ព័ត៌មានជាតិ
សហរដ្ឋអាមេរិក ស៊ើបអង្កេតករណី គប់ស្បែកជើងសំដៅ សម្ដេចតេជោ ហ៊ុន សែន ពីសប្ដាហ៍មុន
មន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រាប់ថា សហរដ្ឋអាមេរិក បើកការស៊ើបអង្កេតលើករណីគប់ស្បែកជើងសំដៅ សម្ដេចតេជោ ហ៊ុន សែន ខណៈសម្ដេចតេជោ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នៅសប្ដាហ៍មុន។
លោក Chad Roedemeier មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់ “កម្ពុជាថ្មី” តាមរយៈសារអេឡិចត្រូនិច (Email) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់លើសុវត្ថិភាព និងសន្តិសុខរបស់មន្ត្រីការទូតទាំងអស់ និងឥស្សរជនដែលមកទស្សនាយ៉ាងយកចិត្តទុកដាក់។
មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជារូបនេះ លើកឡើងថា ទាក់ទងនឹងឧប្បត្តិហេតុជាក់លាក់នៅថ្ងៃទី ១១ ខែឧសភា សមត្ថកិច្ចសហរដ្ឋអាមេរិកមានការស៊ើបអង្កេតលើបញ្ហានេះ។ ការស៊ើបអង្កេតនេះនឹងមានភាពហ្មត់ចត់ និងពេញលេញស្របតាមច្បាប់របស់សហរដ្ឋអាមេរិក។
លោក Chad Roedemeier បញ្ជាក់បន្ថែមថា កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន បានរំលឹកខួប ៤៥ឆ្នាំនៃទំនាក់ទំនង និងបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះភាពជាកណ្តាលរបស់អាស៊ាន ក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាប្រឈមដ៏លំបាកបំផុតនៅក្នុងតំបន់។
គួរបញ្ជាក់ថា លោក Chad Roedemeier មិនបានឆ្លើយតបនឹងសំណួររបស់ “កម្ពុជាថ្មី” អំពី ថាតើទង្វើគប់ស្បែកជើងនោះជាសិទ្ធិបញ្ចេញមតិ ឬហិង្សា? និង តើបុរសនោះនឹងមានទោស ឬទេ ហើយទោសកម្រិតណា? នោះទេ។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ថ្ងៃទី១២ ខែឧសភា ម៉ោងនៅកម្ពុជា) ហើយខណៈពេលសម្ដេចបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅប្រទេសកាណាដា និងសហរដ្ឋអាមេរិកប្រមាណជាង ២០០០នាក់ ស្រាប់តែមានបុគ្គលម្នាក់បានយកស្បែកជើងគប់ទៅលើសម្ដេចតេជោ តែមិនបានប៉ះសម្ដេចនោះទេ ដោយហោះចំនឹងទូរសព្ទ របស់អ្នកគាំទ្រម្នាក់។
បុគ្គលនោះ ត្រូវបានក្រុមសន្តិសុខជម្លៀសចេញពីទីតាំងកើតហេតុ ដោយមិនមានការចាប់ខ្លួនឡើយ។ បុគ្គលនេះត្រូវបានគេស្គាល់ថា មានឈ្មោះ អ៊ុក ទូច ជាពលរដ្ឋខ្មែរអាមេរិកកាំង អាយុ ៧១ឆ្នាំ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី លោក អ៊ុក ទូច បានបញ្ជាក់ថា លោកមានបំណងគប់ស្បែកជើងលើសម្តេចតេជោ តាំងពីនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយតាមរយៈការបន្លំខ្លួនជាអ្នកគាំទ្រ។
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអ្នកគាំទ្រស្ងប់ស្ងាត់ និងកុំតបតដោយហិង្សា។ សម្ដេចតេជោ បានគូសបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា នឹងមិនធ្វើកំណត់ទូតណាមួយ ដែលទាមទារឱ្យសហរដ្ឋអាមេរិក ចាត់វិធានការផ្លូវច្បាប់លើបុរសនោះនោះទេ ប៉ុន្តែវាអាស្រ័យលើការសម្រេច និងច្បាប់របស់សហរដ្ឋអាមេរិក។ សម្ដេចបានលើកសំណួរថា៖ “តើសហរដ្ឋអាមេរិកចាត់ទុកថានេះជាសិទ្ធិបញ្ចេញមតិ ឬអំពើហិង្សា? ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកទង្វើបែបនេះជាផ្នែកនៃសេរីភាពនៃការបញ្ចេញមតិ វាអាចរីករាលដាលដល់ប្រទេសផ្សេងទៀត រួមទាំងប្រទេសកម្ពុជាផងដែរ។ នេះមិនមែនជាការគំរាមកំហែងទេ ប៉ុន្តែគ្រាន់តែជាការវិភាគប៉ុណ្ណោះ”៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ