ព័ត៌មានជាតិ
កម្ពុជាផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មី ដល់ដំរី Kaavan
ដំរីឈ្មោះខាវ៉ាន់ ដែលជាដំរីដ៏ឯកោបំផុតនៅលើលោក ទីបំផុតលែងឯកោទៀតហើយ ក្រោយពេលត្រូវបានបញ្ជូនពី ប្រទេសប៉ាគីស្ថានឱ្យមករស់នៅក្នុងដែនជម្រកសត្វព្រៃនៃប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០មក នេះបើតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននារសៀល ថ្ងៃទី១៨ ខែធ្នូ នេះ។
បើតាមលោក នេត្រ ភក្ត្រា រហូតមកទល់នឹងថ្ងៃទី១៨ ខែធ្នូនេះ ដំរីខាវ៉ាន់បានផ្តើមជីវិតថ្មី និងក្តីសង្ឃឹមថ្មីរបស់ខ្លួននៅក្នុងជម្រកថ្មី ដែលប្រទេសកម្ពុជាបានផ្តល់ជូនរយៈពេល១៨ថ្ងៃមកហើយ ហើយដំរីខាវ៉ាន់ក៏បានបន្ស៊ាំខ្លួនបានយ៉ាងល្អនឹងបរិស្ថានថ្មី ហើយជាងនេះ គឺការធ្វើទំនាក់ទំនងជាប្រចាំជាមួយដំរីញីទាំង៣ក្បាល។ លោកបន្តថា កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។ ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ៣៥ ឆ្នាំ ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយ នៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិ នៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីពេលនេះតទៅ ដំរីខាវ៉ាន់នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាននិងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)។ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះក្រុមអ្នកអភិរក្សសត្វព្រៃអន្តរជាតិ ក៏ដូចជាអ្នកចម្រៀងដ៏ល្បីស័រ (Cher) រួមនឹងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS) និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលបានខិតខំជួយជ្រោមជ្រែង ដើម្បីអាចឲ្យដំរីអាស៊ីដ៏ឯកោមួយក្បាលនេះមានសេរីភាព និងរស់នៅក្នុងព្រៃធម្មជាតិ។
លោក នេត្រ ភក្ត្រា អះអាងថា ផ្ទះថ្មីរបស់ដំរីខាវ៉ាន់នៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលជាតំបន់ការពារធម្មជាតិ មួយក្នុងចំណោមតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំង៦៨ កន្លែងរបស់ប្រទេសកម្ពុជា។ កម្ពុជាដែលត្រូវបានទទួលស្គាល់ដោយពិភពលោកថា សម្បូណ៌ដោយជីវចម្រុះជាច្រើន ក្នុងនោះប្រភេទសត្វកម្រជិតផុតពូជបំផុត ជិតផុតពូជ និងប្រភេទសត្វ ដែលទទួលការគំរាមកំហែង គឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ដំរីខាវ៉ាន់ គឺជាប្រភេទដំរីអាស៊ី ដែលជាប្រភេទរងការគំរាមកំហែង ហើយកម្ពុជាមានប្រភេទដំរីអាស៊ីនេះចន្លោះពី៤០០ ទៅ៦០០ក្បាលដែលកំពុងតែរស់ នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិរបស់កម្ពុជាក្នុងខេត្តរតនគិរីនិងមណ្ឌលគិរី និងនោក្នុងតំបន់ ជួរភ្នំក្រវ៉ាញ។ កម្ពុជាមានដំរីស្រុកប្រមាណជាង៧០ ក្បាលផងដែរ។ សត្វដំរីអាស៊ីឈ្មោះខាវ៉ាន់នេះ នឹងត្រូវយកទៅចិញ្ចឹមក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុក ដើម្បីបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត ជៀសវាងការបង្កាត់ជាន់ពូជ បង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ជំរុញក្នុងវិស័យទេសចរណ៍ធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយវិធានការអនុវត្តច្បាប់ដ៏តឹងរ៉ឹងរបស់សមត្ថកិច្ច និងការខិតខំប្រឹងប្រែងការពារនិងអភិរក្ស របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរយៈពេលជាង១០ ឆ្នាំចុងក្រោយនេះ លោក នេត្រ ភក្ត្រា អះអាងថា កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុក និងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែគ្មាន។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានខិតខំរៀបចំផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ី ក្នុងនោះ “ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG)” ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាព និងជំរុញឲ្យមានកំណើនចំនួនប្រភេទនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បី អភិរក្សសត្វដំរីអាស៊ីឲ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន៦ ក្នុងនោះរួមមាន ១, ការកាត់បន្ថយការបាត់បង់ទីជម្រក ២, អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣, ពង្រឹងការអនុវត្តច្បាប់ ៤, បង្ការមិនឲ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥, បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស ៦, អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
យោងតាមការប៉ាន់ស្មាន ផែនការសកម្មភាពរយៈពេល១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន៤០,៥លានដុល្លារសហរដ្ឋអាមេរិក ដែលគម្រោងនេះរំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម១៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង