាមឃាត់ មិនឲ្យកាន់មុខតំណែងនៅក្នុងមុខងារសាធារណៈ និងកាន់កាប់អាវុធរយៈពេល ៥ឆ្នាំ។ យោងតាមច្បាប់បារាំង, បទហិង្សាលើបុគ្គលសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន 45.000 អ៊ឺរ៉ូ (54.000 ដុល្លារអាមេរិក)។
នេះបើយោងតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន The Guardians ចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១។
សម្រាប់ទិដ្ឋភាពច្បាប់ព្រហ្មទណ្ឌកម្ពុជាវិញ ប្រសិនបើប្រមុខរដ្ឋបរទេស ឬប្រមុខរដ្ឋាភិបាលបរទេស ឬបុគ្គលផ្សេងទៀត ដែលត្រូវបានការពារជាអន្តរជាតិ ហើយបានរងនូវការបំពាន ដូចករណីខាងលើ តើជនល្មើសត្រូវមានទោស ដូចម្តេចខ្លះ? យោងតាមច្បាប់កម្ពុជា ការប្រព្រឹត្តបទល្មើសបំពានលើបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ ត្រូវបានផ្តន្តាទោសធ្ងន់ធ្ងរ នៅក្នុងច្បាប់ ស្តីពី ការប្រឆាំងនឹងអំពើភេរវកម្ម ដែលត្រូវបានប្រកាសឲ្យប្រើ ដោយព្រះរាជក្រមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០០៧ ជាពិសេស ក្នុងជំពូកទី ៤ ចាប់ពីមាត្រា ២៩ ដល់មាត្រា ៣៤។ ទាក់ទងនឹងករណីខាងលើ លោកបានដកស្រង់យកមាត្រាខ្លះ ដែលអាចត្រូវបានយកទៅអនុវត្ត ចំពោះអង្គហេតុប្រហាក់ប្រហែលខាងលើ ដើម្បីបញ្ជាក់ជូនសាធារជនដូចតទៅ៖
ទី១- មាត្រា ៣០ ចំណុចទី ២ នៃច្បាប់ ស្តីពី ការប្រឆាំងនឹងអំពើភេរវកម្ម ៖
បុគ្គលដែលប្រព្រឹត្តអំពើហិង្សា ដោយចេតនាលើបុគ្គល ដែលត្រូវបានការពារជាអន្តរជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ដល់ ១៥ឆ្នាំ។ ក្នុងករណីដែលមានស្ថានទម្ងន់ទោស ដោយសារអំពើហិង្សានេះ បានបណ្តាលឲ្យជនរងគ្រោះទទួលមរណភាព ដោយជនល្មើសពុំមានចេតនានឹងធ្វើឲ្យស្លាប់, ជនល្មើសនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ដល់ ១៥ឆ្នាំ។
ទី២- មាត្រា ៣៣ នៃច្បាប់ ស្តីពី ការប្រឆាំងនឹងអំពើភេរវកម្ម ចែងថាបុគ្គលដែលគំរាមកំហែងប្រព្រឹត្តបទល្មើសលើបុគ្គល ដែលត្រូវបានការពារជាអន្តរជាតិ ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ